FIFA បញ្ចេញកញ្ចប់លុយ $៤លានធ្វើរង្វាន់ ស្របពេលជើងឯកបាន $២.៣លាន ក្នុងកម្មវិធីក្លឹបជើងឯកស្រ្តីអន្តរទ្វីប

26-01-2026 15:02

(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA បានបញ្ចេញកញ្ចប់ថវិការកំណត់ត្រា ប្រមាណ ៤លានដុល្លារ ដើម្បីធ្វើជាប្រាក់រង្វាន់ចែកជូននៅព្រឹត្តិការណ៍ជើងឯកស្រ្តីអន្តរទ្វីប ជាលើកដំបូង ឆ្នាំ២០២៦ Women’s Champions Cup។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ inside world football។

ប្រភពព័ត៌មានខាងលើដដែលបានបញ្ជាក់ថា សម្រាប់ក្រុមជើងឯកស្រ្តីជាលើកដំបូង ក្នុងកម្មវិធីថ្មីដែលលេងតាំងពីខែតុលា ឆ្នាំ២០២៥ និងបញ្ចប់ទៅវិញដើមខែក្រោយនេះ នឹងទទួលបាន ២.៣លានដុល្លារត្រឡប់ទៅផ្ទះវិញ ច្រើនជាងស្រ្តីក្លឹបកាំភ្លើងធំ Arsenal ដែលទទួលបានត្រឹមតែ ១.៨លានដុល្លារ ក្នុងនាមជាជើងឯកអឺរ៉ុប UEFA Women’s Champions League រដូវកាលមុន។

សម្រាប់ជើងឯករងនៃ FIFA Women’s Champions Cup 2026 នឹងទទួលបាន ១លានដុល្លារ និង ២ក្រុមចាញ់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទទួលបាន ២០ម៉ឺនដុល្លារ ក្នុង ១ក្រុម នៅពេលក្រុមធ្លាក់ត្រឹមជុំទី១ និងទី២ រួមមាន Auckland United FC របស់ណូវែលហ្សេឡង់ និង Wuhan Chegu Jiangda WFC របស់ចិន ទទួលបាន ១០ម៉ឺនដុល្លារក្នុង ១ក្រុមដូចគ្នា។

លោក Mattias Grafstrom អគ្គលេខាធិការសហព័ន្ធ FIFA បានថ្លែងថា «កញ្ចប់លុយ ៤លានដុល្លារនេះ នឹងធ្វើការចែកជូនដល់បណ្តាទាំង ៦ក្រុមដែលចូលរួមទៅតាមទម្រង់លេងរបស់ពួកគេតែម្តង។ ក្រុមទាំងនោះជាជើងឯកតាមតំបន់នានាដែលជាសមាជិក»។

គួរបញ្ជាក់ផងថា ចំនួនទឹកប្រាក់ ២.៣លានដុល្លារនេះ ជិតស្មើនឹងពាក់កណ្តាលនៃជើងឯកក្លឹបបាល់ទាត់ផ្នែកបុរស នៅពេល PSG ទទួលបាន ៥លានដុល្លារត្រឡប់ទៅបារាំងវិញ ក្រោយយកឈ្នះគូប្រជែង Flamengo កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥ ដើម្បីលើកពាន FIFA International Cup ជាលើកដំបូងរបស់ពួកគេ៕