* ចំណេះដឹងទូទៅ៖ ខ្មែរដែលកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ អាចទៅប្រទេសណាខ្លះ ដោយមិនសុំទិដ្ឋាការ?
* CEO ថ្មី Apple ប្រឈមមុខនឹងការតេស្តលទ្ធផលហិរញ្ញវត្ថុដំបូង ចំពេលតម្លៃបន្ទះឈីបហក់ឡើង
* Binance ប្រឈមការដកប្រាក់ ៣,៦៤ ពាន់លានដុល្លារ ក្រោយរងការលួចទ្រព្យសកម្មដ៏ធំ
* កម្ពុជា ឈ្នះមេដាយ ៤៦គ្រឿងពីជើងឯកហែលទឹកពាក់ជើងទាអាស៊ីអាគ្នេយ៍ ជាលទ្ធផលដ៏ភ្ញាក់ផ្អើល និងមោទនភាព
* យល់ដឹងផ្នែកច្បាប់៖ បទលួចរត់

ការវិនិយោគ AI របស់ចិន កំពុងផ្លាស់ប្តូរពីហេដ្ឋារចនាសម្ព័ន្ធ ទៅកាន់កម្មវិធីដ៏ពេញនិយម

26-01-2026 10:09

(បរទេស)៖ ការវិនិយោគបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់ប្រទេសចិន កំពុងឆ្ពោះពីដំណាក់កាលសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូចជា cloud និងបន្ទះឈីប ទៅកាន់ដំណាក់កាល «ការអនុវត្តជាក់ស្តែង» ក្នុងអាជីវកម្ម និងជីវិតប្រចាំថ្ងៃ។ អ្នកវិភាគទីផ្សារហ៊ុនបានឲ្យដឹងថា វិនិយោគិនកំពុងផ្លាស់ប្តូរការចាប់អារម្មណ៍ទៅកាន់ក្រុមហ៊ុនដែលអាចយក AI មកប្រើប្រាស់បង្កើតផលិតផល និងសេវាកម្មពិតប្រាកដ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។

ក្រុមហ៊ុនធំៗរបស់ចិន ដូចជា Baidu, Alibaba និង Tencent កំពុងបញ្ចូល AI ទៅក្នុងសេវាស្វែងរក អាជីវកម្មអនឡាញ សេវាកម្មសហគ្រាស និងជំនួយការឌីជីថល។ ជាពិសេស Baidu បានពង្រីកការប្រើប្រាស់ AI Assistant របស់ខ្លួន ទៅក្នុងវិស័យធ្វើដំណើរ សុខភាព និងផែនទី ដែលបង្ហាញថា AI មិនមែនត្រឹមជាបច្ចេកវិទ្យាសាកល្បងទៀតទេ ប៉ុន្តែជាឧបករណ៍ដែលមានអ្នកប្រើប្រាស់ច្រើន។ នៅខាង Alibaba ឯណោះវិញ ក្រុមហ៊ុនកំពុងអភិវឌ្ឍម៉ូឌែលភាសាធំ (LLM) និងសេវា AI សម្រាប់អាជីវកម្ម ដើម្បីបង្កើនប្រសិទ្ធភាពការលក់ និងការគ្រប់គ្រង។ ការផ្លាស់ប្តូរទិសនេះធ្វើឲ្យវិនិយោគិនមើលឃើញឱកាសកំណើនថ្មីៗ លើសពីអាជីវកម្ម e-commerce បែបប្រពៃណី។

អ្នកវិភាគមួយចំនួនបានលើកឡើងថា ការផ្លាស់ប្តូរពី «AI ហេដ្ឋារចនាសម្ព័ន្ធ» ទៅ «កម្មវិធី AI សម្រាប់អនុវត្តជាក់ស្តែង» គឺជាសញ្ញាសំខាន់ថា ទីផ្សារ AI របស់ចិន កំពុងឈានចូលវគ្គពេញវ័យ។ ក្រុមហ៊ុនដែលអាចបង្ហាញប្រាក់ចំណូល និងការប្រើប្រាស់ពិតប្រាកដពី AI នឹងទទួលបានការចាប់អារម្មណ៍ខ្លាំងពីទីផ្សារហ៊ុន។

ទោះជាយ៉ាងណា វិនិយោគិនត្រូវប្រុងប្រយ័ត្នចំពោះហានិភ័យ ដូចជា បទប្បញ្ញត្តិរដ្ឋាភិបាល និងបញ្ហាភូមិសាស្ត្រនយោបាយអន្តរជាតិ។ ទោះបីជាយ៉ាងនេះក្តី ទិសដៅថ្មីនេះ បង្ហាញថា AI របស់ចិន កំពុងក្លាយជាផ្នែកសំខាន់មួយនៃសេដ្ឋកិច្ច និងទីផ្សារហ៊ុននៅពេលអនាគត៕