Amazon ត្រៀមបញ្ឈប់បុគ្គលិកការិយាល័យរាប់ម៉ឺននាក់ទៀត ដើម្បីលុបបំបាត់ភាពសាំញ៉ាំក្នុងក្រុមហ៊ុន
23-01-2026 12:30
(បរទេស)៖ ក្រុមហ៊ុនយក្ស Amazon ត្រូវបានរាយការណ៍ថា នឹងចាប់ផ្ដើមយុទ្ធនាការកាត់បន្ថយបុគ្គលិកការិយាល័យរាប់ពាន់នាក់បន្ថែមទៀតនៅសប្តាហ៍ក្រោយ ដែលជាផ្នែកនៃផែនការធំក្នុងការជម្រុះបុគ្គលិកសរុបឱ្យបាន ៣០,០០០ នាក់។ ការកាត់បន្ថយនេះនឹងប៉ះពាល់ចំៗទៅលើផ្នែកសំខាន់ៗដូចជា ប្រព័ន្ធ Cloud (AWS), ផ្នែកលក់រាយ និង Prime Video ជាដើម ដែលស្មើនឹងប្រមាណ ១០% នៃកម្លាំងពលកម្មផ្នែកការិយាល័យសរុបរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។
មូលហេតុចម្បងមួយដែលត្រូវបានលើកយកមកបង្ហាញ គឺឥទ្ធិពលនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងចូលមកជំនួសកិច្ចការប្រចាំថ្ងៃ និងជួយឱ្យក្រុមហ៊ុនដំណើរការបានលឿនជាងមុន។ នៅក្នុងលិខិតផ្ទៃក្នុងមួយ Amazon បានលើកឡើងថា៖ «AI ជំនាន់នេះគឺជាបច្ចេកវិទ្យាដែលមានឥទ្ធិពលបំផុតចាប់តាំងពីមានអ៊ីនធឺណិតមក វាអនុញ្ញាតឱ្យក្រុមហ៊ុនបង្កើតអ្វីថ្មីៗបានលឿនជាងមុនឆ្ងាយណាស់»។ ការប្រើ AI មកជំនួសកម្លាំងមនុស្ស ត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រថ្មីដើម្បីកាត់បន្ថយចំណាយ និងបង្កើនភាពច្នៃប្រឌិត។
ទោះជាយ៉ាងណា លោក Andy Jassy អគ្គនាយកប្រតិបត្តិ (CEO) របស់ Amazon បានពន្យល់ថា ការសម្រេចចិត្តនេះក៏ដើម្បីដោះស្រាយបញ្ហា "វប្បធម៌ស្មុគស្មាញ" ក្នុងក្រុមហ៊ុនផងដែរ។ លោកបានកត់សម្គាល់ថា ក្រុមហ៊ុនបច្ចុប្បន្នមានជាន់ថ្នាក់គ្រប់គ្រងច្រើនជាន់ពេក ដែលធ្វើឱ្យការងារយឺតយ៉ាវ ដោយលោកបានសង្កត់ធ្ងន់ថា៖ «អ្នកនឹងបញ្ចប់ដោយការមានមនុស្សច្រើនជាងមុន ហើយក៏មានជាន់ថ្នាក់គ្រប់គ្រងច្រើនពេកដែរ»។ ដូច្នេះ ការជម្រុះបុគ្គលិកនេះ គឺជាការវះកាត់រចនាសម្ព័ន្ធរដ្ឋបាលដែលសាំញ៉ាំចេញ។
គួរបញ្ជាក់ថា នេះគឺជាការបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ ៣០ ឆ្នាំរបស់ Amazon។ ខណៈដែលពិភពលោកកំពុងឈានចូលសម័យកាល AI ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយនេះ កំពុងបង្ហាញឱ្យឃើញថា ការមានបុគ្គលិកច្រើនមិនមែនជាចំណុចខ្លាំងទៀតឡើយ ប៉ុន្តែភាពរហ័សរហួន និងប្រសិទ្ធភាពបច្ចេកវិទ្យាទៅវិញទេ ដែលជាគន្លឹះនៃជោគជ័យ៕









