ភាគហ៊ុនទីផ្សាររថយន្តកូរ៉េខាងត្បូង រង្គោះរង្គើក្រោយលោក ត្រាំ គំរាមដំឡើងពន្ធ ២៥%

27-01-2026 11:53

(បរទេស)៖ ទីផ្សារភាគហ៊ុនក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង បានធ្លាក់ចុះមួយរំពេចនៅព្រឹកថ្ងៃនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធលើទំនិញនាំចូលពីកូរ៉េខាងត្បូង រួមមានរថយន្ត ឈើ និងឱសថ ពី ១៥% ទៅ ២៥%។ ការប្រកាសតាមបណ្តាញសង្គមនេះ បានធ្វើឱ្យភាគហ៊ុនក្រុមហ៊ុនយក្ស Hyundai និង Kia ដាំក្បាលចុះភ្លាមៗរហូតដល់ជិត ៦% ប៉ុន្តែត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ភាគហ៊ុនទាំងនោះបានស្ទុះងើបឡើងមកវិញជាបន្តបន្ទាប់។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។

លោក ដូណាល់ ត្រាំ បានផ្ដល់ហេតុផលនៃការសម្រេចចិត្តនេះដោយចោទប្រកាន់ថា រដ្ឋសភារបស់កូរ៉េខាងត្បូង «មិនបានអនុវត្តតាម» (not living up) កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានធ្វើជាមួយទីក្រុងវ៉ាស៊ីនតោន។ សម្ដីនេះមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់វិស័យយានយន្តប៉ុណ្ណោះទេ សូម្បីតែតម្លៃលុយវ៉ុន (Won) ក៏បានធ្លាក់ចុះភ្លាមៗផងដែរ ខណៈដែលគេនៅមិនទាន់ដឹងច្បាស់ថា តើវិធានការដំឡើងពន្ធនេះនឹងត្រូវចាប់ផ្តើមអនុវត្តនៅពេលណានោះទេ។

ទោះជាយ៉ាងណា ភាពភ័យខ្លាចរបស់វិនិយោគិនបានធូរស្រាលវិញយ៉ាងឆាប់រហ័ស ក្រោយអ្នកវិភាគយល់ថា នេះគ្រាន់តែជាសម្ពាធនយោបាយ។ លោក Kim Joon-sung អ្នកវិភាគជាន់ខ្ពស់នៅ Meritz Securities បានលើកឡើងថា ពន្ធនាំចេញរថយន្តទៅអាមេរិកត្រូវបានរំពឹងថា «នឹងត្រូវបញ្ជាក់ឡើងវិញក្នុងកម្រិត ១៥%» ដដែល ព្រោះកិច្ចព្រមព្រៀងរវាងមេដឹកនាំនៃប្រទេសទាំងពីរត្រូវបានសម្រេចរួចរាល់ហើយ។ ការជឿជាក់នេះបានរុញឱ្យសន្ទស្សន៍ផ្សារភាគហ៊ុនកូរ៉េ (KOSPI) ប្រែពីខាតមកចំណេញ ១,២% វិញនៅចុងបញ្ចប់នៃវគ្គជួញដូរ៕