FFC កំណត់ក្លឹបតំណាងជាតិចំនួន៤ មានសិទ្ធិចូលរួមប្រកួត រៀបចំដោយ AFC សម្រាប់ឆ្នាំ២០២៦/២៧

28-01-2026 14:23

(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានធ្វើការកំណត់ក្លឹបបាល់ទាត់តំណាងជាតិចំនួន៤ ដែលមានសិទ្ធិចូលរួមការប្រកួតរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ឆ្នាំ២០២៦/២៧។ នេះបើយោងតាមសេចក្ដីជូនដំណឹង ស្ដីពីគោលការណ៍កំណត់យកក្លឹបបាល់ទាត់តំណាងជាតិ ចូលរួមការប្រកួតអន្ដរជាតិ ដែលផ្សព្វផ្សាយដោយក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥។

ប្រភពខាងលើបានបញ្ជាក់ថា FFC សម្រេចក្នុងការកំណត់គោលការណ៍ ចំពោះក្លឹបបាល់ទាត់តំណាងជាតិ ចូលរួមការប្រកួត ដែលរៀបចំដោយ AFC សម្រាប់ឆ្នាំ២០២៦/២៧ ដោយផ្អែកសំខាន់លើចំណាត់ថ្នាក់របស់ក្លឹបទាំងនោះ ចូលរួមការប្រកួតលីគកំពូលកម្ពុជា (ខេមបូឌានព្រីមៀរលីគ) និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២៥/២៦ ដែលបានបំពេញអជ្ញាបណ្ណក្លឹបអន្តរជាតិ AFC Club Licensing ពេញលេញតាមលំដាប់លំដោយដូចខាងក្រោម៖

១៖ ក្លឹបបាល់ទាត់ដែលទទួលបានជើងឯកការប្រកួត ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦។
២៖ ក្លឹបបាល់ទាត់ដែលទទួលបានចំណាត់ថ្នាក់លេខ២ នៃការប្រកួត ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦
៣៖ ក្លឹបបាល់ទាត់ដែលទទួលបានជើងឯកនៃការប្រកួតពាននរង្វាន់ សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២៥/២៦
៤៖ ក្លឹបដែលទទួលបានចំណាត់លេខ៣ នៃការប្រកួត ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦។

ទន្ទឹមជាមួយគ្នាដែរ ប្រសិនបើក្លឹបបាល់ទាត់ចូលរួមប្រកួតតំណាងជាតិ ទទួលបានជើងឯក AFC Challenge League នោះក្លឹបបាល់ទាត់កម្ពុជានឹងទទួល កូតាក្លឹបបន្ថែមចំនួនមួយ (១)ក្លិបទៀត។ ដូច្នេះគោលការណ៍កំណត់ក្លឹបបាល់ទាត់ដែលត្រូវចូលរួមប្រកួត នឹងអនុវត្តទៅតាមចំណាត់ថ្នាក់ដូចខាងលើ និងស្របទៅតាមបទបញ្ជាចូលរួមប្រកួត AFC Club Competition Entry Regulations។

យ៉ាងណាមិញ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងធ្វើបច្ចុប្បន្នភាព ប្រសិនបើទទួលព័ត៌មានបន្ថែមពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC)៕