សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បើកការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥» (Video inside)
28-01-2026 12:08
(ភ្នំពេញ)៖ លោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញបើក «ការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥» នៅទីលានប៉េតង់ ពហុកីឡដ្ឋានជាតិ។
ពិធីនេះមានការចូលរួមពីសំណាក់បណ្ឌិត សោម ចិន សមាជិករដ្ឋសភា, លោកស្រី ចម ក្រស្នា អគ្គនាយិការក្រុមហ៊ុន សោម៉ាគ្រុប, អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី, អ៊ុក សិទ្ធិជាតិ សមាជិករដ្ឋសភានិងជាអនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការប្រតិបត្តិ និងទីប្រឹក្សានៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា, លោក សុខ សប្បាយណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជាអគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា, លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា, លោក ប៉ុន សុខ អគ្គនាយក អគ្គនាយកដ្ឋានកីឡា និងតំណាងអង្គភាពចំណុះទាំងអស់ ព្រមទាំងតំណាងក្រុមហ៊ុនដៃគូឧបត្ថម្ភ។
លោក សុខ សូកាន បានឱ្យដឹងថា ការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ លើវិញ្ញាសាប្រកួតចំនួន៨ រួមមានទី១៖ បុរស១៨ឆ្នាំឡើង ១នាក់ ទល់ ១នាក់ , ២៖ នារី១៨ឆ្នាំឡើង ១នាក់ ទល់ ១នាក់ ៣៖ កុមារី អាយុ១២ ដល់១៥ឆ្នាំ ១នាក់ ទល់១នាក់, ៤៖ កុមារា អាយុ១២ ដល់១៥ឆ្នាំ ១នាក់ទល់១នាក់, ៥៖ បុរស១៦ឆ្នាំឡើង វាយយកពិន្ទុ, ៦៖ នារី១៦ឆ្នាំឡើង វាយយកពិន្ទុ, ៧៖ បុរស១៦ឆ្នាំឡើង ៣នាក់ ទល់ ៣នាក់ (គ្មានបម្រុង) និង៨៖ នារី១៦ឆ្នាំឡើង ៣នាក់ ទល់ ៣នាក់ (គ្មានបម្រុង)។
លោក សុខ សូកាន បានបន្តថា ការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ រៀបចំឡើងក្នុងគោលបំណងលើកស្ទួយវិស័យកីឡាប៊ូល និងប៉េតង់ បង្កើនទំនាក់ទំនងសាមគ្គីភាពរវាងសម្ព័ន្ធ ក្លិប និងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីទូទាំងប្រទេសចូលរួមប្រកួតប្រជែង និងដុសខាត់សមត្ថភាព និងជាវេទិកាសម្រាប់សហព័ន្ធសម្លឹងមើលកីឡាករ កីឡាការិនី ដែលមានសក្តានុពល និងឧបនិស្ស័យលើកីឡា ប៉េតង់ចូលរួមប្រមូលផ្តុំជាក្រុមជម្រើសជាតិនាឆ្នាំបន្តបន្ទាប់ទៀត។ វត្តមានយ៉ាងកុះករ និងការអបអរសាទរយ៉ាងអធិកអធមនឹងផ្ដល់ជាកម្លាំងចិត្តយ៉ាងមុតមាំបន្ថែមទៀតដល់កីឡាករ កីឡាការិនី ឱ្យខិតខំបញ្ចេញអស់សមត្ថភាព និងកាន់តែស្វិតស្វាញក្នុងការប្រកួត ដើម្បីឈានទៅសម្រេចនូវជ័យជម្នះក្លាយជាជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥។
ក្នុងនាមសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា, លោក សុខ សុកាន បានលើកឡើងថា ឆ្នាំ២០២៦នេះ ជាលើកទី៤ បានសង្កេតឃើញថារាល់ការប្រកួតពីមួយលើកទៅមួយលើក កីឡាករ កីឡាការិនីកាន់តែមានការរីកចម្រើន និងវឌ្ឍនភាពគួរជាទីកត់សម្គាល់ ហើយការដាក់ចេញនូវវិញ្ញាសានៃការប្រកួតកាន់តែសម្បូរបែប ធ្វើឱ្យកីឡាករ កីឡាការិនី ចូលរួមកាន់តែទូលំទូលាយថែមទៀត។ ជាក់ស្ដែងឆ្នាំ២០២៦នេះ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានរៀបចំ៨ វិញ្ញាសា ហើយមានសម្ព័ន្ធ ក្លិបចូលរួមចំនួន៦០ មកពី១១ រាជធានី ខេត្ត និង ៣ស្ថាប័ន កីឡាករ កីឡារិនី និងប្រតិភូកីឡាប្រមាណ៤១៦នាក់។
ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានឱ្យដឹងថា នៅឆ្នាំ២០២៦នេះ ដោយមានសំណូមពរជាច្រើនមកពីបណ្ដាសម្ព័ន្ធ-ក្លឹប ស្នើសុំ បែងចែកក្របខណ្ឌ នៃការប្រកួតវិញ្ញាសា បុរស ៣នាក់ ទល់៣នាក់, លោកបានពិភាក្សាជាមួយគណៈកម្មការបច្ចកទេស ហើយបានព្រមព្រាងគ្នា (ស្នើទៅគណៈកម្មការប្រតិបត្តិ) រៀបចំការប្រកួតកីឡាប៉េតង់ជើងឯកថ្នាក់ជាតិឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ដោយបែងចែកជាពីរក្របខណ្ឌគឺ «ក១» និង «ក២»។ ការប្រកួតជើងឯកឆ្នាំ២០២៦នេះ គណៈកម្មការបច្ចេកទេសនឹងជ្រើសរើសយកវិញ្ញាសាបុរស ៣នាក់ ទល់៣នាក់ ជ្រើសយក ១០ក្រុម ដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេសម្រាប់ចូលប្រកួតក្នុងក្របខណ្ឌ «ក១» ឆ្នាំ២០២៦ ចំណែកក្រុមដែលពុំបានជ្រើសចូល ១០ក្រុម ក្នុងក្របខណ្ឌ «ក១» ត្រូវចាត់ចំណាត់ថ្នាក់ចូលក្របខណ្ឌ «ក២» ឆ្នាំ២០២៦។
ហើយនៅឆ្នាំ២០២៧ និងឆ្នាំបន្ដបន្ទាប់ក្រុមក្នុងក្របខណ្ឌ «ក១» ត្រូវជម្រុះចំនួន ២ក្រុម ចេញដែលមានចំណាត់ថ្នាក់លេខ៩ និងលេខ១០ ទៅក្នុងក្របខណ្ឌ «ក២» និងជ្រើសរើស ២ក្រុម (ចំណាត់ថ្នាក់លេខ១ និងលេខ២) ពីក្របខណ្ឌ «ក២» ចូលរួមប្រកួតក្របខណ្ឌ «ក១» ជំនួស ២ក្រុម ដែលបានដកចេញ។ សហព័ន្ធសង្ឃឹមថាការរៀបចំនេះនឹងអាចបង្កើនភាពទាក់ទាញនៃការប្រកួតក្នុងវិស័យកីឡាប៊ូល និងប៉េតង់របស់យើងមួយកម្រិតទៀត៕



































