កំពូលអ្នកឡើងអគារ លោក Alex Honnold ទម្លាយឱ្យដឹងថាទទួលបានប្រាក់តិចតួចប៉ុណ្ណោះពី Netflix ក្រោយការឡើងអគារ Taipei 101
28-01-2026 09:51
(វ៉ាស៊ីនតោន)៖ កំពូលអ្នកឡើងភ្នំ និងអគារជាជនជាតិអាមេរិក លោក Alex Honnold បានទម្លាយឱ្យដឹងថារូបលោកទទួលបានប្រាក់តិចតួចប៉ុណ្ណោះពី Netflix បន្ទាប់ពីរូបលោក ឡើងអគារ Taipei 101 ដែលមានកម្ពស់ជាង៥០០ម៉ែត្រ ដោយមិនមានចងខ្សែ ឬឧបករណ៍ការពារសុវត្ថិភាពអ្វីទាំងអស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New York Post។
លោក Alex Honnold មានអាយុ ៤០ឆ្នាំ បានចំណាយពេល៩០នាទី ដើម្បីឡើងអគារ Taipei 101 នៅកោះតៃវ៉ាន់ ហើយត្រូវបានផ្សាយផ្ទាល់ដោយ Netflix ក្នុងព្រឹត្តិការណ៍ Skyscraper Live កាលពីថ្ងៃអាទិត្យ ទី២៥ ខែមករា។ ប៉ុន្តែលោក Honnold បានទម្លាយឱ្យដឹងថាប្រាក់ពលកម្មដែលលោកទទួលបានពីការឡើងអគារនេះគឺមានចំនួនតិចតួច បំផុត ធៀបទៅនឹងអត្តពលិកអាជីពដទៃទៀត។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាមេរិក New York Times លោក Honnold បាននិយាយថា «វាជាចំនួនទឹកប្រាក់តិចតួច បំផុត។ ពិតណាស់ ប្រសិនបើអ្នកធ្វើការប្រៀបធៀបទៅនឹងការផ្សាយផ្ទាល់ព្រឹត្តិការណ៍កីឡាដទៃទៀត វាពិតជាចំនួនទឹកប្រាក់តិចតួចប៉ុណ្ណោះ។ អ្នកដឹងទេ កីឡាករមកពីក្របខណ្ឌ កីឡា Baseball Major League Baseball យ៉ាងហោចណាស់ ពួកគេទទួលបានកុងត្រា ១៧០លានដុល្លារ»។
លោក Honnold មិនបានបញ្ជាក់លម្អិតថាតើលោកទទួលបានប្រាក់ពលកម្មប៉ុន្មាន ពីការឡើងអគារ Taipei 101 នោះទេ។ តែបង្ហើបថាលោកទទួលបានតិចជាង ១លានដុល្លារ។ យ៉ាងណាក៏ដោយ លោកបានអះអាងថាលោកឡើងអគារមិនមែនដើម្បីប្រាក់ទេ ហើយបើគ្មានការផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ក៏ដោយ ឱ្យតែម្ចាស់អគារអនុញ្ញាត នោះលោកនៅតែឡើងអគារដដែលដោយមិនយកប្រាក់ឡើយ៕







