ក្រុមហ៊ុនផលិតទឹកដោះគោធំៗចំនួន៣ ប្រកាសដកហូតទឹកដោះគោ សម្រាប់ទារកទូទាំងពិភពលោក ដោយសារការព្រួយបារម្ភអំពីសារធាតុពុល

27-01-2026 18:06

(ភ្នំពេញ)៖ យោងតាមសារព័ត៌មាន Reuters ក្រុមហ៊ុនផលិតទឹកដោះគោធំៗបំផុត នៅលើពិភពលោកចំនួនបី បានប្រកាសដកហូតទឹកដោះគោសម្រាប់ទារក ដោយសារសារធាតុពុលដែលអាចបណ្តាលឲ្យពុលអាហារ។

ក្រុមហ៊ុន Nestlé បានចាប់ផ្តើមដកហូតក្រុមផលិតផលអាហារូបត្ថម្ភសម្រាប់ទារកនៅក្នុងប្រទេសជាច្រើន ភាគច្រើននៅទ្វីបអឺរ៉ុប ព្រមទាំងប្រទេសអូស្ត្រាលី ប្រេស៊ីល ចិន ម៉ិកស៊ិក និងអាហ្វ្រិកខាងត្បូង កាលពីដើមខែនេះ ខណៈដែលក្រុមហ៊ុនបារាំង Danone និង Lactalis បានអនុវត្តតាមនៅថ្ងៃពុធ ទី២២ ខែមករា។

Nestlé បានបញ្ជាក់ថា ក្រុមផលិតជាក់លាក់នៃទឹកដោះគោសម្រាប់ទារកម៉ាក SMA និងទឹកដោះគោបន្តបន្ទាប់ (follow-on formula) ដែលលក់នៅទូទាំងពិភពលោក អាចមានសារធាតុ cereulide ដែលអាចបង្កឲ្យមានអាការៈចង់ក្អួត និងក្អួតបន្ទាប់ពីទទួលទាន ហើយបានបញ្ជាក់ថា ផលិតផលទាំងនេះមិនមានសុវត្ថិភាពសម្រាប់បំបៅទារកឡើយ។

ការស៊ើបអង្កេតតាមផ្លូវតុលាការមួយ កំពុងពិនិត្យថាតើទឹកដោះគោ Nestlé មានពាក់ព័ន្ធនឹងការស្លាប់របស់ទារកម្នាក់នៅប្រទេសបារាំងឬយ៉ាងណា ដោយក្រសួងកសិកម្មបារាំង បានអះអាងថា លទ្ធផលរំពឹងនឹងចេញក្នុងរយៈពេលប្រហែល១០ថ្ងៃ។

អាជ្ញាធរអាហារសិង្ហបុរី (SFA) បានបញ្ជាឲ្យដកហូតជាមុន ដោយវិធានការការពារ នូវទឹកដោះគោ Dumex Dulac 1 របស់ក្រុមហ៊ុន Danone ដែលមានប្រភពពីប្រទេសថៃ និងទឹកដោះគោ NAN HA1 SupremePro របស់ Nestlé ដែលមានប្រភពពីប្រទេសស្វីស បន្ទាប់ពីរកឃើញសារធាតុ cereulide។

ខណៈពេលដូចគ្នានេះ ក្រុមហ៊ុន Lactalis បានប្រកាសនៅថ្ងៃពុធថា ផ្នែកអាហារូបត្ថម្ភរបស់ខ្លួន បានដកហូតក្រុមផលិតទឹកដោះគោសម្រាប់ទារកនៅក្នុងប្រទេសចំនួន១៨ ដោយសារការរកឃើញសារធាតុ cereulide ក្នុងវត្ថុធាតុដើមមួយ ដែលបានផ្គត់ផ្គង់ដោយអ្នកផ្គត់ផ្គង់មួយ។

មន្ត្រីម្នាក់នៃក្រសួងកសិកម្មបារាំងបានប្រាប់ Reuters ថា «ក្រុមហ៊ុនផលិតទឹកដោះគោសម្រាប់ទារកទាំងអស់នៅប្រទេសបារាំង និងអន្តរជាតិ ទំនងជាបានរងផលប៉ះពាល់ ពីការផ្គត់ផ្គង់វត្ថុធាតុដើមមិនស្របតាមស្តង់ដារពីក្រុមហ៊ុនផលិតដូចគ្នា ដែលបាននាំឲ្យមានការដកហូតដោយ Nestlé និង Lactalis»។

មុននេះ Nestlé បានបញ្ជាក់ថា ខ្លួនមិនទាន់ទទួលបានរបាយការណ៍ណាមួយដែលបានបញ្ជាក់ថា មានជំងឺកើតឡើងពីការទទួលទានផលិតផលទាំងនេះនៅឡើយទេ ប៉ុន្តែបានប្រកាសដកហូត «ដោយយកការប្រុងប្រយ័ត្នខ្ពស់ជាងគេ»

ក្រុមហ៊ុន Nestlé បានឲ្យដឹងថា បន្ទាប់ពីរកឃើញបញ្ហាគុណភាពក្នុងវត្ថុធាតុដើមមួយ ដែលផ្គត់ផ្គង់ដោយអ្នកផ្គត់ផ្គង់ធំមួយ ខ្លួនបានធ្វើតេស្តលើប្រេង arachidonic acid (ARA) ទាំងអស់ និងល្បាយប្រេងពាក់ព័ន្ធ ដែលត្រូវបានប្រើក្នុងការផលិតផលិតផលអាហារូបត្ថម្ភសម្រាប់ទារក ដែលអាចរងផលប៉ះពាល់។

ក្រុមហ៊ុនបានបញ្ជាក់ថា មកទល់ពេលនេះ មិនទាន់មានករណីជំងឺណាមួយត្រូវបានបញ្ជាក់ថាពាក់ព័ន្ធនឹងផលិតផលទាំងនេះនៅឡើយទេ។

Nestlé បានបញ្ជាក់បន្ថែមថា ខ្លួនកំពុងទាក់ទងជាមួយអាជ្ញាធរនៅក្នុងប្រទេសពាក់ព័ន្ធ ដើម្បីធានាថាវិធានការចាំបាច់ទាំងអស់ត្រូវបានអនុវត្ត ហើយបានធានាដល់ឪពុកម្តាយ និងអ្នកថែទាំថា ក្រុមហ៊ុនកំពុងអនុវត្តវិធានការសមស្រប ដើម្បីជួយធានាសុខភាព និងសុខុមាលភាពរបស់គ្រួសារ និងទារក។

ក្នុងពេលដូចគ្នានេះ ក្រុមហ៊ុនក៏កំពុងធ្វើការដើម្បីកាត់បន្ថយការរំខានដែលអាចកើតមានចំពោះការផ្គត់ផ្គង់ផងដែរ។ Nestlé បានបញ្ជាក់ថា ខ្លួននៅតែប្តេជ្ញាចិត្ត ក្នុងការផ្តល់ព័ត៌មាន ដល់ឪពុកម្តាយ អ្នកថែទាំ និងសាធារណជនជាបន្តបន្ទាប់ ព្រមទាំងផ្តល់ព័ត៌មានច្បាស់លាស់ មានតម្លាភាព និងការគាំទ្រពេញលេញ ក្នុងអំឡុងដំណើរការនេះ។

Nestlé បានអះអាងថា ប្រេង ARA ត្រូវបានប្រើនៅក្នុងផលិតផលអាហារូបត្ថម្ភ សម្រាប់ទារកជាច្រើនប្រភេទនៅទូទាំងពិភពលោក «ដូច្នេះបញ្ហានេះបានប៉ះពាល់ដល់ប្រទេស ម៉ាក និងផលិតផលជាច្រើន» ប៉ុន្តែបានបញ្ជាក់ថា ម៉ាក និងផលិតផលជាក់លាក់ដែលរងផលប៉ះពាល់ នឹងខុសគ្នាទៅតាមប្រទេសនីមួយៗ។

ក្រុមហ៊ុនបានបន្ថែមថា ក្រុមការងារមូលដ្ឋានរបស់ខ្លួន កំពុងរៀបចំបោះពុម្ពផ្សាយព័ត៌មានចាំបាច់ នៅលើគេហទំព័រមូលដ្ឋានរបស់ Nestlé ឬគេហទំព័រម៉ាកផលិតផលនីមួយៗ។ Nestlé នៅតែប្តេជ្ញាចិត្តក្នុងការផ្តល់ព័ត៌មាន និងការគាំទ្រដោយច្បាស់លាស់ និងមានតម្លាភាពដល់ឪពុកម្តាយ អ្នកថែទាំ និងសាធារណជន។

Nestlé បានណែនាំថា ឪពុកម្តាយណាដែលមានការព្រួយបារម្ភអំពីសុខភាព ឬអាហារូបត្ថម្ភរបស់កូន គួរតែទាក់ទងវេជ្ជបណ្ឌិតកុមារ ឬអ្នកផ្តល់សេវាសុខាភិបាល ហើយអាចទទួលបានការបង្វិលប្រាក់វិញពេញលេញ សម្រាប់ផលិតផលដែលត្រូវបានដកហូត៕