ទេសរដ្ឋមន្ដ្រី ថោង ខុន៖ ព្រឹត្តិការណ៍ Angkor Ultra Trail បង្ហាញពីសៀមរាបអង្គរ នៅតែជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ និងសុវត្ថិភាពជានិច្ច
24-01-2026 21:33
(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) មានប្រសាសន៍ថា តាមរយៈព្រឹត្តិការណ៍រត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយអង្គរ (Angkor Ultra Trail) បានបង្ហាញថា ប្រទេសកម្ពុជា ពិសេសតំបន់សៀមរាបអង្គរ នៅតែជាតំបន់បេតិកភណ្ឌពិភពលោក និងជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ ប្រកបដោយសុខសុវត្ថិភាព និងទាក់ទាញបំផុត។
ការគូសបញ្ជាក់នេះ បន្ទាប់ពី លោកទេសរដ្ឋមន្ដ្រី បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់ជ័យលាភី នៃព្រឹត្តិការណ៍រត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយអង្គរ លើកទី៩ នៅល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ក្រោយវិញ្ញាសាទាំង ៦ បានចេញដំណើរជាបន្ដបន្ទាប់ កាលពីព្រឹកមិញ ពិសេសវិញ្ញាសារត់ចម្ងាយ ១០០គីឡូម៉ែត្រ និង ៦៤គីឡូម៉ែត្រ ដែលចេញដំណើរមុនគេ តាំងពីវេលាម៉ោង ៤ទៀបភ្លឺ នៅព្រះលានជល់ដំរី។
ក្នុងនាម NOCC និងគណៈកម្មការរៀបចំ លោកបណ្ឌិត ថោង ខុន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះថ្នាក់ដឹកនាំ និងតំណាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមសហការ និងគាំទ្រ ធ្វើឲ្យការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងបែបផ្សព្វព្រេងនេះ បានប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ពិសេសកីឡាករ-កីឡាការិនីជាតិ-អន្ដរជាតិ ដែលបានចូលរួម និងបានធ្វើដំណើរដល់ទីព្រ័ត្រដោយសុវត្ថិភាព។
ព្រឹត្តិការណ៍ Angkor Ultra Trail នេះ ត្រូវបានរៀបចំ ៩លើកមកហើយ ចាប់តាំងពីឆ្នាំ២០១៦ ជាមួយអត្តពលិកចូលរួមត្រឹមតែ ២៣២នាក់ប៉ុណ្ណោះ ក្រោមកិច្ចសហការរួមគ្នារវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមហ៊ុន Phoenix Voyages ដែលជាប្រតិបត្តិករទេសចរណ៍ដ៏ល្បីល្បាញលើពិភពលោក មានជំនាញ និងបទពិសោធន៍ខាងរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ និងទាក់ទាញទេសចរអន្តរជាតិ មកទស្សនាកម្ពុជា។
លោកបន្ដថា «សម្រាប់ខួបលើកទី៩ នៃព្រឹត្តិការណ៍ Angkor Ultra Trail ឆ្នាំនេះ មានអត្តពលិកចុះឈ្មោះសរុបចំនួន ១,៧៤០ នាក់ មកពី ៥៤ប្រទេស ដែលប្រទេសចូលរួមច្រើនជាងគេ រួមមាន៖ កម្ពុជា, បារាំង, ចក្រភពអង់គ្លេស, អាមេរិក និងវៀតណាម ។ ទាំងនេះបញ្ជាក់ឲ្យឃើញថា តំបន់សៀមរាបអង្គរ ដែលជាតំបន់បេតិកភណ្ឌពិភពលោក និងជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ គឺជាកន្លែងមានសុខសន្តិភាពពេញលេញ ពោពេញដោយភាពទាក់ទាញ ហើយខ្ញុំក៏សូមអរគុណដល់មិត្តភក្ដិកីឡាករទាំងអស់ ដែលបានជឿជាក់មកលើកម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយសុខសុវត្ថិភាព និងភាពទាក់ទាញ»។
តាមរយៈនេះ លោកបានបង្ហាញសុទិដ្ឋិនិយមថា «យើងសង្ឃឹមថា ឆ្នាំ២០២៧ ខាងមុខ ត្រូវនឹងខួបលើកទី១០ នៃព្រឹត្តិការណ៍នេះ នឹងមានអត្តពលិកចូលរួមកាន់តែច្រើនថែមទៀត ជាមួយគម្រោងអភិវឌ្ឍធំៗជាច្រើនរបស់រាជរដ្ឋាភិបាល ជាអាទិ៍ការអនុវត្ត “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥” ក្នុងទិសដៅជំរុញការអភិវឌ្ឍន៍តំបន់សៀមរាប-អង្គរ និងតំបន់ជុំវិញជាតំបន់ទេសចរណ៍បេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញមួយ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ ស្របតាមទស្សនាទាន “អភិរក្សដើម្បីអភិវឌ្ឍ អភិវឌ្ឍដើម្បីអភិរក្ស”»។
គួរដឹងថា ព្រឹត្តិការណ៍កីឡាទេសចរណ៍បែបផ្សងព្រេងខាងលើ រៀបចំឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយសៀមរាបអង្គរជាគោលដៅទេសចរណ៍អន្តរជាតិ, អភិវឌ្ឍចលនាកីឡា, ជំរុញ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, លើកកម្ពស់បរិស្ថានតំបន់បេតិកភណ្ឌ, ជំរុញទាក់ទាញភ្ញៀវទេសចរ និងគាំទ្រគម្រោងមនុស្សធម៌ ដែលជាព្រឹត្តិការណ៍ដ៏កម្រ និងអស្ចារ្យ ដោយអ្នកចូលរួមត្រូវរត់កាត់តាមព្រៃព្រឹក្សា តំបន់ជនបទ ភូមិឋានប្រជាពលរដ្ឋ និងរត់ឆ្លងកាត់តាមប្រាសាទបុរាណជាច្រើននៅ តំបន់ឧទ្យានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីដ៏អស្ចារ្យ និងល្បីល្បាញបំផុតលើពិភពលោក។ ចំពោះខួបលើកទី១០ នៃព្រឹត្តិការណ៍ Angkor Ultra Trail នេះ គ្រោងនឹងធ្វើឡើងនាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៧៕












