កីឡាហាប់គីដូ បន្ដរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ លើកទី៣ នាចុងសប្ដាហ៍នេះ

27-01-2026 14:58

(ភ្នំពេញ)៖ សហព័ន្ធខ្មែរកីឡាហាប់គីដូ បានប្រកាសនឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី៣ ប្រចាំឆ្នាំ២០២៥ នាថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី0១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះនៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធ ការប្រកួតប្រចាំឆ្នាំនេះ នឹងមានកីឡាករ-កីឡាការិនីប្រមាណ ៧០នាក់ មកពីបណ្ដាសមាគម/ក្លឹបចំនួន ៦ចូលរួម និងធ្វើការប្រកួតលើ ៦វិញ្ញាសា ដើម្បីផ្លាស់ប្ដូរបច្ចេកទេសគ្នា ក្រោមស្មារតីកីឡា និងមិត្តភាព ក្នុងទិសដៅជំរុញសកម្មភាព និងការអភិវឌ្ឍវិស័យកីឡានេះឲ្យកាន់តែរីកចម្រើន។

យោងតាមលោក គួច ហុងជៀក អនុប្រធានសហព័ន្ធ ធ្លាប់បានបញ្ជាក់កាលពីថ្មីៗថា ការប្រកួតជើងឯកថ្នាក់ជាតិនេះ បញ្ហាប្រឈមដូចរាល់ឆ្នាំដែរ គឺការខ្វះខាតថវិកាក្នុងការរៀបចំ ដ្បិតត្រូវចំណាយច្រើន។ យ៉ាងណាមិញ សហព័ន្ធនៅតែជម្នះក្នុងការរៀបចំ ដើម្បីផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនី ដែលខិតខំហ្វឹកហាត់កន្លងមក បានបញ្ចេញ និងវាស់ស្ទង់សមត្ថភាព ក្នុងន័យពង្រឹងការអភិវឌ្ឍវិស័យកីឡាហាប់គីដូកម្ពុជា សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា៕