ឌូបៃ គ្រោងធ្វើទីក្រុង «Mercedes-Benz» ដំបូងគេបង្អស់លើពិភពលោក ដែលមានទំហំជាង ៩២ម៉ឺនម៉ែត្រការ៉េ

24-01-2026 08:21

(បរទេស)៖ ឌូបៃ បានប្រកាសគម្រោងថ្មីមួយ ដើម្បីសាងសង់ទីក្រុងដំបូងបង្អស់លើពិភពលោកដែលមានឈ្មោះទីក្រុង «Mercedes-Benz»។ គម្រោងនេះរួមបញ្ចូលការរស់នៅបែបប្រណិត ជាមួយការរចនាអនាគត និងបច្ចេកវិទ្យាទំនើប ដើម្បីបង្កើតបទពិសោធន៍រស់នៅថ្មីសម្រាប់មនុស្សសម័យថ្មី។

ទីក្រុងនេះ នឹងមានអគារដែលគិតគូរពីបរិស្ថាន ប្រព័ន្ធដឹកជញ្ជូនដោយស្វ័យប្រវត្តិ (គ្មានអ្នកបើកបរ) និងបច្ចេកវិទ្យាឌីជីថលទំនើប ដែលបានបំផុសគំនិតពីការរចនារថយន្ត Mercedes-Benz។ អ្នករស់នៅអាចរីករាយនឹងការតភ្ជាប់អ៊ីនធឺណិតងាយស្រួល តំបន់បៃតង និងសេវាកម្មប្រណិតជាច្រើន។ ក្រៅពីនេះ ក៏មានផងដែរ នូវ showroom រថយន្ត មជ្ឈមណ្ឌលនវានុវត្តន៍ និងហាងទំនិញបែបរស់នៅសម័យថ្មី។

គួរជម្រាបថា គម្រោងនេះត្រូវបានមើលឃើញថាជានិមិត្តរូបនៃចក្ខុវិស័យឌូបៃ ក្នុងការអភិវឌ្ឍទីក្រុងឆ្លាតវៃ។ វាបង្ហាញពីការសហការរវាងការរៀបចំទីក្រុង និងម៉ាករថយន្តល្បីល្បាញលើពិភពលោក ហើយក៏ទាក់ទាញការចាប់អារម្មណ៍ពីវិនិយោគិន អ្នករចនា និងអ្នកចូលចិត្តបច្ចេកវិទ្យាពីទូទាំងពិភពលោកផងដែរ៕