អេស្ប៉ាញ នឹងធ្វើម្ចាស់ផ្ទះផ្តាច់ព្រ័ត្រ World Cup 2030 គម្រប់ខួប ១០០ឆ្នាំនៃព្រឹត្តិការណ៍ធំនេះ
28-01-2026 09:50
(បរទេស)៖ លោក Rafael Louzan ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញបានថ្លែងថា ប្រទេសអេស្ប៉ាញនឹងធ្វើម្ចាស់ផ្ទះប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2030 ក្នុងខួបគម្រប់ ១០០ឆ្នាំផងដែរនៃកម្មវិធីធំ ៤ឆ្នាំម្តងនេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ប្រទេសស្ថិតនៅទ្វីបអឺរ៉ុបខាងលើនេះ ជាសហម្ចាស់ផ្ទះជាមួយព័រទុយហ្គាល់ និងម៉ារ៉ុក ដើម្បីរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅឆ្នាំ២០៣០ ជំនាន់ទី២៤ បន្ទាប់ពីប្រកួតបើកឆាកផ្តើមចេញពីប្រទេសស្ថិតនៅតំបន់អាមេរិកឡាទីន រួមមានអ៊ុយរូហ្គាយ អាហ្សង់ទីន និងប៉ារ៉ាហ្គាយ។
ដំបូងឡើយប្រទេសស្ថិតនៅទ្វីបអាហ្រ្វិក ម៉ារ៉ុក ក៏មានបំណងធ្វើម្ចាស់ផ្ទះផ្តាច់ព្រ័ត្រនេះដែរ ក៏ប៉ុន្តែត្រូវបានលោក Louzan គូសបញ្ជាក់ថា «អេស្ប៉ាញស្តាតល្អៗច្រើន និងផ្ទុកអ្នកទស្សនាបានច្រើនទៀតផង។ អេស្ប៉ាញ នឹងធ្វើជាអ្នកចាប់ផ្តើម និងបញ្ចប់នៃ World Cup 2030»។
លោកបានបន្ថែមថា កីឡដ្ឋាន Bernabeu របស់ក្លឹប Real Madrid និង Nou Camp របស់ FC Barcelona ជាទីតាំងកំពុងស្ថិតក្នុងការពិចារណា ក្រោយពេលផ្តាច់ព្រ័ត្រ World Cup 2026 ធ្វើនៅសហរដ្ឋអាមេរិក ដែលជាដៃគូសហម្ចាស់ផ្ទះជាមួយមិចស៊ិក និងកាណាដា៕



