VinFast ចាប់ដៃគូជាមួយក្រុមហ៊ុនយក្សអ៊ីស្រាអែល បញ្ចេញបច្ចេកវិទ្យា «រថយន្តរ៉ូបូត» តម្លៃធូរថ្លៃ ដើម្បីប្រជែងជាមួយ Tesla
27-01-2026 14:31
(បរទេស)៖ ក្រុមហ៊ុនរថយន្តអគ្គិសនីវៀតណាម VinFast បានប្រកាសជាផ្លូវការនូវកិច្ចសហការយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន AI កំពូលរបស់អ៊ីស្រាអែល Autobrains ដើម្បីអភិវឌ្ឍប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិជំនាន់ថ្មី។ គោលដៅធំបំផុតនៃភាពជាដៃគូនេះ គឺការបង្កើតនូវបច្ចេកវិទ្យា «Robo-car» ដែលមានតម្លៃទាប ដែលនឹងជួយឱ្យ VinFast អាចដាក់លក់រថយន្តឆ្លាតវៃក្នុងតម្លៃសមរម្យបំផុតសម្រាប់ទីផ្សារពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។
បច្ចុប្បន្ន VinFast បានចាប់ផ្តើមធ្វើតេស្តបច្ចេកវិទ្យាជំនួយអ្នកបើកបរដ៏ទំនើបនេះរួចរាល់ហើយលើម៉ូដែលពេញនិយម VF 8 និង VF 9។ ក្រុមហ៊ុនមានគោលបំណងពង្រីកសមត្ថភាពរថយន្តរបស់ខ្លួនឱ្យលើសពីកម្រិតទី២ (Level 2) ដែលមានស្រាប់ ដើម្បីផ្តល់នូវសុវត្ថិភាពខ្ពស់ និងភាពងាយស្រួលដល់អ្នកបើកបរ តាមរយៈការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) កាន់តែឆ្លាតវៃជាងមុន។
ចំណុចពិសេសដែលធ្វើឱ្យពិភពលោកចាប់អារម្មណ៍នោះគឺ ប្រព័ន្ធថ្មីនេះនឹងមិនពឹងផ្អែកលើឧបករណ៍សេនស័រ LiDAR ឬរ៉ាដាដែលមានតម្លៃថ្លៃកប់ពពកនោះទេ។ ផ្ទុយទៅវិញ វាប្រើប្រាស់ត្រឹមតែ «កាមេរ៉ាស្តង់ដារចំនួន ៧ គ្រាប់ និងបន្ទះឈីបកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់» ប៉ុណ្ណោះ ដែលជាវិធីសាស្ត្រស្រដៀងទៅនឹងក្រុមហ៊ុន Tesla របស់មហាសេដ្ឋី Elon Musk ដែរ។ ក្រុមហ៊ុនបានបញ្ជាក់ថា បច្ចេកវិទ្យានេះអាចផ្តល់នូវសមត្ថភាពបើកបរដោយខ្លួនឯងក្នុងតម្លៃត្រឹមតែ «មួយចំណែកតូច» បើធៀបនឹងបច្ចេកវិទ្យាចាស់ៗ។
គួរជម្រាបថា បច្ចុប្បន្ន ការសាកល្បងប្រព័ន្ធ «Robo-Car» នេះកំពុងដំណើរការយ៉ាងរលូននៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ហើយ VinFast ត្រៀមនឹង «ពង្រីកការសាកល្បងទៅកាន់ទីក្រុងធំៗ និងទីផ្សារបរទេស» ក្នុងពេលឆាប់ៗខាងមុខ។ នេះគឺជាសញ្ញាវិជ្ជមានមួយបង្ហាញថា នៅពេលដ៏ខ្លីខាងមុខ អ្នកប្រើប្រាស់នឹងអាចមានឱកាសប្រើប្រាស់រថយន្តដែលបើកបរដោយខ្លួនឯង ក្នុងតម្លៃមួយដែលគ្រប់គ្នាអាចទិញបាន៕









