សាលាមត្តេយ្យស្តង់ដារជប៉ុន នឹងបើកដំណើរការនៅភ្នំពេញ នាខែឧសភា ឆ្នាំ២០២៦នេះ

27-01-2026 11:46

(ភ្នំពេញ)៖ ក្រុមសាលាអប់រំអាសារិ (Asari Education Academy Group) ពីប្រទេសជប៉ុន នឹងបើកដំណើរការ សាលាមតេ្តយ្យអន្តរជាតិជប៉ុនអាសារិ (Asari Japan International Kindergarten (AJIK)) នៅរាជធានីភ្នំពេញ នាខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។ សាលាមតេ្តយ្យនេះ មានគោលបំណងនាំយកវិធីសាស្ត្រអប់រំកុមារតូចទំនើប«ការរៀនតាមរយៈការលេង» មកអនុវត្ត ដើម្បីបណ្ដុះសេចក្តីចង់ចេះចង់ដឹង សមត្ថភាពគិតដោយឯករាជ្យ និងការរៀនសូត្រដោយធម្មជាតិរបស់កុមារ។

ក្រុមសាលាអប់រំអាសារិ មានមូលដ្ឋាននៅកោះហុកកៃដូ ប្រទេសជប៉ុន និងកំពុងដំណើរការសាលាមតេ្តយ្យ និងទារកដ្ឋានដែលមានការទទួលស្គាល់ជាច្រើន ដោយមានកុមារប្រមាណ ១,១០០ នាក់ និងគ្រូ–បុគ្គលិកសិក្សាជាង៣២០នាក់ ចូលរួមក្នុងប្រតិបត្តិការប្រចាំថ្ងៃ។ ក្រុមសាលាអប់រំអាសារិ (Asari Education Academy Group) មកពីប្រទេសជប៉ុន មានបទពិសោធន៍ជាង៥០ឆ្នាំក្នុងថែទាំនិង ការអប់រំកុមារតូចតាមរយៈសំណួររបស់កុមារដូចជា «ហេតុអ្វី?» និង «ខ្ញុំចង់សាកល្បង» គឺជាគ្រឹះសំខាន់នៃការរៀនសូត្រ។ ទស្សនវិជ្ជា "អា!សូ!បូ! (Ah!So!Bo!)" ដែលក្រុមសាលាអប់រំអាសារិ បានកំពុងអនុវត្តនៅប្រទេសជប៉ុន គឺផ្ដល់តម្លៃលើការយល់ដឹង និងសំណួរដែលកើតឡើងដោយធម្មជាតិពីការលេង និងបណ្ដុះសមត្ថភាពកុមារក្នុងការរៀនសូត្រដោយឯករាជ្យ ហើយកម្មវិធីសិក្សាទាំងនេះ ត្រូវបានសម្របសម្រួលឱ្យស្របតាមគោលនយោបាយអប់រំជាតិ និងស្ថានភាពកុមារនៅកម្ពុជា។

សាលាមត្តេយ្យដែលគ្រោងបង្កើតឡើងដោយក្រុមសាលាអប់រំអាសារិនេះ គឺនាំយកកម្មវិធីសិក្សាបែបទំនើបពិសេសរបស់ជប៉ុនដែលរួមមាន៖

ទី១៖ ការរៀនតាមរយៈការលេង (Learning through Play) គឺជាការលេងរបស់កុមារមិនមែនគ្រាន់តែជាពេលវេលាកម្សាន្តនោះទេ ប៉ុន្តែ វាជាច្រកផ្លូវទៅកាន់ការរៀនសូត្រ។ សាលាផ្ដល់តម្លៃលើសំណួរ "ហេតុអ្វី?" និង "ខ្ញុំចង់សាកល្បង" ដែលកើតឡើងក្នុងពេលលេងប្រចាំថ្ងៃ និងបណ្ដុះសមត្ថភាពក្នុងការគិត និងសកម្មភាពដោយឯករាជ្យ។

ទី២៖ ការរៀនសូត្រដែលកើតចេញពីស្មារតីនៃការស្វែងយល់តាមរយៈកម្មវិធី Ah!So!Bo!។ កម្មវិធី Ah!So!Bo!នេះ ដែលក្រុមសាលាអប់រំអាសារិ បានកំពុងអនុវត្តនៅជប៉ុន គឺជាទម្រង់នៃការអប់រំដែលចាប់ផ្តើមពីស្មារតីស្វែងយល់ពីខាងក្នុងខ្លួនរបស់កុមារ និងពង្រីកការរៀនសូត្រដោយធម្មជាតិតាមរយៈការលេង។ នៅសាលាមត្តេយ្យថ្មីនេះ គោលគំនិតនេះ ត្រូវបានសម្របសម្រួលឱ្យសមស្របនឹងវប្បធម៌ និងរបៀបរស់នៅរបស់កុមារនៅកម្ពុជា។

ទី៣៖ បរិយាកាសថែទាំកុមារដែលផ្ដល់តម្លៃលើទំនាក់ទំនងអន្តរបុគ្គល គឺខណៈពេលដែលផ្ដល់តម្លៃលើទំនាក់ទំនងប្រចាំថ្ងៃរវាងកុមារ និងកុមារ ក៏ដូចជា រវាងកុមារ និងគ្រូ សាលាក៏បណ្ដុះនូវភាពរស់រវើកក្នុងសង្គម សេចក្តីមេត្តាករុណា ក្រមសីលធម៌ និងសុខភាព ក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព។ សាលាគោរពនូវប្រវត្តិវប្បធម៌ចម្រុះ និងបណ្ដុះឥរិយាបថនៃការទទួលយកគ្នាទៅវិញទៅមកក្នុងជីវភាពប្រចាំថ្ងៃ។

ទី៤៖ បរិយាកាសសិក្សាដែលកុមារអាចសិក្សាជាមួយ៣ភាសា គឺភាសាខ្មែរ ជប៉ុន និងអង់គ្លេស។ សាលាមត្តេយ្យស្តង់ដារជប៉ុននេះ បង្កើតបរិយាកាសដែលកុមារអាចសិក្សាជាមួយភាសាជប៉ុន និងអង់គ្លេសដោយធម្មជាតិក្នុងជីវភាពរស់នៅ និងការលេង ខណៈពេលដែលរក្សាភាសាខ្មែរជាគ្រឹះ។ ជាជាងការផ្ដោតលើការទទួលបានភាសា សាលាផ្ដល់តម្លៃលើការធ្វើឱ្យកុមារស៊ាំនឹងវប្បធម៌ និងតម្លៃខុសៗគ្នា និងការបណ្តុះឥរិយាបថគោរពអ្នកដទៃ។

សាលាមត្តេយ្យថ្មីនេះ នឹងមានទីតាំងនៅលើមហាវិថីសម្តេចតេជោ ហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) ក្នុងផ្សារទំនើប Meanchey Avenue ភាគខាងត្បូងរាជធានីភ្នំពេញ ដែលជាតំបន់កំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស និងក្លាយជាតំបន់រស់នៅសម្រាប់គ្រួសារដែលមានកូនតូចៗកាន់តែច្រើន។ សាលាមត្តេយ្យនេះ មានឈ្មោះថា សាលាមត្តេយ្យអន្តរជាតិជប៉ុនអាសារិ (Asari Japan International Kindergarten) និងគ្រោងបើកទទួលកុមារតូចៗចាប់ពីខែឧសភា ឆ្នាំ២០២៦តទៅ។ សម្រាប់ព័ត៌មានលម្អិត អាចទាក់ទងតាមរយៈលេខទូរស័ព្ទ/តេលេក្រាម ០៩៣ ៣០១ ៨៨៨៕