Google យល់ព្រមបង់ប្រាក់ ៦៨ លានដុល្លារ ដើម្បីបញ្ចប់បណ្ដឹងរំលោភសិទ្ធិឯកជនភាពតាមរយៈ Google Assistant
27-01-2026 10:10
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានយល់ព្រមបង់ប្រាក់ចំនួន ៦៨ លានដុល្លារអាមេរិក ដើម្បីបញ្ចប់បណ្ដឹងសមូហភាព (Class-action lawsuit) ដែលបានចោទប្រកាន់ថា កម្មវិធីជំនួយការសំឡេង Google Assistant បានលួចថតសំឡេងសន្ទនាឯកជនរបស់អ្នកប្រើប្រាស់ដោយខុសច្បាប់។
បណ្ដឹងនេះត្រូវបានដាក់ជូនតុលាការតាំងពីឆ្នាំ ២០១៩ ដោយក្រុមអ្នកប្រើប្រាស់បានអះអាងថា ការថតសំឡេងដោយអចេតនា (False Accepts) ដោយ ឧបករណ៍ Google Assistant តែងតែដំណើរការ និងថតសំឡេងសន្ទនា បើទោះបីជាអ្នកប្រើប្រាស់មិនបាននិយាយពាក្យបញ្ជា «Hey Google ឬ "Okay Google» ក៏ដោយ។ មួយវិញទៀត ការប្រើប្រាស់ទិន្នន័យសម្រាប់ផ្សាយពាណិជ្ជកម្ម។ សំឡេងដែលថតបានដោយអចេតនាទាំងនោះ ត្រូវបានគេចោទថា ត្រូវបានចែករំលែកទៅឱ្យភាគីទីបី ឬប្រើប្រាស់ដើម្បីផ្ញើផ្ទាំងពាណិជ្ជកម្មដែលចំគោលដៅ (Targeted Ads) ទៅកាន់អ្នកប្រើប្រាស់វិញ។
យោងតាមឯកសារតុលាការដែលបានដាក់ជូនកាលពីថ្ងៃសុក្រ សប្តាហ៍មុន សំណង ៦៨ លានដុល្លារនេះ នឹងត្រូវប្រើប្រាស់ដើម្បីទូទាត់សំណងដល់អ្នកប្រើប្រាស់ ដែលរងផលប៉ះពាល់ និងបង់ថ្លៃមេធាវី។ ការសម្រុះសម្រួលនេះ គ្របដណ្តប់លើបុគ្គលណាដែលបានទិញឧបករណ៍ Google ឬជួបប្រទះការថតសំឡេងដោយអចេតនា ចាប់តាំងពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៦ មក។
ទោះបីជាយល់ព្រមបង់ប្រាក់ក៏ដោយ Google នៅតែបដិសេធថាខ្លួនមិនបានធ្វើអ្វីខុសច្បាប់ឡើយ ប៉ុន្តែការសម្រុះសម្រួលនេះធ្វើឡើងដើម្បីចៀសវាងការចំណាយពេលវេលា និងថវិកាក្នុងការតតាំងក្តីវែងឆ្ងាយ។
វិធានការផ្លូវច្បាប់លើ Google នេះ កើតឡើងបន្ទាប់ពីក្រុមហ៊ុន Apple ក៏បានសម្រេចសម្រុះសម្រួលបណ្ដឹងស្រដៀងគ្នានេះជុំវិញកម្មវិធី Siri កាលពីខែមករា ឆ្នាំ ២០២៥ កន្លងទៅ ក្នុងទឹកប្រាក់ចំនួន ៩៥ លានដុល្លារ។ បច្ចុប្បន្ន Google កំពុងតែងាកចេញពី Google Assistant ដោយជំនួសមកវិញនូវបច្ចេកវិទ្យា AI ថ្មីដែលមានឈ្មោះថា Gemini ខណៈដែលបញ្ហាឯកជនភាពក្នុងយុគសម័យ AI នៅតែជាប្រធានបទដ៏ក្តៅគគុកសម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោក។
តើលុយ ៦៨ លានដុល្លារនេះ នឹងត្រូវបែងចែកយ៉ាងដូចម្តេច? ប្រមាណ ១ ភាគ ៣ (២២.៧ លានដុល្លារ) នឹងត្រូវបង់ឱ្យមេធាវី ហើយផ្នែកដែលនៅសល់នឹងត្រូវបែងចែកឱ្យអ្នកប្រើប្រាស់ដែលបានដាក់ពាក្យទាមទារ (Claims) ក្នុងម្នាក់ៗប្រហែលពី ២០ ទៅ ៤០ ដុល្លារ។
តើអ្នកប្រើប្រាស់នៅកម្ពុជាអាចទទួលបានសំណងនេះដែរឬទេ? ជាទូទៅ បណ្ដឹងសមូហភាពនេះផ្ដោតលើអ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា វាជាសញ្ញាព្រមានដល់អ្នកប្រើប្រាស់ទូទាំងពិភពលោកឱ្យបង្កើនការប្រុងប្រយ័ត្នលើការកំណត់ឯកជនភាព (Privacy Settings) ក្នុងទូរស័ព្ទរបស់ខ្លួន។
តើគួរធ្វើដូចម្តេចដើម្បីការពារ Siri ឬ Google Assistant កុំឱ្យលួចស្តាប់? អ្នកអាចចូលទៅកាន់ការកំណត់ (Settings) រួចបិទមុខងារ «Listen for Hey Google» ឬ «Listen for Hey Siri» ហើយប្រើប្រាស់ការចុចប៊ូតុងដើម្បីបញ្ជាសំឡេងជំនួសវិញ៕







