បុរី មេគង្គ លែន (Borey Mekong Land) ចាប់ដៃជាមួយធនាគារ «Bank of China» ជួយអតិថិជនសម្រេចក្ដីស្រមៃក្លាយជាម្ចាស់ផ្ទះ

24-01-2026 15:23

(ភ្នំពេញ)៖ បុរី មេគង្គ លែន (Borey Mekong Land) និង ធនាគារ ចិន (Bank of China) បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាផ្លូវការ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅទីតាំងគម្រោង «មេគង្គ ស៊ីធី» ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រក្នុងការ ផ្តល់ជូននូវសេវាកម្មឥណទានគេហដ្ឋានប្រកបដោយទំនុកចិត្ត និងអត្ថប្រយោជន៍ដ៏ពិសេសជូនដល់ប្រជាជនកម្ពុជា។ ពិធីចុះហត្ថលេខានេះត្រូវបានប្រារព្ធឡើង ក្រោមវត្តមានរបស់អ្នកស្រី ស្រ៊ុន គីមណាយ នាយកផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ នៃ បុរី មេគង្គ លែន និងលោក Yeung Kin Man អនុអគ្គនាយកប្រតិបត្តិនៃធនាគារ ចិន (Bank of China) ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ។

កិច្ចសហការនេះធ្វើឡើង ក្នុងគោលបំណងជួយឱ្យអតិថិជនសម្រេចក្តីស្រមៃ ក្នុងការធ្វើជាម្ចាស់គេហដ្ឋានផ្ទាល់ខ្លួន កាន់តែងាយស្រួលនិងមានប្រសិទ្ធភាព តាមរយៈការរួមបញ្ចូលគ្នារវាងការអភិវឌ្ឍលំនៅឋាន ប្រកបដោយគុណភាពរបស់ បុរី មេគង្គ លែន និងសេវាកម្មហិរញ្ញវត្ថុកម្រិតអន្តរជាតិរបស់ធនាគារ ចិន។ កញ្ចប់ឥណទានពិសេសសម្រាប់អតិថិជន បុរី មេគង្គ លែន តាមរយៈកិច្ចសហការនេះ ធនាគារ ចិន នឹងផ្តល់ជូននូវលក្ខខណ្ឌឥណទានដ៏ល្អប្រសើររួមមាន៖
* អត្រាការប្រាក់ទាបពិសេស ត្រឹមតែ ៦.២០% ក្នុងមួយឆ្នាំ
* រយៈពេលឥណទានវែងរហូតដល់ ២០ឆ្នាំ
* ទំហំឥណទានចាប់ពី ៣០,០០០ដុល្លារ ឡើងទៅ
* កម្រៃសេវាអនុម័តកម្ចីត្រឹមតែ ០.៥%
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ដ។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានោះ, លោកស្រី ស្រ៊ុន គីមណាយ បានមានប្រសាសន៍ថា «ការចុះហត្ថលេខានាថ្ងៃនេះ គឺជាសក្ខីភាពសបញ្ជាក់ពីចក្ខុវិស័យរួមដ៏ច្បាស់លាស់ ក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អបំផុតជូនដល់ប្រជាជនកម្ពុជា។ ភាពជាដៃគូនេះនឹងត្រួសត្រាយផ្លូវឱ្យអតិថិជនរបស់យើង ទទួលបានគេហដ្ឋានក្នុងក្តីស្រមៃប្រកបដោយគុណភាព រួមជាមួយលក្ខខណ្ឌហិរញ្ញវត្ថុដ៏ប្រសើរពី ធនាគារ ចិន»។

បុរី មេគង្គ លែន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន ដែលពោរពេញដោយបទពិសោធន៍ និងជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជា ក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាសិកបែបអឺរ៉ុប និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន ៣ គម្រោងដូចជា ១. «ឌឹ មេគង្គ រ៉ូយ៉ាល់» ជាគម្រោងគេហដ្ឋានម៉ូដក្លាសិកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A, ២. «ហ្គោលឌិន អាវិននូ» ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ ២០១១ និង ៣. «មេគង្គ ស៊ីធី» ជាគម្រោងគេហដ្ឋានម៉ូដក្លាសិកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A។

គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងពីក្រុមវិស្វករជំនាញរបស់បុរីដោយធានានូវគុណភាពសំណង់ ប្រណីតភាព សោភណភាពនៃរចនាបថស្ថាបត្យកម្ម សុវត្ថិភាពក៏ដូចជាផាសុកភាព នៃការស់នៅប្រចាំថ្ងៃរបស់អតិថិជន ដោយគម្រោងហ៊ុមព័ទ្ធទៅដោយធម្មជាតិបៃតងស្រស់ មានសួនច្បារពហុមុខងារធំៗ និងបរិវេណគម្រោងទាំងមូលត្រូវបានធានាសន្តិសុខ សុវត្ថិភាព ២៤ម៉ោងលើ២៤ម៉ោង។

គួរបញ្ជាក់ថា ធនាគារ ចិន (Bank of China) ត្រូវបានបង្កើតឡើងក្នុងប្រទេសកម្ពុជានៅឆ្នាំ ២០១០ ដោយសាខារាជធានីភ្នំពេញ គឺជាផ្នែកដ៏សំខាន់មួយនៃ គ្រុបធនាគារ ចិន (Bank of China Group) ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេលំដាប់សកល និងមានប្រវត្តិចូលរួមចំណែកក្នុងវិស័យនេះ អស់រយៈពេលជាងមួយសតវត្សរ៍មកហើយ។ ក្នុងនាមជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងពិភពលោក ធនាគារ ចិន ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ចំពោះបណ្តាញទំនាក់ទំនងអន្តរជាតិ និងឧត្តមភាពលេចធ្លោក្នុងប្រតិបត្តិការអាជីវកម្មជារូបិយបណ្ណយ័នចិន (RMB)។

នៅក្នុងប្រទេសកម្ពុជា សាខាធនាគារនេះកាន់កាប់អាជ្ញាបណ្ណធនាគារជាសកល (Universal Banking License) ហើយតែងតែជាប់ចំណាត់ថ្នាក់ក្នុងចំណោមធនាគារពាណិជ្ជកំពូលទាំង ១០ ក្នុងប្រទេស ផ្អែកលើទំហំទ្រព្យសកម្មសរុប និងប្រាក់បញ្ញើ។ ជាមួយនឹងការប្តេជ្ញាចិត្តលើការច្នៃប្រឌិត និងភាពល្អឥតខ្ចោះ ធនាគារ ចិន នៅតែបន្តផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយគុណភាពខ្ពស់ ដើម្បីជួយដល់សហគ្រាស និងគ្រួសារកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើន៕