Amazon ផ្ញើអ៊ីមែលបញ្ឈប់បុគ្គលិកខុសបច្ចេកទេស បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង
28-01-2026 10:29
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Amazon បានបង្កកំហុសអចេតនាមួយ នៅថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីបានផ្ញើអ៊ីមែលជូនដំណឹងពីការបញ្ឈប់បុគ្គលិកក្នុងផ្នែក Cloud (AWS) មុនកាលកំណត់។ កំហុសនេះបានធ្វើឱ្យបុគ្គលិកនៅអាមេរិក កាណាដា និងកូស្តារីកា ទទួលបានសារសោកស្តាយ និងការអញ្ជើញប្រជុំបន្ទាន់ទាំងមិនទាន់ដឹងខ្លួន រហូតដល់ក្រុមហ៊ុនត្រូវប្រកាសលុបចោលការប្រជុំនោះវិញភ្លាមៗ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។
នៅក្នុងអ៊ីមែលដែលបានបែកធ្លាយនោះ លោកស្រី Colleen Aubrey អនុប្រធានជាន់ខ្ពស់នៅ AWS បានហៅផែនការកាត់បន្ថយបុគ្គលិកនេះថាជា «Project Dawn» ដោយបញ្ជាក់ថា៖ «ការសម្រេចចិត្តទាំងនេះគឺពិតជាលំបាក និងត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់បំផុត ដើម្បីរៀបចំស្ថាប័ន និង AWS សម្រាប់ភាពជោគជ័យនៅថ្ងៃអនាគត»។
ការកាត់បន្ថយបុគ្គលិកក្នុងសប្តាហ៍នេះ គឺជាផ្នែកមួយនៃផែនការធំក្នុងការកាត់បន្ថយបុគ្គលិកការិយាល័យសរុបប្រហែល ៣០,០០០ នាក់ (ជិត ១០% នៃបុគ្គលិកសរុប)។ ផ្នែកដែលរងផលប៉ះពាល់ខ្លាំងរួមមាន AWS, ផ្នែកលក់រាយ, Prime Video និងផ្នែកធនធានមនុស្ស។
គួរជម្រាបថា មូលហេតុចម្បងដែលនាំឱ្យមានការកាត់បន្ថយទ្រង់ទ្រាយធំនេះ ត្រូវបានថ្នាក់ដឹកនាំ Amazon បញ្ជាក់ថា គឺដោយសារ «ការកើនឡើងនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)»។ ក្រុមហ៊ុនក៏បានបង្ហើបផងដែរថា ការកាត់បន្ថយការងារអាចនឹងបន្តមានទៀត ខណៈដែល Amazon កំពុងរុញច្រានការប្រើប្រាស់បច្ចេកវិទ្យា AI ជំនួសកម្លាំងមនុស្សក្នុងផ្នែកខ្លះនៃអាជីវកម្មរបស់ខ្លួន៕










