ក្រុមហ៊ុនអាកាសចរណ៍ Emirates តែងតាំងអ្នកគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

26-01-2026 14:27

(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ បានប្រកាសពីការតែងតាំងថ្នាក់ដឹកនាំនៅតាមទីផ្សារពិភពលោកសំខាន់ៗ រួមទាំងនៅកម្ពុជាផងដែរ ដោយក្នុងនោះលោក Fahad Al Hassawi ត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងថ្មីប្រចាំកម្ពុជា។

ការតែងតាំងនេះ គឺជាការជំរុញការប្តេជ្ញាចិត្តរបស់ Emirates ក្នុងការអភិវឌ្ឍអ្នកមានទេពកោសល្យឱ្យបានច្រើន ដើម្បីជួយជំរុញកំណើននាពេលអនាគត។

ការផ្លាស់ប្តូរថ្នាក់ដឹកនាំផ្នែកពាណិជ្ជកម្មខាងក្រោមនេះ នឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១ ខែកុម្ភៈនេះតទៅ៖
* លោក Fahad Al Hassawi បច្ចុប្បន្នជាអ្នកគ្រប់គ្រងខេត្តភាគខាងកើតនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត នឹងក្លាយជាអ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា។
* លោក Mohammed Alqassim បច្ចុប្បន្នជាអ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា នឹងក្លាយជាអ្នកគ្រប់គ្រងទីក្រុង Jeddah។

ការតែងតាំងមុខតំណែងផ្សេងៗទៀតរួមមាន៖
* លោក Majid Al Falasi បច្ចុប្បន្នជាអ្នកគ្រប់គ្រងប្រចាំប្រទេសវៀតណាម នឹងក្លាយជាអ្នកគ្រប់គ្រងប្រចាំប្រទេសឥណ្ឌូនេស៊ី។
* លោក Wahid Albalooshi បច្ចុប្បន្នជាអ្នកគ្រប់គ្រងទីក្រុង Jeddah នឹងក្លាយជាអ្នកគ្រប់គ្រងប្រចាំប្រទេសវៀតណាម។
* Sultan Bin Hadda នឹងក្លាយជាអ្នកគ្រប់គ្រងផ្នែកគាំទ្រពាណិជ្ជកម្មខេត្តភាគខាងកើតនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃកម្មវិធី Outstation Programme របស់ក្រុមហ៊ុន Emirates ដែលជាគំនិតផ្តួចផ្តើមបណ្តុះបណ្តាលថ្នាក់ជាតិ របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវតួនាទីផ្សេងៗគ្នា ព្រមទាំងទទួលបានបទពិសោធន៍ជាក់ស្តែងនៅតាមបណ្តាញសកលរបស់ក្រុមហ៊ុន Emirates។ កម្មវិធីនេះផ្តោតលើការអភិវឌ្ឍអ្នកដឹកនាំ សម្រាប់ពេលអនាគតលើផ្នែកប្រតិបត្តិការពាណិជ្ជកម្ម ការដឹកជញ្ជូនទំនិញ និងការគ្រប់គ្រងអាកាសយានដ្ឋាន តាមរយៈការបណ្តុះបណ្តាលយ៉ាងទូលំទូលាយ ការណែនាំ និងការទទួលបានបទពិសោធន៍ជាលក្ខណៈអន្តរជាតិ ដោយជួយអ្នកចូលរួមអភិវឌ្ឍន៍ពហុជំនាញ និងបណ្តាញសកលដ៏រឹងមាំ។

ជាធាតុផ្សំស្នូលមួយនៃយុទ្ធសាស្ត្រ Emiratisation របស់ Emirates Group គំនិតផ្តួចផ្តើមនេះ មានគោលបំណងបណ្តុះបណ្តាលអ្នកមានទេពកោសល្យ ក្នុងស្រុកសម្រាប់តួនាទីជាអ្នកដឹកនាំសកល សម្រាប់ពេលអនាគត៕