ជំនួបជក់ចិត្ត! U23 ចិន ប៉ះ U23 ជប៉ុន ម៉ោង ១០យប់នេះ ដើម្បីប្រជែងជើងឯកពានប្រចាំទ្វីបអាស៊ី

24-01-2026 09:53

(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំចិន (Under 23) នឹងត្រូវប្រជែងពានជើងឯកប្រចាំទ្វីបអាស៊ី AFC U23 Asian Cup 2026 ទល់នឹង U23 ជប៉ុននារាត្រីម៉ោង ១០យប់ថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០២៦។

ការប្រកួតនេះដែរនឹងធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីក្រុម U23 វៀតណាមបានផ្តួល U23 កូរ៉េខាងត្បូង ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ៧-៦។

លោក Antonio Puche គ្រូបង្វឹក U23 ចិនបានថ្លែងក្នុងសន្និសីទកាលពីថ្ងៃសុក្រ មុនការប្រកួតមកដល់ថា «ចិននឹងធ្វើរឿងអស្ចារ្យនៅថ្ងៃផ្តាច់ព្រ័ត្រទល់នឹងជើងខ្លាំងសាម៉ូរៃជប៉ុន»

ក្រុមយុវជននៃប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ២ លើលោកមួយនេះ បានសាងកំណត់ត្រាថ្មី តាមរយៈឈានមកដល់វគ្គផ្តាច់ព្រ័ត្រ U23 Asian Cup ជាលើកដំបូង ក្រោយបំបាក់គូប្រជែងវៀតណាម ៣-០ កាលពីថ្ងៃអង្គារ ក្នុងវគ្គពាក់ ៤ក្រុមនៅឯទីក្រុង Jeddah។

ឆ្លងតាមជ័យជម្នះ ៣-០ មិនឱ្យវៀតណាមតដៃរួចនោះដែរ ក៏ជាកំណត់ត្រាថ្មីរបស់ចិនផងដែរ គិតចាប់តាំងឆ្នាំ២០០៤ ដែលបានឡើងដល់វគ្គជ្រៅបែបនេះម្តងទៀត។

ទន្ទឹមគ្នានោះដែរ ខ្សែការពារ Hu Hetao របស់ចិនក៏បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «ការប្រឈមមុខនឹងក្រុមខ្លាំងលំដាប់លេខ១ នៅអាស៊ី គឺជប៉ុននោះ វាពិតជាលំបាក ក៏ប៉ុន្តែពួកយើងនឹងមិនបោះបង់ឡើយ។ ពួកយើងសង្ឃឹមថា នឹងបង្កើតសករាជថ្មីនៃប្រវត្តិសាស្រ្ត»

U23 ចិន បានលេងក្នុងកម្មវិធី AFC U23 Asian Cup 2026 គឺជាក្រុមដែលមានចំណាត់ថ្នាក់ទាបជាងគេ ក្នុងចំណោម ១៦ក្រុម និងធ្វើបាន clean sheet ១លើកទៀតផង ក្នុងដំណើរឆ្លងមកដល់ផ្តាច់ព្រ័ត្រដែលត្រូវប៉ះជប៉ុន ម្ចាស់ការពារជើងឯកផងនោះ៕