បារាំង អនុម័តច្បាប់ហាមឃាត់យុវជនអាយុក្រោម១៥ឆ្នាំ ពីការប្រើប្រាស់បណ្តាញសង្គម

27-01-2026 09:50

(បរទេស)៖ នៅថ្ងៃចន្ទដើមសម្តាហ៍នេះ សភាជាតិបារាំងបានអនុម័តគាំទ្រសេចក្តីព្រាងច្បាប់មួយ ដែលមានគោលបំណង ហាមឃាត់កុមារ ឬយុវជនដែលមានអាយុតិចជាង១៥ឆ្នាំ ពីការចូលប្រើបណ្តាញសង្គម និងមុខងារបណ្តាញសង្គមផ្សេងៗនៅលើវេទិកាធំៗ។ ការផ្លាស់ប្តូរនេះ បានកើតមានឡើងក្នុងយុគសម័យនៃវេទិកាអនឡាញកំពុងពេញនិយមខ្លាំង ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់កុមារ។

តាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថាសមាជិកសភាបារាំងបានបោះឆ្នោតគាំទ្រក្នុងសំឡេង ១១៦ ទល់នឹង២៣ ដោយយល់ព្រមឲ្យមានច្បាប់នេះ។ បន្ទាប់ពីច្បាប់នេះត្រូវបានសភាអនុម័ត វានឹងត្រូវយកទៅបោះឆ្នោតម្តងទៀតនៅក្នុងអន្តរសភា។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា បណ្តាញសង្គមជាមូលហេតុមួយដែលនាំឲ្យមានអំពើហឹង្សារក្នុងចំណោមក្រុមយុវជន ហើយលោកកំពុងលើកទឹកចិត្តឲ្យបារាំងធ្វើដូចអូស្រ្តាលី ដែលបានដាក់ចេញការហាមឃាត់សម្រាប់កុមារ ឬយុវជនក្រោមអាយុ ១៦ឆ្នាំ ពីការប្រើវេទិកាបណ្តាញសង្គមធំៗដូចជា Facebook, Snapchat, TikTok និង YouTube ដែលចាប់ផ្ដើមអនុវត្តតាំងពីខែធ្នូ។

គួរជម្រាបថា ច្បាប់នេះអាចត្រូវបានគេរំពឹងថានឹងអនុវត្តនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ប្រសិនបើវាត្រូវបានអនុម័តនៅសភាទាំងពីរថ្នាក់។ សេចក្ដីសម្រេចនេះ គឺជាវិធានការសំខាន់មួយក្នុងការប្រឹងប្រែងកុំឱ្យយុវវ័យអាចរងគ្រោះពីការប្រើបណ្តាញសង្គម។ បន្ថែមពីនេះ ច្បាប់ហាមឃាតយុវជនពីបណ្តាញសង្គម ក៏កំពុងត្រូវបានសិក្សានិងពិចារណា នៅតាមបណ្តាប្រទេសផ្សេងៗទៀតដូចជា អង់គ្លេស, អេស្ប៉ាញ និងក្រិចផងដែរ៕