កីឡាករ-កីឡាការិនីកម្ពុជា សុទ្ធតែជាប់ជយលាភីរត់ចម្ងាយ ៦៤ និង ១០០គីឡូម៉ែត្រ នៃព្រឹត្តិការណ៍ Angkor Ultra Trail 2026
26-01-2026 14:01
(ភ្នំពេញ)៖ ទិវារត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយអង្គរ (Angkor Ultra Trail) លើកទី៩ ឆ្នាំ២០២៦ បានប្រព្រឹត្តទៅដោយជោគជ័យ កាលពីចុងសប្ដាហ៍កន្លងទៅ នៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ដោយមានអត្តពលិកជាតិ-អន្ដរជាតិចូលរួមសរុបចំនួន ១,៧៤០នាក់ មកពី ៥២ប្រទេស និងប្រកួតលើ ៦វិញ្ញាសា។
ក្នុងចំណោមអត្តពលិកចូលរួមព្រឹត្តិការណ៍រត់បែបផ្សងព្រេងនេះ គេឃើញមានកំណើនអ្នកចុះឈ្មោះរត់ចម្ងាយឆ្ងាយគួរឱ្យកត់សម្គាល់ ពិសេសកីឡាករ-កីឡាការិនីកម្ពុជា ហើយថែមទាំងទទួលបានជយលាភី ក្នុងចំណោមជើងខ្លាំងរត់ចម្ងាយ ៦៤គីឡូម៉ែត្រ និង ១០០គីឡូម៉ែត្រមកពីជុំវិញពិភពលោកទៀតផង។
ចំពោះលទ្ធផលបច្ចេកទេសនៃវិញ្ញាសារត់ចម្ងាយ ១០០គីឡូម៉ែត្រក្នុង Angkor Ultra Trail ឆ្នាំនេះ សម្រាប់ផ្នែកបុរសក្នុងចំណោមម្ចាស់ជយលាភី ៥រូប លេខ១ បានទៅកីឡាករកាណាដា Braeden Plein ប្រើថិរវេលា ៩ម៉ោង ២នាទី និង ៤៧វិនាទី, លេខ២ បានទៅកីឡាករបារាំង Gabin Delattre ប្រើថិរវេលា ៩ម៉ោង ១៦នាទី និង ២៣វិនាទី ខណៈលេខ៣ បានទៅកីឡាករកម្ពុជា ជុំ សំអឿន ប្រើពេល ១០ម៉ោង ៥២នាទី និង ៤៨វិនាទី។
រីឯលទ្ធផលរត់ចម្ងាយ ១០០គីឡូម៉ែត្រផ្នែកនារីវិញ លេខ១ បានទៅកីឡាការិនីចិន Xueer Shang ប្រើថិរវេលា ១១ម៉ោង ១៣នាទី និង ៣៣វិនាទី, លេខ២ កីឡាការិនីបារាំង Veronique Messina ប្រើថិរវេលា ១២ម៉ោង ២នាទី និង ៤៣វិនាទី, លេខ៣ កីឡាការិនីបារាំង Claire Thevenet ប្រើថិរវេលា ១៤ម៉ោង ២១នាទី និង ៥៥វិនាទី, លេខ៤ កីឡាការិនីចិន Jiang Deyuan ប្រើថិរវេលា ១៤ម៉ោង ២៥នាទី និង ១០វិនាទី និងលេខ៥ បានទៅកីឡាការិនីកម្ពុជា ហេង ចិន្ដា ប្រើថិរវេលា ១៤ម៉ោង ៥០នាទី និង ៥វិនាទី។
ដោយឡែកវិញ្ញាសារត់ចម្ងាយ ៦៤គីឡូម៉ែត្រវិញ សម្រាប់ផ្នែកបុរស លេខ១ បានទៅកីឡាករហូឡង់ Van Der Wardt ប្រើថិរវេលា ៥ម៉ោង ៥១នាទី និង ៨វិនាទី, លេខ២ កីឡាករកម្ពុជា ភឹម ផាច ប្រើថិរវេលា ៦ម៉ោង ៣០នាទី និង៣៣វិនាទី និងលេខ៣ កីឡាកររុស្ស៊ី Oleg Strelkov ប្រើថិរវេលា ៦ម៉ោង ៤៤នាទី និង ១៣វិនាទី ខណៈផ្នែកនារី លេខ១ បានទៅកីឡាការិនីកាណាដា Petit Elisabeth ប្រើថិរវេលា ៧ម៉ោង ៧នាទី និង ១២វិនាទី, លេខ២ កីឡាការិនីកម្ពុជា ជុំ ប៉ូលីន ប្រើថិរវេលា ៧ម៉ោង ៣៨នាទី និង ១០វិនាទី និងលេខ៣ បានទៅកីឡាការិនីចិន Yuxia Li ប្រើថិរវេលា ៩ម៉ោង ៥៨នាទី និង ៥០វិនាទី។ ក្រៅពីនេះ ក៏មានរង្វាន់ជយលាភី សម្រាប់វិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ១៨គីឡូម៉ែត្រ និង ៨គីឡូម៉ែត្រផងដែរ។
គួរដឹងថា ពិធីប្រគល់រង្វាន់ជយលាភី ដល់កីឡាករ-កីឡាការិនីចូលរួមទិវារត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយអង្គរ លើកទី៩ បានធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយក៏មានការចូលរួមពីលោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ផងដែរ។ ទន្ទឹមជាមួយគ្នានោះ លោក Edouard Gorge អគ្គនាយកក្រុមហ៊ុន Phoenix Voyages ដែលជាដៃគូសហការរៀបចំព្រឹត្តិការណ៍នេះ ក៏បានប្រគល់អង្ករចំនួន ៥តោន តាមរយៈ NOCC ដល់រដ្ឋបាលខេត្តសៀមរាប សម្រាប់ចែកជូនដល់ជនភៀសសឹកផងដែរ៕










