ឡើងឆាកអន្តរជាតិទៀតហើយ! តារាចម្រៀង ខេមរៈ សិរីមន្ត ត្រៀមបញ្ចេញ MV ជាមួយតារាចម្រៀងអាមេរិក C-Tru ជម្រុញវិស័យចម្រៀងខ្មែរទៅកាន់ពិភពលោក
24-01-2026 15:51
(ភ្នំពេញ)៖ បើកទំព័រដើមឆ្នាំថ្មីតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ត្រៀមឡើងឆាកអន្តរជាតិជាថ្មីម្តងទៀតហើយ ដោយបានត្រៀមបញ្ចេញ MV ជាមួយនឹងអ្នកចម្រៀងលំដាប់អន្តរជាតិមួយរូប ដែលធ្លាប់ច្រៀងជាមួយស្ដេចរ៉េបរបស់អាមេរិក ក្នុងគោលបំណងដ៏អស្ចារ្យផ្សព្វផ្សាយវិស័យចម្រៀងរបស់ខ្មែរយើង ទៅកាន់ទីផ្សារពិភពលោកឱ្យបានទូលំទូលាយ។
កន្លងមកតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បាននាំបទចម្រៀងល្បីៗជាច្រើនរបស់ខ្លួនឡើង ទៅឆាកអន្តរជាតិរួចមកហើយ ថែមទាំងផ្ទុះការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស រហូតមានអ្នកគាំទ្រជាច្រើន បានសំណូមពរឱ្យរូបលោកបញ្ចេញនូវបទចម្រៀងបែបនោះ ទៅលើឆាកអន្តរជាតិឱ្យបានច្រើនថែមទៀត។
អ្វីដែលទស្សនិកជនទន្ទឹងរង់ចាំនោះ គឺបានមកដល់ហើយតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ទើបតែបង្ហើបប្រាប់អំពីដំណឹងល្អ ដែលរូបលោកបានចាប់ដៃគ្នាជាមួយតារាចម្រៀង អាមេរិក C-Tru ដែលធ្លាប់ច្រៀងរួមគ្នាជាមួយ Snoop dogg ស្តេចរ៉េបរបស់អាមេរិក បានផលិត MV ចម្រៀងថ្មីមួយរួចរាល់ហើយ រង់ចាំតែថ្ងៃល្អមកដល់ និងទម្លាក់នៅលើទីផ្សារជាតិ និងអន្តរជាតិ។
តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត នៅថ្ងៃទី ២៤ ខែមករា នេះបានបញ្ជាក់ច្បាស់ៗថា «ខ្ញុំបានច្រៀងរួមគ្នា និងថត MV រួចរាល់តាំងពីមុនសង្រ្គាមម្ល៉េះ ប៉ុន្តែបន្ទាប់ពីមានសង្រ្គាមយើងមិនអាចចេញលើទីផ្សារបានទេ តើពេលនេះពួកយើងខ្ញុំអាចចេញបទនេះនៅលើទីផ្សារជាតិ និងអន្តរជាតិបានដែរឬទេបងប្អូន? ព្រោះចេតនាពួកយើងចង់រួមចំណែកផ្សព្វផ្សាយ វិស័យចម្រៀងខ្មែរឱ្យបានទូលំទូលាយ ទៅកាន់ពិភពលោកតែប៉ុណ្ណោះ»។
ថ្វីដ្បិតតែបង្ហាញពីសមិទ្ធផលថ្មីរបស់ខ្លួន ជាមួយតារាចម្រៀងអាមេរិក C-Tru ក៏ពិតមែន ប៉ុន្តែតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត នៅពុំទាន់បង្ហាញប្រាប់ពីពេលវេលាច្បាស់លាស់នៅក្នុងការទំលាក់ MV ថ្មីរបស់ខ្លួននៅពេលណាមួយនៅឡើយទេ ដើម្បីទុក Surprise អ្នកគាំទ្រខ្លួន។ ទោះជាយ៉ាងនេះក្តីឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហើបប្រាប់អ្នកគាំទ្ររបស់ខ្លួនថា MV ចម្រៀងរបស់ខ្លួន និង C-Tru ចេញក្នុងពេលឆាប់ៗខាងមុខនេះ ...!៕










