Samsung ត្រៀមផលិតឈីបកំពូល HBM4 នៅខែក្រោយ ដើម្បីផ្គត់ផ្គង់ដោយផ្ទាល់ឱ្យ Nvidia
26-01-2026 13:27
(បរទេស)៖ ក្រុមហ៊ុន Samsung Electronics ត្រូវបានរាយការណ៍ថា នឹងចាប់ផ្តើមផលិតបន្ទះឈីបអង្គចងចាំជំនាន់ថ្មី HBM4 នៅខែក្រោយនេះ ដើម្បីផ្គត់ផ្គង់ដោយផ្ទាល់ដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nvidia។ ការឈានជើងចូលទីផ្សាររបស់ Samsung នាពេលនេះ គឺជាយុទ្ធសាស្ត្រដេញតាមគូប្រជែងលំដាប់លេខមួយគឺ SK Hynix បន្ទាប់ពីការយឺតយ៉ាវនាពេលកន្លងមក បានធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញ និងតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន។ ភ្លាមៗក្រោយដំណឹងនេះលេចឮឡើង តម្លៃភាគហ៊ុនរបស់ Samsung បានហក់ឡើង ២,២% នៅព្រឹកថ្ងៃចន្ទ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។
យោងតាមសារព័ត៌មាន Korea Economic Daily បានឱ្យដឹងថា Samsung បានឆ្លងកាត់ការធ្វើតេស្តគុណភាព (Qualification tests) សម្រាប់ទាំងក្រុមហ៊ុន Nvidia និង AMD រួចរាល់ហើយ។ ទោះបីជាអ្នកនាំពាក្យរបស់ Samsung បដិសេធមិនផ្តល់ព័ត៌មានលម្អិត ប៉ុន្តែប្រភពផ្ទៃក្នុងបានបង្ហើបថា ការដឹកជញ្ជូននឹងចាប់ផ្តើមជាផ្លូវការនៅខែក្រោយ។ ស្របពេលជាមួយគ្នានេះ គូប្រជែង SK Hynix ក៏កំពុងពន្លឿនការផលិតនៅក្នុងរោងចក្រថ្មី M15X របស់ខ្លួនផងដែរ ដើម្បីរក្សាតំណែងជាអ្នកផ្គត់ផ្គង់ឈានមុខក្នុងទីផ្សារ។
ពាក់ព័ន្ធនឹងបច្ចេកវិទ្យាជំនាន់ក្រោយនេះ លោក Jensen Huang នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Nvidia បានបញ្ជាក់កាលពីដើមខែនេះថា បន្ទះឈីបស៊េរីថ្មីឈ្មោះថា «Vera Rubin» កំពុងស្ថិតក្នុង «ដំណើរការផលិតពេញលេញ» ហើយ។ បន្ទះឈីបដ៏ខ្លាំងក្លានេះ នឹងត្រូវប្រើប្រាស់ទន្ទឹមគ្នាជាមួយអង្គចងចាំ HBM4 របស់ Samsung ដើម្បីបង្កើនល្បឿនបច្ចេកវិទ្យា AI ឱ្យកាន់តែអស្ចារ្យនៅចុងឆ្នាំនេះ៕











