ធនាគារ «ខេប៊ីប្រាសាក់» ទទួលបានវិញ្ញាបនបត្រអនុលោមភាព ក្នុងក្របខ័ណ្ឌត្រួតពិនិត្យសន្តិសុខ សម្រាប់អតិថិជនប្រើសេវាផ្ទេរប្រាក់ក្រៅប្រទេសតាម «SWIFT» ឆ្នាំ២០២៥
28-01-2026 10:53
(ភ្នំពេញ)៖ ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពដែលបានទទួលវិញ្ញាបនបត្រអនុលោមភាព សម្រាប់ក្របខ័ណ្ឌត្រួតពិនិត្យសន្តិសុខអតិថិជន ប្រើសេវាផ្ទេរប្រាក់ក្រៅប្រទេសតាម SWIFT សម្រាប់ឆ្នាំ២០២៥ (SWIFT Customer Security Controls Framework v2025) កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ដែលជាក្របខ័ណ្ឌដ៏សំខាន់មួយ ត្រូវបានបង្កើតឡើងដើម្បីការពារអតិថិជន ដែលប្រើប្រាស់សេវាផ្ទេរប្រាក់អន្តរជាតិតាម SWIFT ពីការគំរាមកំហែងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។
វិញ្ញាបនបត្រដ៏វិសេសនេះត្រូវបានវាយតម្លៃ និងប្រគល់ជូនដោយ SISA Information Security Worldwide ដែលមានសុពលភាពចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ សមិទ្ធផលដ៏សំខាន់នេះ សបញ្ជាក់ពីការយកចិត្តទុកដាក់ និងភាពល្អប្រសើររបស់ធនាគារ ក្នុងការការពារព័ត៌មានសំខាន់ៗរបស់អតិថិជន ទន្ទឹមនឹងការរក្សាបាននូវបទដ្ឋានសុវត្ថិភាពខ្ពស់បំផុតជាសកល។
ថ្លែងក្នុងឱកាសដ៏រីករាយនេះ លោក រី វណ្ណា ប្រធាននាយកប្រតិបត្តិធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា «ដោយសារការខិតខំធ្វើការដោយយកចិត្តទុកដាក់ និងវិជ្ជាជីវៈរបស់បុគ្គលិក យើងអាចទទួលបានវិញ្ញាបនបត្រដ៏ខ្ពង់ខ្ពស់នេះ។ សមិទ្ធផលនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ជាបន្តបន្ទាប់របស់យើងក្នុងការការពារព័ត៌មាន និងប្រតិបត្តិការរបស់អតិថិជន»។
ធនាគារ ខេប៊ីប្រាសាក់ ត្រូវបានបញ្ជាក់ថា បានអនុលោមតាមតម្រូវការរបស់បទដ្ឋានសុវត្ថិភាពអតិថិជន SWIFT ឆ្នាំ២០២៥ បន្ទាប់ពីឆ្លងកាត់ដំណើរការវាយតម្លៃយ៉ាងហ្មត់ចត់។ អនុលោមភាពនេះផ្អែកលើភស្តុតាង វត្ថុតាង និងឯកសារដែលបានផ្តល់ជូន SISA Information Security Worldwide ដែលជាផ្នែកមួយនៃដំណើរការវាយតម្លៃ ក្របខ័ណ្ឌវាយតម្លៃឯករាជ្យឆ្នាំ២០២៥។
ធនាគារ ខេប៊ីប្រាសាក់ នៅតែប្តេជ្ញាចិត្តខ្ពស់ក្នុងការធានាថាព័ត៌មាន និងប្រតិបត្តិការរបស់អតិថិជនត្រូវបានការពារ និងមានសុវត្ថិភាព។ ធនាគារបន្តពង្រឹងផ្នែកបច្ចេកវិទ្យា និងវិធានការសុវត្ថិភាព ដើម្បីធានាថា ការផ្ទេរប្រាក់អន្តរជាតិមានសុវត្ថិភាព និងងាយស្រួលសម្រាប់អតិថិជនទាំងអស់ ដែលធ្វើឱ្យធនាគារ ខេប៊ីប្រាសាក់ ក្លាយជាដៃគូហិរញ្ញវត្ថុដ៏ទុកចិត្ត៕







