កម្ពុជា បានចុះហត្ថលេខាលើកិច្ចសន្យាធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ជាផ្លូវការ!
26-01-2026 12:32
(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ កម្ពុជាបានចុះហត្ថលេខាទទួលធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០៣១ (AYG-2031) ជាផ្លូវការហើយ។
ពិធីចុះហត្ថលេខានេះបានធ្វើឡើងនៅទីក្រុង Tashkent ប្រទេសអ៊ូបេគីស្ថាន រវាងលោក វ៉ាត់ ចំរើន អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងលោក សេង វណ្ណៈ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយលោក Timothy Fox ប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA)។
លោក វ៉ាត់ ចំរើន បានឲ្យដឹងពីទីក្រុង Tashkent ថា «កិច្ចសន្យានេះ ជាយន្តការស្តង់ដាប្រតិបត្តិរៀបចំព្រឹត្តិការណ៍ប្រកួតពហុកីឡាយុវជន AYG-2031 ដែលបែងចែកការទទួលខុសត្រូវរវាងម្ចាស់កម្មសិទ្ធិ និងម្ចាស់ផ្ទះឲ្យបានត្រឹមត្រូវតាមនិយាមកីឡាអន្តរជាតិ ជាពិសេសការបញ្ជាក់ និងធានាឲ្យព្រឹត្តិការណ៍ប្រកួតរៀបចំ និងប្រព្រឹត្តទៅដោយរលូន ទន់ភ្លន់ ម៉ឹងម៉ាត់ និងជោគជ័យសម្រាប់សមាជិកអូឡាំពិកទាំង ៤៥ប្រទេសត្រៀមចូលរួម»។
ក្នុងនាមម្ចាស់ផ្ទះបន្ដវេន និងក្នុងនាមចលនាអូឡាំពិកកម្ពុជា បានប្តេជ្ញាខិតខំប្រឹងប្រែងត្រៀមគ្រប់លក្ខណៈសម្បត្តិ ដើម្បីបំពេញកាតព្វកិច្ចជូនកំណត់ត្រាប្រវត្តិសាស្រ្តថ្មីសម្រាប់កម្ពុជា និងចូលរួមអបអរសាទេកម្ពុជា ក្លាយជាប្រទេសមានសេដ្ឋកិច្ចមធ្យមកម្រិតខ្ពង់ឆ្នាំ២០៣០ ផងដែរ។ សូមជឿជាក់លើរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នឹងធ្វើឲ្យឆ្នាំ ២០៣១ កម្ពុជាអស្ចារ្យម្តងទៀត៕







