Apple ប្ដឹងតវ៉ាមិនឱ្យឥណ្ឌាឆែកបញ្ជីលុយកាក់សកល ខ្លាចរងពិន័យរាប់សិបពាន់លានដុល្លារ
23-01-2026 16:32
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងស្ថិតក្នុងជម្លោះផ្លូវច្បាប់យ៉ាងក្ដៅគគុកជាមួយស្ថាប័នប្រឆាំងការផ្ដាច់មុខរបស់ឥណ្ឌា (CCI) ដោយបានស្នើឱ្យតុលាការជាន់ខ្ពស់ក្រុងដេលី បញ្ឈប់ស្ថាប័ននេះមិនឱ្យលូកដៃពិនិត្យមើលរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួននៅទូទាំងពិភពលោក។ ការប្រឈមមុខដាក់គ្នានេះ កើតឡើងបន្ទាប់ពី Apple ត្រូវបានចោទប្រកាន់ថា បានរំលោភបំពានអំណាចទីផ្សារតាមរយៈគោលការណ៍ហាងកម្មវិធី App Store របស់ខ្លួន ដែលជាការចោទប្រកាន់មួយដែលក្រុមហ៊ុនបដិសេធដាច់អហង្ការ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។
ចំណុចសំខាន់ដែលធ្វើឱ្យ Apple ព្រួយបារម្ភបំផុតនោះគឺ «ការផាកពិន័យ»។ យោងតាមសារព័ត៌មាន Reuters ក្រុមហ៊ុន Apple បានបង្ហាញក្ដីបារម្ភថា ខ្លួនអាចនឹងត្រូវរងការ «ពិន័យជាប្រាក់រហូតដល់ ៣៨ ពាន់លានដុល្លារ» ប្រសិនបើស្ថាប័នឃ្លាំមើលឥណ្ឌា ប្រើប្រាស់វិធីសាស្ត្រគណនាពិន័យផ្អែកលើចំណូលសរុបពីគ្រប់ប្រទេសទាំងអស់។ Apple បានអះអាងថា ការបង្ខំឱ្យខ្លួនផ្តល់ទិន្នន័យហិរញ្ញវត្ថុនៅពេលនេះ គឺជារឿងមិនយុត្តិធម៌ ខណៈដែលក្រុមហ៊ុនកំពុងតែប្ដឹងតវ៉ាប្រឆាំងនឹងសុពលភាពនៃច្បាប់ពិន័យថ្មីឆ្នាំ ២០២៤ របស់ឥណ្ឌានៅឡើយ។
ជាការឆ្លើយតប ខាងស្ថាប័ន CCI បានចេញមុខការពារចំណាត់ការរបស់ខ្លួន ដោយលើកឡើងថា ច្បាប់នេះគឺ «ចាំបាច់ដើម្បីទប់ស្កាត់ការបំពានច្បាប់ពីសំណាក់ក្រុមហ៊ុនពហុជាតិ» ធំៗ។ ការសម្រេចចិត្តចុងក្រោយថាតើការស៊ើបអង្កេតនេះត្រូវបន្ត ឬផ្អាកជាបណ្ដោះអាសន្នតាមសំណើរបស់ Apple នឹងត្រូវធ្វើឡើងនៅក្នុងសវនាការរបស់តុលាការជាន់ខ្ពស់ក្រុងដេលី ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែមករា ខាងមុខនេះ៕










