កញ្ចប់ប្រាក់ឈ្នួលរហូតដល់ ១ទ្រីលានដុល្លារ របស់ Elon Musk បង្ហាញពីការកើនឡើងខ្លាំងនៃប្រាក់ឈ្នួល CEO ខណៈប្រាក់ខែបុគ្គលិកកើនយឺត
26-01-2026 16:21
(បរទេស)៖ យោងតាមសេចក្តីរាយការណ៍ថ្មីពីសារព័ត៌មាន CNBC បានឲ្យដឹងថា កញ្ចប់ប្រាក់ឈ្នួលរហូតដល់ ១ពាន់ពាន់លានដុល្លារ (1trillion USD) របស់លោក Elon Musk បានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ប្រាក់ឈ្នួលនាយកប្រតិបត្តិ (CEO) នៅតែកើនឡើងខ្លាំង ទោះបីជាប្រាក់ឈ្នួលបុគ្គលិកធម្មតាកើនយឺត និង អត្ថប្រយោជន៍សម្រាប់ម្ចាស់ភាគហ៊ុនមិនស្ថិតស្ថេរក៏ដោយ។
បច្ចុប្បន្ន លោក Musk គឺជាមនុស្សមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោក ដោយមានទ្រព្យសម្បត្តិសរុបលើស ៦៦០ពាន់លានដុល្លារ។ នេះបើយោងតាមការវាយតម្លៃរបស់ Bloomberg។ កញ្ចប់ប្រាក់ឈ្នួលនៅក្រុមហ៊ុន Tesla ក្នុងឆ្នាំ២០១៨ របស់លោកដែលបច្ចុប្បន្នមានតម្លៃលើស ១៣០ពាន់លានដុល្លារ ត្រូវបានស្តារឡើងវិញនៅខែធ្នូ។ ខណៈនៅ ក្រុមហ៊ុន SpaceX ត្រូវបានរំពឹងថា អាចចូលផ្សារហ៊ុនសាធារណៈនៅឆ្នាំ២០២៦ ផងដែរ។ ការវិវត្តន៍ទាំងនេះអាចធ្វើឲ្យលោក Musk ក្លាយជាមហាសេដ្ឋីមនុស្សដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលមានទ្រព្យសម្បត្តិដល់ ១ពាន់ពាន់លានដុល្លារនៅឆ្នាំនេះ ឬនៅពេលខាងមុខ។ លើសពីនេះ កញ្ចប់ប្រាក់ឈ្នួលថ្មីរហូតដល់ ១ពាន់ពាន់លានដុល្លាររបស់លោក ក៏អាចចាប់ផ្តើមទទួលបានក្នុងរយៈពេល ១០ឆ្នាំខាងមុខផងដែរ។
ទោះបីជា Elon Musk ត្រូវបានចាត់ទុកថា ជាករណីពិសេសក៏ដោយ ការកើនឡើងទ្រព្យសម្បត្តិរបស់លោកតាមរយៈភាគហ៊ុន បានបង្ហាញពីនិន្នាការទូទៅនៃការកើនឡើងប្រាក់ឈ្នួល CEO ក្នុងរយៈពេលច្រើនទសវត្សរ៍មកនេះ ដែលត្រូវបានជំរុញដោយការកើនឡើងទីផ្សារហ៊ុន និងការប្រើប្រាស់ប្រាក់ឈ្នួលផ្អែកលើភាគហ៊ុនកាន់តែច្រើន។ តាមរបាយការណ៍របស់ Economic Policy Institute ប្រាក់ឈ្នួល CEO កំពូលៗបានកើនឡើងដល់ ១,០៩៤% ក្នុងរយៈពេល ៥០ឆ្នាំកន្លងមក ខណៈប្រាក់ឈ្នួលបុគ្គលិកធម្មតាកើនឡើងត្រឹមតែ ២៦% ប៉ុណ្ណោះ។ ទិន្នន័យពីក្រុមហ៊ុនវិភាគ Equilar បង្ហាញថា នៅឆ្នាំ២០២៤ ប្រាក់ឈ្នួលមធ្យមសរុបរបស់ CEO ក្នុងក្រុមហ៊ុន S&P 500 មានចំនួន ១៧.១ លានដុល្លារ កើនឡើងជិត ១០% បើប្រៀបធៀបនឹងឆ្នាំមុន។ បច្ចុប្បន្ន CEO ម្នាក់រកប្រាក់បានប្រហែល ១៩២ ដង ច្រើនជាងបុគ្គលិកមធ្យមដែលកើនឡើងពីអត្រា ១៨៦ ដង ក្នុងឆ្នាំ២០២៣។
មូលហេតុសំខាន់មួយដែលធ្វើឲ្យប្រាក់ឈ្នួល CEO កើនឡើង គឺការផ្លាស់ប្តូរទៅប្រើប្រាក់ឈ្នួលផ្អែកលើភាគហ៊ុនជាចម្បង។ ប្រាក់ឈ្នួល CEO ជាទូទៅមាន ៤ ប្រភេទ រួមមានប្រាក់ខែ ប្រាក់លើកទឹកចិត្តរយៈពេលវែង ប្រាក់លើកទឹកចិត្តរយៈពេលខ្លី និងអត្ថប្រយោជន៍ផ្សេងៗ។ ក្នុងនោះប្រាក់លើកទឹកចិត្តរយៈពេលវែង និងខ្លី ដែលភាគច្រើនជាភាគហ៊ុន គឺជាផ្នែកធំបំផុត។ នៅឆ្នាំ២០២៤ ភាគហ៊ុនបានក្លាយជា ៧២% នៃកញ្ចប់ប្រាក់ឈ្នួល CEO ហើយតម្លៃមធ្យមកើនឡើង ១៥% ក្នុងឆ្នាំនោះ។ សម្រាប់កញ្ចប់ប្រាក់ឈ្នួល ១ពាន់ពាន់លានដុល្លារ របស់ Elon Musk គឺ មិនមានប្រាក់ខែថេរទាល់តែសោះ។ តម្លៃទាំងអស់កើតចេញពីភាគហ៊ុន ដែលភ្ជាប់ទៅនឹងគោលដៅធំៗ ដូចជា តម្លៃទីផ្សាររបស់ Tesla និងលទ្ធផលប្រតិបត្តិការ។ ទោះបីជា Tesla មិនសម្រេចបានគោលដៅទាំងអស់ក៏ដោយ លោក Musk នៅតែអាចទទួលបានប្រាក់រាប់ពាន់លានដុល្លារ។
អ្នកជំនាញខ្លះជឿថា កញ្ចប់ប្រាក់ឈ្នួលដែលផ្អែកលើ «ការសម្រេចគោលដៅ» អាចក្លាយជាទម្រង់ស្តង់ដារនាពេលអនាគត។ ការសិក្សារបស់ MSCI នៅឆ្នាំ ២០២១ បានរកឃើញថា ទំនាក់ទំនងរវាងប្រាក់ឈ្នួល CEO និងលទ្ធផលក្រុមហ៊ុនមានភាពខ្សោយ ហើយ CEO ដែលមានប្រាក់ឈ្នួលទាបជាងគេ ម្តងម្កាលវិញ បង្កើតអត្ថប្រយោជន៍ល្អជាងសម្រាប់ម្ចាស់ភាគហ៊ុន។ ក្នុងបរិបទនេះ អ្នកសេដ្ឋកិច្ចខ្លះបានណែនាំឲ្យ ផ្តល់ភាគហ៊ុនច្រើនជាងមុនដល់បុគ្គលិក ដើម្បីបន្ថយគម្លាតរវាង CEO និងបុគ្គលិក។ ឧទាហរណ៍ ប្រព័ន្ធ Employee Stock Ownership Plan (ESOP) អាចជួយឲ្យបុគ្គលិកមានស្ថិរភាពហិរញ្ញវត្ថុល្អ និងជួយឲ្យក្រុមហ៊ុនមានផលិតភាពខ្ពស់ជាងមុន៕









