FIFA នឹងខាតបង់ប្រាក់ចំណូលរាប់ពាន់លាន ប្រសិនបើក្រុមនៅអាមេរិកឡាទីន ដកខ្លួនពី World Cup 2026

28-01-2026 11:14

(បរទេស)៖ លោកបណ្ឌិត Rob Wilson អ្នកជំនាញហិរញ្ញវត្ថុបាល់ទាត់បានវិភាគថា សហព័ន្ធ FIFA នឹងបាត់បង់ប្រាក់ចំណូលដល់ទៅ ២ពាន់លានដុល្លារឯណោះ ប្រសិនបើបណ្តាក្រុមមកពីតំបន់អាមេរិកខាងត្បូង ដកខ្លួនពីព្រឹត្តិការណ៍ World Cup 2026 ដែលរៀបចំនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា។

លោកបានធ្វើការពន្យល់ តាមរយៈដកស្រង់ចេញផ្សាយដោយគេហទំព័រ sport bible ថា ដោយមើលឃើញពីភាពតានតឹងផ្នែកនយោបាយពិភពលោកបច្ចុប្បន្ន ជាពិសេសប្រមុខសេតវិមាន ដូណាល់ ត្រាំ ចង់គ្រប់គ្រងកោះ Greenland ផងនោះ វានឹងអាចជះឥទ្ធិពលដល់កម្មវិធី World Cup ដែលលេងនៅចន្លោះខែមិថុនា និងកក្កដាខាងមុខ។

ប្រសិនបើមានប្រទេស ឬក៏កីឡាករលំដាប់ពិភពលោកណាពហិការ World Cup 2026 មានដូចជា អាហ្សង់ទីន ឬប្រេស៊ីល ជាដើមនោះ ច្បាស់ណាស់វានឹងប៉ះពាល់ខ្លាំងមែនទែន។

លោកបន្តថា «ប្រសិនបើមានប្រទេសធំមួយនៅប៉ែកឡាទីនដកខ្លួនពី World Cup វាអាចនឹងមានក្រុមដទៃផ្សេងទៀតធ្វើតាម។ បណ្តាប្រទេសនៅអាមេរិកខាងត្បូង សំបូរទៅដោយកីឡាករល្បីៗ នៅពេលដែលអាហ្សង់ទីនជាម្ចាស់ការពារតំណែងជើងឯក ហើយប្រេស៊ីលវិញជាខ្លាចាស់ដែលធ្លាប់ឈ្នះពានធំនេះបាន ៥ដងច្រើនជាងគេទៀតផង»

លោក Wilson បានគូសបញ្ជាក់ថា ទំហំនៃការខាតបង់ប្រាក់ចំណូលនៅចន្លោះ ២ពាន់លានដុល្លារ និងចាប់ពី ៧០០លានដុល្លារដល់ទៅ ១ពាន់លានដុល្លារថែមទៀត ដែលជាប្រាក់ចំណូលបានពីប្រព័ន្ធផ្សព្វផ្សាយ៕