Besiktas ព្រមបង់ជាង ១១លានផោនទៅឱ្យ Roma មុនពេលលក់ Abraham ទៅក្លឹប Villa
27-01-2026 11:00
(បរទេស)៖ ក្លឹប Besiktas របស់តួកគី បានបង់ប្រាក់ប្រមាណ ១១.២លានផោនទៅកាន់ក្លឹប AS Roma សម្រាប់តម្លៃខ្លួនកីឡាករ Tammy Abraham មុនពេលលក់ចេញទៅឱ្យក្លឹបអង់គ្លេស Aston Villa បន្តទៀត។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះបានទៅពិនិត្យសុខភាពនៅ UK កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពី Villa បានព្រមព្រៀងទិញរូបគេពី Besiktas ក្នុងតម្លៃ ១៨លានផោនពីក្លឹបលេងនៅ Super Lig កាលពីថ្ងៃសុក្ររួចមក។
Besiktas មានកាតព្វកិច្ចទិញដាច់នៅអំឡុងកិច្ចសន្យាខ្ចី Abraham ពី Roma រដូវកាលមុន ដោយភ្ជាប់នឹងជម្រើសវិលទៅកាន់អង់គ្លសវិញដែរ។
Abraham ដែលចូលលេងបាន ១១ប្រកួតជាមួយតោកំណាចអង់គ្លេសផងនោះ ស៊ុតបាន ១២គ្រាប់ ក្នុងចំណោម ២៤ប្រកួតសម្រាប់ Besiktas។
គួររំលឹកផងថា Tammy Abraham បានផ្លាស់ទៅចូលរួមជាមួយ Roma ក្នុងលីគកំពូល Serie A របស់អ៉ីតាលីពីតោខៀវ Chelsea នាអំឡុងឆ្នាំ២០២១ ក្នុងតម្លៃខ្លួន ៣៤លានផោន ដោយស៊ុតបាន ៣៩គ្រាប់ ពីការចូលលេង ១២០ប្រកួត ដោយឈ្នះពាន Europa Conference League ថែមទៀតផងកាលឆ្នាំ២០២២។
Abraham ក៏បានលេងខ្ចីជើងនៅក្លឹប AC Milan នារដូវកាល ២០២៤-២៥ ដោយស៊ុតបាន ១០គ្រាប់ ក្នុងចំណោមបង្ហាញខ្លួន ៤៤លើក៕



