តើជនជាតិអ្វី នឹងក្លាយជាអ្នកខ្លាំងរត់ចម្ងាយ ១០០គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ UTA ស្អែកនេះ?

23-01-2026 11:43

(ភ្នំពេញ)៖ ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ Ultra Trail Angkor(UTA) លើកទី៩ នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ស្អែកនេះ នៅតំបន់ឧទ្យានអង្គរ លើវិញ្ញាសាចំនួន៦ រួមមានរត់ចម្ងាយ ៨គីឡូម៉ែត្រ, ១៨គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ និងរត់ចម្ងាយ ១០០គីឡូម៉ែត្រ។ ចាំមើលតើកីឡាករ-កីឡាការិនីជនជាតិអ្វី នឹងគ្រងជើងឯកវិញ្ញាសារត់ចម្ងាយឆ្ងាយជាងគេលើទឹកដីអច្ឆរិយអង្គរនេះ?

ព្រឹត្តិការណ៍កីឡារត់ប្រណាំងបែបផ្សងព្រេងនេះ រៀបចំឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយ និងអភិវឌ្ឍចលនាកីឡា ជំរុញ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកកម្ពស់បរិស្ថានតំបន់បេតិកភណ្ឌ ជំរុញទាក់ទាញភ្ញៀវទេសចរ និងគាំទ្រគម្រោងមនុស្សធម៌ ក្រោមកិច្ចសហការរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រុមហ៊ុន Phonenix Voyages ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាល។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបញ្ជាក់ថា ក្រោយបង្កើតឡើងដំបូងនៅឆ្នាំ២០១៦ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមច្រើនឡើងៗជារៀងរាល់ឆ្នាំ ជាក់ស្ដែងខួបលើកទី៩ នៃទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ នាចុងសប្ដាហ៍នេះ ទោះបីស្ថិតក្នុងកាលៈទេសៈលំបាកនៃបញ្ហាព្រំដែន តែអត្តពលិកជាតិ-អន្ដរជាតិ បានចុះឈ្មោះចូលរួម ដោយបច្ចុប្បន្បអ្នកចូលរួមប្រមាណ ១,៧០០នាក់ ប្រហាក់ប្រហែលកាលពីឆ្នាំមុន។

តួរលេខនេះបានបង្ហាញពីសន្ទុះល្អ នៃអ្នកចូលរួមបើធៀបកាលពីឆ្នាំ២០២៥ ពិសេសកំណើនអត្តពលិកជាតិ-អន្ដរជាតិ ដែលបានចូលរួមរត់ចម្ងាយ ១០០គីឡូម៉ែត្រ សបញ្ជាក់ឲ្យឃើញពីភាពរីកចម្រើន និងភាពរឹងមាំផ្នែកសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ចំពោះកីឡាករ-កីឡាការិនីចូលរួមច្រើនជាងគេ គឺមានអត្តពលិកកម្ពុជាជាង ៥០០នាក់ និងបារាំងជាង ៥០០នាក់ ក្រៅពីនោះ មានអ្នករត់មកពីប្រទេសជាច្រើនទៀត ដូចជាមកពីអឺរ៉ុប អាមេរិក អង់គ្លេស ជប៉ុន និងចិនជាដើម។

សម្រាប់ខួបលើកទី៩ នៃទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ នាព្រឹកថ្ងៃសៅរ៍ស្អែកនេះ គ្រោងនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធាន NOCC។ កាលពីឆ្នាំ២០២៥ សម្រាប់វិញ្ញាសាឆ្ងាយជាងគេ ១០០គីឡូម៉ែត្រ ចំណាត់ថ្នាក់លេខ១ ផ្នែកបុរស បានទៅកីឡាកររុស្ស៊ី Bloshenko Evgeny ប្រើថិរវេលា ៩ម៉ោង ២៣នាទី និង ៣៦វិនាទី និងផ្នែកនារី បានទៅកីឡាការិនីឆេកូស្លូវ៉ាគី Skrbkova Alena ប្រើថិរវេលា ១៤ម៉ោង ៥១នាទី និង ៣៤វិនាទី ខណៈវិញ្ញាសារត់ចម្ងាយ ១០០គីឡូម៉ែត្រវ័យចំណាស់ លេខ១ បានមកកីឡាករកម្ពុជា គីម សារឿន ប្រើថិរវេលា ១៣ម៉ោង ១២នាទី និង ៥៧វិនាទី៕