ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា៖ វិស័យកីឡាប៊ូល និងប៉េតង់ ត្រូវទទួលស្គាល់ទាំងកម្រិតតំបន់ និងពិភពលោក, គិតត្រឹមដើមខែមករា ឆ្នាំ២០២៦ មេដាយ ដែលកម្ពុជាទទួលបាន ៤២៧គ្រឿង ក្នុងនោះមេដាយមាស ១២២គ្រឿង
28-01-2026 15:04
(ភ្នំពេញ)៖ លោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានឱ្យដឹងថា សក្ដានុពលរបស់កម្ពុជាលើវិស័យកីឡាប៊ូល និងប៉េតង់ ត្រូវបានទទួលស្គាល់ទាំងកម្រិតតំបន់ និងពិភពលោក ព្រមទាំងត្រូវបានសហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ(FIPJP) ប្រសិទ្ធនាមកម្ពុជាថាជា «ប្រទេសមហាអំណាចលើវិស័យកីឡាប៉េតង់» ដែលនេះគឺជាមោទកភាពសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ គិតត្រឹមដើមខែមករា ឆ្នាំ២០២៦នេះ មេដាយសរុបដែលកម្ពុជាទទួលបានចំនួន ៤២៧ គ្រឿង ក្នុងនោះមេដាយមាស ចំនួន ១២២គ្រឿង, មេដាយប្រាក់ចំនួន ១៤៨គ្រឿង និងមេដាយសំរឹទ្ធិ ចំនួន ១៥៧គ្រឿង។
ការឱ្យដឹងបែបនេះ របស់ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញជាអធិបតីភាពបើក«ការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥» នៅទីលានប៉េតង់ ពហុកីឡដ្ឋានជាតិ។ ការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ លើវិញ្ញាសាប្រកួតចំនួន៨។
ក្នុងន័យនេះ ក្នុងនាមសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា លោកសូមថ្លែងអំណរគុណដល់វីរកីឡាការិនី និងកីឡាករ កីឡាការិនីប៊ូល និងប៉េតង់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងដើម្បីដណ្ដើមជ័យជម្នះជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ បន្ថែមពីលើនេះនៅឆ្នាំ២០១៧ សហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ (FIPJP) ក៏បានសម្រេចផ្តល់ពានរង្វាន់ “Le Prix Marchel Pagnol” ចំណាត់ថ្នាក់លេខ១ ដល់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលមានស្នាដៃនិងការដឹកនាំល្អជាងគេនៅទូទាំងពិភពលោក។ ជាមួយគ្នានេះកម្ពុជាក៏បានបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រក្នុងវិស័យកីឡាប៊ូល និងប៉េតង់ ដោយបានឈ្នះមេដាយមាស ពិភពលោក ៥ជំនាន់ជាប់ៗគ្នាគឺ៖ វីរកីឡាការិនី កែ ឡេង (២០១៣, ២០១៥, ២០១៧, ២០១៩) និងបន្តមកកីឡាការិនី អ៊ុក ស្រីមុំ (២០២១)។ ទាំងនេះជាសក្ខីកម្មនៃសមិទ្ធផលលើវិស័យកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី គ្រូបង្វឹក ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សហព័ន្ធ និងប្រមុខរាជរដ្ឋាភិបាល។
ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានឱ្យដឹងថា ឆ្នាំ២០២៥នេះ សហព័ន្ធបានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមការប្រកួតអន្តរជាតិធំៗចំនួន ៤រួមមាន១៖ ការប្រកួតជើងឯកពិភពលោក បុរស-នារី ១នាក់ ទល់ ១នាក់, បុរស-នារី ២នាក់ ទល់ ២នាក់ និងចម្រុះបុរស១នាក់ នារី១នាក់ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ជាលទ្ធផលទទួលបានមេដាយសំរឹទ្ធិ ១គ្រឿង, ២៖ ការប្រកួតកីឡាប៉េតង់ជើងឯងពិភពលោកនារី ឆ្នាំ២០២៥ នៅទីក្រុង Duai ប្រទេសបារាំង ជាលទ្ធផលទទួលបានមេដាយសំរឹទ្ធិ ១គ្រឿង, ៣៖ ការប្រកួតជើងឯកពិភពលោកយុវជន ឆ្នាំ២០២៥ នៅទីក្រុង Isla Cristina ប្រទេសអេស្ប៉ាញ និង៤៖ ការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីលើកទី៦ នៅទីក្រុងកូឡាឡាំពូរ ប្រទេសម៉ាឡេស៊ី ជាលទ្ធផលទទួលបានមេដាយចំនួន ៣គ្រឿង (មាស ២គ្រឿង ប្រាក់ ១គ្រឿង)។
លោកក៏សូមលើកទឹកចិត្តដល់គណៈកម្មការរៀបចំការប្រកួត និងអំពាវនាវដល់កីឡាករ កីឡាការិនី សម្ព័ន្ធ-ក្លិប តាមបណ្តារាជធានី ខេត្ត សូមប្រកួតដោយយកចិត្តទុកដាក់ ប្រឹងប្រែងឱ្យអស់ពីសមត្ថភាពប្រកួតដោយភាពត្រឹមត្រូវ និងយុត្តិធម៌ (True play and Fair play in sports) ព្រមទាំងគោរពតាមបទបញ្ជា បច្ចេកទេស និងវិន័យនៃការប្រកួត រក្សានូវភាតរភាព សាមគ្គីភាពផ្ទៃក្នុង សីលធម៌ល្អ និងរក្សាឱ្យបានទឹកចិត្តជាអ្នកកីឡា ក្រោមស្មារតី «សាមគ្គីជាមហាគ្រួសារកីឡាប៊ូល និងប៉េតង់កម្ពុជាតែមួយ»៕

































