យល់ដឹងកីឡា៖ អ៉ីស្លង់ នៅតែជាប្រទេសមានប្រជាជនតិចជាងគេ បានឡើងទៅលេង បាល់ទាត់ពិភពលោក

28-01-2026 09:59

(បរទេស)៖ ប្រទេសស្ថិតនៅទ្វីបអឺរ៉ុប អ៉ីស្លង់ ដែលមានប្រជាជនប្រមាណតែជាង ៣០ម៉ឺននាក់ប៉ុណ្ណោះ បានឡើងទៅលេងជុំចុងក្រោយ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup កាលពីឆ្នាំ២០១៨។

វានៅតែជាកំណត់ត្រាពិភពលោកដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ FIFA ដែលរៀបចំកម្មវិធីធំនេះបាន ២២លើក ស្របពេលមហាអំណាចចិន មានសេដ្ឋកិច្ចលេខ២ បច្ចប្បន្ន និងមានប្រជាជន ១.៤ពាន់លាននាក់ច្រើនជាងគេ ក៏ទើបបង្ហាញខ្លួននៅ World Cup បាន ១លើកផងដែរកាលឆ្នាំ២០០២ នៅពេលកូរ៉េខាងត្បូង និងជប៉ុន ធ្វើម្ចាស់ផ្ទះរួមគ្នា។

អ៉ីស្លង់ បានស្ថិតក្នុងចំណោម ១២ប្រទេស ក្នុងចំណោម ៥៥ប្រទេសប្រចាំតំបន់អឺរ៉ុប ដែលបានឆ្លងផុតវគ្គជម្រុះឡើងទៅលេង World Cup វគ្គចែកពូល ៣២ក្រុមនៅប្រទេសរុស្ស៊ី ដោយស្ថិតក្នុងពូល D ជាមួយក្រូអាត អាហ្សង់ទីន និងនីហ្សេរីយ៉ា។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

គួរបញ្ជាក់ផងថា បច្ចុប្បន្នក្រុមបាល់ទាត់ជម្រើសជាតិអ៉ីស្លង់ ដែលឈ្មោះកីឡាករភាគច្រើនរបស់ពួកគេបញ្ចប់ទៅដោយពាក្យ «son» នោះ ឈរនៅលំដាប់លេខរៀងទី៧៤ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក FIFA World Ranking។

រឿងដ៏អស្ចារ្យមួយទៀត គឺអ៉ីស្លង់បានឡើងទៅលេងពានប្រចាំទ្វីបអឺរ៉ុប Euro 2016 លើកដំបូងទៀតផង និងឆ្លងចូលវគ្គ ៨ក្រុមចុងក្រោយ ហើយក៏បានទម្លាក់ក្រុមខ្លាំងតោកំណាចអង់គ្លេស ២-១ ក្នុងវគ្គ ១៦ក្រុមថែមទៀតផង៕