តើក្រុមណា នឹងក្លាយជាជើងឯកពានរង្វាន់បាល់ទះសម្ដេចក្រឡាហោម ស ខេង រដូវកាលថ្មី?
28-01-2026 11:22
(ភ្នំពេញ)៖ បន្ទាប់ពីខកខានការប្រកួតជាង ១ឆ្នាំ ព្រឹត្តិការណ៍បាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី៤ ឆ្នាំ២០២៦ នឹងត្រឡប់មកវិញ នាដើមខែកុម្ភៈខាងមុខ ដោយមានបេក្ខភាពប្រកួតប្រជែង ៣២ក្រុមផ្នែកបុរស និង ៨ក្រុមផ្នែកនារី។ ចាំមើលតើក្រុមណា នឹងក្លាយជាម្ចាស់ពានកម្រិតទី២ ក្នុងស្រុកមួយនេះ?
យោងតាមកម្មវិធីប្រកួតដែលសហព័ន្ធកីឡាបាល់ទះកម្ពុជា ទើបបង្ហាញជាផ្លូវការ ការប្រកួតនេះនឹងប្រព្រឹត្តទៅពីថ្ងៃទី០៧ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក)។ ក្នុងនោះផ្នែកបាល់ទះបុរស បែងចែកជា ៨ពូល ដើម្បីធ្វើការប្រកួតជម្រុះវិលជុំ និងចម្រាញ់យកក្រុមលេខ១ និងលេខ២ តាមពូលនីមួយៗឡើងវគ្គបន្ដ ខណៈផ្នែកនារី ចែកចេញជា ២ពូល។
ចំពោះប្រាក់រង្វាន់ជយលាភី នៃពានសម្ដេចក្រឡាហោម ស ខេង រដូវកាលនេះ ក្រុមជើងឯក នឹងទទួលបានប្រាក់រង្វាន់ ៥០លានរៀល, លេខ២៖ ២០លានរៀល, លេខ៣៖ ១២លានរៀល, លេខ៤៖ ៨លានរៀល និងប្រាក់រង្វាន់លើកទឹកចិត្តម្ចាស់ពានឯកត្ដជនផ្សេងទៀត។ រីឯផ្នែកនារី ក្រុមជើងឯកទទួលបានប្រាក់រង្វាន់ ១៥លានរៀល, លេខ២៖ ៨លារៀលន, លេខ៣៖ ៤លានរៀល និងលេខ៤៖ ២លានរៀល។
គួររំឮកថា កាលពីរដូវកាលមុន ជើងឯកប្រចាំព្រឹត្តិការណ៍នេះ បានទៅក្រុមបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោយយកឈ្នះក្រុមក្រសួងមហាផ្ទៃ ដោយលទ្ធផល ៣-២(សិត) ក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីចុងឆ្នាំ២០២៤។ បន្ទាប់មកសហព័ន្ធក៏កែសម្រួលកាលវិភាគប្រកួតបន្ទាប់ពីចុងឆ្នាំ មករៀងរាល់ដើមឆ្នាំវិញ ដែលធ្វើឲ្យការរៀបចំពីរដូវកាលទី៣ មកដល់រដូវកាលទី៤ មានគម្លាតយូរពីគ្នារហូតដល់ជាង ១ឆ្នាំ៕








