Tencent បោះទុនពង្រីកសេវាកម្ម Cloud នៅមជ្ឈិមបូព៌ា ដើម្បីប្រជែងឥទ្ធិពលជាមួយអាមេរិក
27-01-2026 15:51
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់កំពូលរបស់ចិន Tencent បានប្រកាសផែនការពង្រីកមជ្ឈមណ្ឌលទិន្នន័យ (Data Center) របស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ា អឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក ក្នុងរយៈពេល ១២ ទៅ ១៨ ខែខាងមុខ។ ការសម្រេចចិត្តនេះធ្វើឡើងក្នុងគោលបំណងពង្រីកសេវាកម្ម Cloud របស់ខ្លួននៅក្រៅប្រទេសចិន ចំពេលដែលតំបន់មជ្ឈិមបូព៌ាកំពុងក្លាយជាសមរភូមិបច្ចេកវិទ្យាដ៏ក្តៅគគុក និងមានការកើនឡើងនៃការចំណាយលើផ្នែក IT យ៉ាងខ្លាំង ដែលត្រូវបានព្យាករណ៍ថានឹងកើនដល់ ១៥៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥។ នេះបើយោងតាមការចេញផ្សយដោយ CNBC នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។
លោក Dowson Tong នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Tencent cloud group បានបញ្ជាក់ប្រាប់សារព័ត៌មាន CNBC ថា ក្រុមហ៊ុនកំពុងស្វែងរកឱកាសយ៉ាងសកម្មក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែម។ លោកបានមានប្រសាសន៍ថា៖ «យើងមានបំណងបង្កើនការវិនិយោគនៅក្នុងតំបន់នេះ និងបង្កើតបណ្តាញភាពជាដៃគូឱ្យកាន់តែរឹងមាំ។ ហើយនោះគឺជាអ្វីដែលស្ថិតនៅក្នុងផែនការទាំងអស់»។ ទោះជាយ៉ាងណា លោកមិនទាន់បានបង្ហាញពីឈ្មោះប្រទេសជាក់លាក់ ឬកាលវិភាគលម្អិតសម្រាប់ការបង្កើតតំបន់សេវាកម្មថ្មីៗទាំងនោះនៅឡើយទេ។
យុទ្ធសាស្ត្រនេះនឹងធ្វើឱ្យ Tencent ក្លាយជាគូប្រជែងផ្ទាល់ជាមួយក្រុមហ៊ុនយក្សអាមេរិកដូចជា Amazon, Microsoft និង Google ដែលកំពុងមានវត្តមាននៅទីនោះស្រាប់។ ដើម្បីបង្កើតភាពខុសប្លែក Tencent ផ្ដោតលើការបម្រើអតិថិជនចិនដែលពង្រីកអាជីវកម្មទៅក្រៅប្រទេស ដូចជាក្រុមហ៊ុនដឹកជញ្ជូនអាហារ Keeta និងក្រុមហ៊ុនហ្គេមនានា។ ការសម្រុកចូលទីផ្សារមជ្ឈិមបូព៌ានេះ មិនមែនមានតែ Tencent នោះទេ សូម្បីតែក្រុមហ៊ុន Lenovo ក៏បានទៅបង្កើតទីស្នាក់ការធំ និងរោងចក្រនៅអារ៉ាប៊ីសាអូឌីតផងដែរ ដោយសារមើលឃើញពីសក្តានុពលខ្ពស់នៃតំបន់នេះ។
គួរជម្រាបថា លោក Winston Cheng នាយកផ្នែកហិរញ្ញវត្ថុរបស់ Lenovo បានលើកឡើងពីភាពទាក់ទាញនៃតំបន់នេះថា៖ «ខ្ញុំគិតថាមានគំនិតផ្តួចផ្តើម និងការវិនិយោគជាច្រើនកំពុងហូរចូល... មជ្ឈិមបូព៌ា។ ដូច្នេះ យើងពិតជាមានការរំភើបចំពោះឱកាសនៅទីនោះណាស់»។ សន្ទុះនៃការវិនិយោគនេះសបញ្ជាក់ឱ្យឃើញថា មជ្ឈិមបូព៌ាកំពុងក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាពិភពលោកថ្មីមួយ ដែលទាក់ទាញទាំងក្រុមហ៊ុនបច្ចេកវិទ្យា AI និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលពីគ្រប់ទិសទី៕









