Nani ចេញពីការចូលនិវត្តន៍ ដើម្បីចុះកិច្ចសន្យាលេងឱ្យក្លឹបកាហ្សាក់ស្ថាន ក្នុងវ័យ ៣៩ឆ្នាំ

27-01-2026 10:21

(បរទេស)៖ អតីតខ្សែបម្រើស្លាបព័រទុយហ្គាល់ និង Manchester United គឺ Nani បានប្រកាសពីការចាកចេញពីការចូលនិវត្តន៍ ក្នុងការវិលត្រឡប់មកលេងបាល់ទាត់វិញ ជាមួយក្លឹបអាជីព FC Aktobe នៃប្រទេសកាហ្សាក់ស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

នៅចាំបានថា Nani គឺជាសមាជិកសំខាន់ ១រូបដែលបានរួមចំណែកជួយក្រុមបច្ចខែលព័រទុយហ្គាល់ ដណ្តើមបានជើងឯកអឺរ៉ុប UEFA Euro ជាលើកដំបូងកាលឆ្នាំ២០១៦ នៅប្រទេសបារាំង។

បុរសវ័យ ៣៩ឆ្នាំរូបនេះ បានសម្រេចចិត្តព្យួរស្បែកជើងនៅលើជញ្ជាំងកាលពីអំឡុងខែធ្នូ ឆ្នាំ២០២៤ និងមិនបានលេងបាល់ទៀតឡើយ គិតចាប់តាំងពីជំនួបរវាងក្រុម Estrela da Amadora ទល់នឹង Sporting ក្នុងលីកព័រទុយហ្គាល់រួចមក។

ក្រោយពីចុះកិច្ចសន្យារួចមក Nani បានថ្លែងឱ្យដឹងថា «ខ្ញុំពិតជារីករាយដែលបានចូលរួមជាមួយ FC Aktobe និងកំពុងរង់ចាំពីការចែករំលែក ដើម្បីអភិវឌ្ឍន៍បាល់ទាត់នៅប្រទេសស្ថិតនៅអាស៊ីមួយនេះដែរ»

ចំណែកឯភាគីខាងក្លឹប FC Aktobe លេងនៅលីគកំពូលកាហ្សាក់ស្ថានវិញ ក៏បានឱ្យដឹងដែរថា «Nani បានព្រមព្រៀងចុះកិច្ចសន្យាលេងរយៈពេល ១ឆ្នាំ ជាមួយនឹងជម្រើសបន្ថែមទៀតបានដែរ ក្នុងគម្រោងអភិវឌ្ឍន៍របស់ក្លឹប»។

Nani គឺជាអតីតខ្សែមប្រើដ៏ល្បី ១រូបរបស់លោក Sir Alex-Ferguson ដែលបានទិញចូលពីក្លឹប Sporting ដូចមិត្តរួមជាតិ Cristiano Ronaldo ដែរ ក្នុងតម្លៃ ២១លានផោន នាអំឡុងខែមិថុនា ឆ្នាំ២០០៧ ដោយលេងបាន ២៣០ប្រកួត និងស៊ុតបាន ៤១គ្រាប់។ រូបលោកឈ្នះពាន UEFA Champions League, Premier League ៤ដង និង League Cup ២ដង ក្នុងរយៈពេល ៨ឆ្នាំនៅកីឡដ្ឋាន Old Trafford៕