មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ ចុះអនុស្សរណៈទទួលយក វ៉ាក់សាំងការពារមេរោគ HPV ផលិតនៅអាមេរិកនាំចូលដោយក្រុមហ៊ុន Mitosis Bioscience មានបញ្ជីកាច្បាស់លាស់
24-01-2026 17:57
(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរ «ខែនៃការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកមាត់ស្បូន Cervical Cancer Awareness Month» មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (Maxicare Children Hospital) និងក្រុមហ៊ុន មៃគូស៊ីសស៍ បៃអូសាយអេនស៍ ឯ.ក (Mitosis Bioscience) នៅថ្ងៃទី២៣ខែមករា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រក្នុងការផ្តល់សេវាចាក់វ៉ាក់សាំងការពារមេរោគ HPV ដែលមានគុណភាពខ្ពស់បំផុត (ស្តង់ដារសហរដ្ឋអាមេរិក) និងមានបញ្ជីការត្រឹមត្រូវពីក្រសួងសុខាភិបាល។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកវេជ្ជបណ្ឌិត វ៉ាន សុខជា នាយកប្រតិបត្តិនៃមន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ និងលោកវេជ្ជបណ្ឌិត នៅ តាំ សហស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុន Mitosis Bioscience ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យជំនាញនៃស្ថាប័នទាំងពីរ។
ស្ថានភាពជំងឺ និងសារៈសំខាន់នៃការបង្ការ យោងតាមរបាយការណ៍សកល (GLOBOCAN) ជំងឺមហារីកមាត់ស្បូន គឺជាឃាតករលាក់មុខទី២ ដែលសម្លាប់ស្ត្រីនៅកម្ពុជាច្រើនជាងគេ ដោយមានស្ត្រីប្រមាណ ៦៧០នាក់ ស្លាប់បាត់បង់ជីវិតជារៀងរាល់ឆ្នាំ។
លើសពីនេះ មេរោគ HPV ក៏ជាមូលហេតុបង្កឱ្យមានជំងឺមហារីកកាចសាហាវផ្សេងទៀត ដូចជាមហារីកបំពង់ក មហារីករន្ធគូថ និងជំងឺសេមាន់ ដែលកើតមានទាំងលើបុរស និងស្ត្រី។
លោកវេជ្ជបណ្ឌិត វ៉ាន សុខជា បានមានប្រសាសន៍ថា នៅមន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ យើងជឿជាក់ថា ការការពារគឺជាការថែទាំដ៏ល្អបំផុត។ កិច្ចសហការថ្ងៃនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តគាំទ្រដល់គោលដៅជាតិក្នុងការលុបបំបាត់ជំងឺមហារីកមាត់ស្បូននៅត្រឹមឆ្នាំ២០៦៣។ លោក បានបន្តថា «យើងចង់ធានាថា កុមារកម្ពុជាគ្រប់រូបទទួលបានវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់បំផុត» ។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត នៅ តាំ បានថ្លែងថា ដើម្បីចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលជំងឹមហារីក ដែលបង្កដោយមេរោគ HPV ក្រុមហ៊ុន បាននាំយកនូវផលិតផលប្រកបដោយស្ដង់ដារ និងគុណភាពខ្ពស់ពីសហរដ្ឋអាមេរិក ដើម្បីផ្ដល់ជូនអតិថិជន សំដៅដល់ការធានាប្រសិទ្ធភាពខ្ពស់ពីការឆ្លងមេរោគ HPV រហូតដល់ទៅ ៩៧%។
យ៉ាងណាមិញ ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភរបស់មាតាបិតាពាក់ព័ន្ធនឹងគុណភាពវ៉ាក់សាំង មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ បានអនុវត្តស្តង់ដារសុវត្ថិភាពយ៉ាងតឹងរ៉ឹង៖
ទី១៖ វ៉ាក់សាំងស្តង់ដារ USA៖ ប្រើប្រាស់វ៉ាក់សាំងផលិតនៅសហរដ្ឋអាមេរិក និងមានបញ្ជីកាពីក្រសួងសុខាភិបាល
ទី២៖ បច្ចេកវិទ្យាផ្ទៀងផ្ទាត់ MPAS៖ ជាលើកដំបូងដែលមាតាបិតាអាចត្រួតពិនិត្យប្រភពវ៉ាក់សាំងដោយខ្លួនឯង តាមរយៈការស្កេន QR Code លើ «តែមសុវត្ថិភាព» (Mitosis Pharmaceutical Authentication System) មុនពេលចាក់ ដើម្បីធានាថាជាវ៉ាក់សាំងសុទ្ធ ១០០%
ទី៣៖ Cold Chain៖ ការរក្សាទុកវ៉ាក់សាំងក្នុងទូត្រជាក់វេជ្ជសាស្ត្រស្តង់ដារអន្តរជាតិ ដើម្បីរក្សាប្រសិទ្ធភាពវ៉ាក់សាំងឱ្យនៅដដែល និង
ទី៤៖ បរិយាកាសកុមារ៖ ការផ្តល់សេវាធ្វើឡើងក្នុងបរិវេណដែលរៀបចំជាពិសេសសម្រាប់កុមារ ដើម្បីកាត់បន្ថយភាពភ័យខ្លាច។
ការណែនាំផ្នែកវេជ្ជសាស្ត្រ លោកវេជ្ជបណ្ឌិតបានផ្តល់អនុសាសន៍ថា ការចាក់វ៉ាក់សាំងមុនពេលកុមារពេញវ័យ (មុនមានការប៉ះពាល់មេរោគ) គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត។ កុមារអាយុចាប់ពី ៩ឆ្នាំ ដល់ ១៤ឆ្នាំ ត្រូវការចាក់ត្រឹមតែ ២ដូសប៉ុណ្ណោះ ខណៈអ្នកអាយុ ១៥ឆ្នាំឡើងទៅត្រូវការចាក់ ៣ដូស។ អាស្រ័យហេតុនេះ មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីយែរ បានអំពាវនាវដល់មាតាបិតាទាំងអស់ មេត្តានាំបុត្រធីតា (ទាំងកូនស្រី និងកូនប្រុស) មកទទួលការពិគ្រោះ និងចាក់វ៉ាក់សាំងឱ្យបានទាន់ពេលវេលា ដើម្បីអនាគតដ៏ភ្លឺស្វាង និងគ្មានជំងឺមហារីក។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ៖ ០៩២ ២៩៩ ៥៥៥/០៩៣ ២៩៤ ៥៥៥ ឬហ្វេកប៊ុក៖ Maxicare Children Hospital ដែលមានទីតាំងនៅអគារលេខ៤៩ ផ្លូវ៩៥ កែង៣៦៨ បឹងកេងកង៣៕



