ក្រុមហ៊ុន ជេធីអាយ ត្រូវបានទទួលស្គាល់ជានិយោជកឆ្នើម ក្នុងរយៈពេល ៦ឆ្នាំជាប់គ្នា
28-01-2026 14:12
(ភ្នំពេញ)៖ ក្រុមហ៊ុន ជេធី អ៊ិនធើណេសិនណល (ខេមបូឌា) ឯ.ក ហៅកាត់ថា JTI (ជេធីអាយ) មានកិត្តិយសទទួលបានវិញ្ញាបនបត្រជានិយោជកឆ្នើម (Top Employer) សម្រាប់រយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នាក្នុងឆ្នាំ២០២៦ នៅប្រទេសកម្ពុជា ពីវិទ្យាស្ថាននិយោជកឆ្នើម (Top Employers Institute) កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។
ពានរង្វាន់លំដាប់ពិភពលោកដ៏មានកិត្តិយសនះ គឺជាការទទួលស្គាល់លើការបេ្តជ្ញាចិត្តឥតងាករេរបស់ក្រុមហ៊ុន JTI កម្ពុជា ក្នុងការបង្កើតកន្លែងធ្វើការពោរពេញដោយលក្ខណៈល្អប្រសើរ សម្រាប់បុគ្គលិកគ្រប់រូប។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន JTI កម្ពុជា នៅតែជាក្រុមហ៊ុនតែមួយគត់នៅព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានពានរង្វាន់និយោជកឆ្នើម (Top Employer) នេះ។
សម្រាប់ឆ្នាំនេះ JTI ទទួលបានវិញ្ញាបនបត្រជានិយោជកឆ្នើមនៅក្នុងប្រទេសចំនួន៥០ ទូទាំងពិភពលោក។ ក្នុងនោះ ប្រទេសជិត៤០ បានជាប់ចំណាត់ថ្នាក់កំពូលទាំង៣ នៅក្នុងប្រទេសរៀងៗខ្លួន ដោយមាន ១៤ប្រទេស ទទួលបានចំណាត់ថ្នាក់លេខ១ ៥ប្រទេស ទទួលបានលេខ២ និង ៨ប្រទេសទៀត ទទួលបានលេខ៣។ សម្រាប់កម្រិតតំបន់វិញ ក្រុមហ៊ុនទទួលបានចំណាត់ថ្នាក់លេខ២ នៅតំបន់អាហ្វ្រិក អាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា ខណៈដែលនៅតំបន់អឺរ៉ុប ក្រុមហ៊ុនទទួលបានចំណាត់ថ្នាក់លេខ៣។
ការទទួលបានវិញ្ញាបនបត្រនេះ ឆ្លុះបញ្ចាំងពីឧត្តមភាពនៃការអនុវត្តការងារបានល្អប្រសើររបស់ ក្រុមហ៊ុន លើផ្នែកជាច្រើន ដែលត្រូវបានវាយតម្លៃយ៉ាងសុក្រឹតពី វិទ្យាស្ថាននិយោជកឆ្នើម។ ផ្នែកសំខាន់ៗទាំងនោះរួមមាន៖ យុទ្ធសាស្ត្រច្បាស់លាស់សម្រាប់ធនធានមនុស្ស ការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ធនធានមនុស្ស ការសម្រួលឱ្យមានបរិយាកាសការងារល្អ ការពង្រឹង និងផ្សព្វផ្សាយស្នាដៃបុគ្គលិក ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ និងការប្រកាន់ខ្ជាប់នូវគុណតម្លៃ និងក្រមសីលធម៌ការងារល្អ។
បន្ថែមពីនេះ វិទ្យាស្ថាននិយោជកឆ្នើម បានគូសបញ្ជាក់អំពីអត្ថប្រយោជន៍ប្រកបដោយភាពប្រកួតប្រជែងរបស់ក្រុមហ៊ុន ការផ្តល់ឱកាសស្មើគ្នា ការបណ្តុះបណ្តាល និងការអភិវឌ្ឍច្បាស់លាស់សម្រាប់បុគ្គលិកទាំងអស់។ ជាពិសេស ការយកចិត្តទុកដាក់លើសុខុមាលភាពបុគ្គលិកតាមរយៈគំនិតផ្តួចផ្តើមឈានមុខគេដូចជា «របៀបរបបនៃការធ្វើការងារបែបថ្មី (New Ways of Working-NWOW)» ដែលអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីគ្រប់ទីកន្លែង និងគោលការណ៍ឈប់សម្រាកសម្រាប់គ្រួសារ (Parental Leave Policy) រយៈពេល ៥ខែ ដោយទទួលបានប្រាក់បៀវត្សរ៍ពេញ ១០០%។
លោក Benjamin Cerletti នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន JTI កម្ពុជា បានមានប្រសាសន៍ថា៖
«រយៈពេល ៦ឆ្នាំជាប់ៗគ្នាហើយ ដែល JTI កម្ពុជា ត្រូវបានផ្តល់កិត្តិយស និងទទួលស្គាល់ជានិយោជកឆ្នើម (Top Employer) ប្រចាំប្រទេសកម្ពុជា។ សមិទ្ធផលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការបន្តចាត់ទុកបុគ្គលិកជាអាទិភាពចម្បង ហើយតាមរយៈការចូលរួមចំណែកដ៏សំខាន់របស់ពួកគាត់ យើងនឹងបន្តកសាងភាពជោគជ័យដ៏យូរអង្វែងនៅក្នុងប្រទេសកម្ពុជា»។
លទ្ធផលឆ្នាំ២០២៦នេះ បានបង្ហាញកាន់តែច្បាស់ពីជំហររបស់ JTI ដែលតែងតែប្រកាន់ខ្ជាប់នូវវប្បធម៌ផ្តល់អាទិភាពដល់បុគ្គលិក (People-First Culture) នៅគ្រប់តំបន់ប្រតិបត្តិការសកលរបស់ខ្លួន។ បុគ្គលិកត្រូវបានលើកទឹកចិត្តឱ្យចូលរួមបង្កើតសមិទ្ធផលរួមគ្នាជាយុទ្ធសាស្ត្រ និងប្រកបដោយការច្នៃប្រឌិត ហើយសកម្មភាពរបស់ពួកគេត្រូវបានគាំទ្រតាមរយៈការបណ្តុះបណ្តាលជំនាញ និងបច្ចេកវិទ្យាទំនើប (AI)។
ក្រៅពីការវិនិយោគលើធនធានមនុស្ស ក្រុមហ៊ុន JTI កម្ពុជា ក៏ទទួលបានការទុកចិត្ត និងការទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ក្រុមហ៊ុន JTI ត្រូវបានទទួលស្គាល់ដោយ សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថាជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនដែលបានបង់ពន្ធជូនរដ្ឋច្រើនជាងគេនៅឆ្នាំ២០២០ និង២០២២ ព្រមទាំងទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ «មាស» ពីអគ្គនាយកដ្ឋានពន្ធដារសម្រាប់ឆ្នាំ២០២២-២០២៣ និង២០២៤-២០២៥។ ថ្មីៗនេះ ក្រុមហ៊ុនក៏ទទួលបានវិញ្ញាបនបត្រសមាជិកក្រុមធុរជនល្អបំផុតពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាផងដែរ។
លើសពីនេះទៅទៀត JTI បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសហគមន៍ ដែលគិតជាទឹកប្រាក់សរុបជាង ១លានដុល្លារអាមេរិក។ ការវិនិយោគលើសហគមន៍សំខាន់ៗរួមមាន៖ ការគាំទ្រក្រសួងពាណិជ្ជកម្មលើគម្រោង «ម៉ាកសមូហភាពថ្នាំជក់កម្ពុជា», ការអភិរក្សបរិស្ថាន, និងនិរន្តរភាពសហគមន៍ ដូចជាការដាំព្រៃឈើឡើងវិញ, ការដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវដើរដោយថាមពលព្រះអាទិត្យ, ការផ្តល់ដំណោះស្រាយទឹកស្អាតជូនសហគមន៍, ការសាងសង់ផ្ទះជូនជនក្រីក្រ, និងកម្មវិធីជំនួយសម្រាប់មនុស្សចាស់ និងជនពិការជាដើម។
សូមជម្រាបដែរថា JTI គឺជាក្រុមហ៊ុនថ្នាំជក់អន្តរជាតិនាំមុខគេដែលលក់ផលិតផលរបស់ខ្លួននៅច្រើនជាង ១៣០ប្រទេស និងមានបុគ្គលិកច្រើនជាង ៤៨០០០នាក់ នៅច្រើនជាង៧០ប្រទេស។ JTI គឺជាសមាជិករបស់សម្ព័ន្ធក្រុមហ៊ុន JT។ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន JTI ចែកចាយម៉ាកបារីល្បីៗ លំដាប់ពិភពលោក ដូចជា Mevius និង Winston ហើយមានបុគ្គលិកប្រហែល ៤៦០នាក់។ ក្រុមហ៊ុន JTI នៅកម្ពុជា ត្រូវបានការទទួលស្គាល់ក្នុងចំណោមសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក្រុមហ៊ុន JTI ក៏បានទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាសពីអគ្គនាយកដ្ឋានពន្ធដារកម្ពុជាតាំងពីឆ្នាំ២០២២៕






