សាលាអន្តរជាតិ Shrewsbury ភ្នំពេញ រៀបចំពិធីបញ្ចប់ការសាងសង់គ្រោងបង្គុំអគារ ក្នុងបរិវេណសាលាថ្មីទំហំ ៧ហិកតាក្នុងខណ្ឌសែនសុខ
28-01-2026 15:18
(ភ្នំពេញ)៖ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ បានឈានដល់ដំណាក់កាលដ៏សំខាន់ជាប្រវត្តិសាស្ត្រ តាមរយៈការរៀបចំពិធីបញ្ចប់ការសាងសង់ផ្នែកគ្រោងបង្គុំអគារ (Topping Out Ceremony) នៃបរិវេណសាលាថ្មីក្នុងខណ្ឌសែនសុខ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ប្រកបដោយជោគជ័យ ដែលនេះជាការអបអរសាទរ ចំពោះការបញ្ចប់ការសាងសង់ចំណុចខ្ពស់បំផុត នៃរចនាសម្ព័ន្ធអគារ ក្នុងគម្រោងអភិវឌ្ឍន៍វិស័យអប់រំដ៏ធំមួយនេះ។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមទាំងមានបណ្តាអង្គទូត ថ្នាក់ដឹកនាំក្នុងវិស័យអប់រំ វិនិយោគិន ដៃគូសហការ មាតាបិតា និងអ្នកសារព័ត៌មាន ដើម្បីទទួលស្គាល់នូវវឌ្ឍនភាពនៃបរិវេណសាលាដែលត្រូវបានរចនាឡើងយ៉ាងពិសេស និងគ្រោងនឹងបើកដំណើរការនៅចុងឆ្នាំនេះ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការអបអរសាទរចំពោះជោគជ័យនៃផ្នែកសំណង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីភាពរឹងមាំនៃភាពជាដៃគូ និងការប្តេជ្ញាចិត្តរួមគ្នា ដែលបានជំរុញការរីកចម្រើនរបស់សាលានៅក្នុងប្រទេសកម្ពុជារហូតមកដល់បច្ចុប្បន្ន។
កម្មវិធីនេះក៏ទទួលបានកិត្តិយសតាមរយៈការចូលរួមពីសំណាក់លោក Stewart Clayton នាយកប្រចាំប្រទេសនៃនាយកដ្ឋានពាណិជ្ជកម្ម និងអាជីវកម្មនៃស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ដែលលោកបានថ្លែងសុន្ទរកថាដោយសង្កត់ធ្ងន់លើភាពជាដៃគូផ្នែកអប់រំដ៏យូរអង្វែងរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស។
ក្នុងនាមជាតំណាងក្រុមវិនិយោគិន CSW លោក Kingsley Lo បានលើកឡើងអំពីចក្ខុវិស័យដែលបាននាំយកប្រព័ន្ធអប់រំរបស់ Shrewsbury មកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២២។ លោកបានកត់សម្គាល់ថា បរិវេណសាលាសែនសុខថ្មីនេះ តំណាងឱ្យការវិនិយោគរយៈពេលវែងលើធនធានយុវជន និងអនាគតនៃវិស័យអប់រំ ដែលផ្អែកលើមរតក ៤៧៤ ឆ្នាំរបស់សាលា Shrewsbury នៃចក្រភពអង់គ្លេស។
ជាមួយនឹងផ្ទៃដីជាង ៧ ហិកតា បរិវេណសាលាសែនសុខត្រូវបានរចនាឡើងជាបរិយាកាសសិក្សាខ្នាតពិភពលោក ដែលគាំទ្រដល់ការអប់រំកុមារគ្រប់ជ្រុងជ្រោយ។ គ្រឿងបរិក្ខាររួមមាន៖ មជ្ឈមណ្ឌលសិល្បៈសម្ដែងដែលមានរោងមហោស្រពអាជីពចំណុះ ៦០០កៅអី និងរោងមហោស្រព Black Box ចំណុះ ២០០កៅអី, កន្លែងបង្រៀន និងរៀនតាមប្រព័ន្ធ STEAM ដ៏ធំទូលាយ, បន្ទប់ពិសោធន៍វិទ្យាសាស្ត្រឯកទេស, បន្ទប់ការងាររចនា និងបច្ចេកវិទ្យា, បន្ទប់តន្ត្រី និងបន្ទប់សិល្បៈ។ បរិវេណសាលាក៏មានមជ្ឈមណ្ឌលកីឡាទឹកពេញលេញ រួមមានអាងហែលទឹកខ្នាតអូឡាំពិក (៥០ម x ២៥ម), កន្លែងកីឡាក្នុងផ្ទះ និងក្រៅផ្ទះ, តារាងបាល់ទាត់ខ្នាត FIFA, ផ្លូវរត់កីឡាអត្តពលកម្ម ៤០០ ម៉ែត្រ, កន្លែងលេងកម្សាន្តដែលរៀបចំតាមស្ថាបត្យកម្មបែបធម្មជាតិ, បណ្ណាល័យទំនើប, សាលសន្និសីទ និងកន្លែងសម្រាប់សុខុមាលភាពសិស្ស។
លោក Toby Waterson នាយកសាលាស្ថាបនិក បានបញ្ជាក់ថា បរិវេណសាលានេះគឺជាវេទិកាដែលត្រូវបានសាងសង់ឡើងយ៉ាងពិសេស ដើម្បីឱ្យការអប់រំបែប Shrewsbury រីកសុះសាយពេញលេញ។ លោកបានសង្កត់ធ្ងន់ថា បរិវេណសាលាត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំង ដើម្បីគាំទ្រដល់ឧត្តមភាពនៃការសិក្សា អមជាមួយភាពច្នៃប្រឌិត ការលូតលាស់ផ្នែករាងកាយ ការសហការ និងទំនុកចិត្តសម្រាប់សិស្សដែលមានអាយុចាប់ពី ២ ដល់ ១៨ ឆ្នាំ។
លោក Waterson ក៏បានឆ្លុះបញ្ចាំងពីការគាំទ្រយ៉ាងខ្លាំងពីក្រុមគ្រួសារដែលស្វែងរកការអប់រំដែលមានតុល្យភាពរវាងភាពម៉ឺងម៉ាត់ ចិត្តសប្បុរស និងគុណធម៌ ក៏ដូចជាការចាប់អារម្មណ៍ជាអន្តរជាតិ ដែលបរិវេណសាលានេះទទួលបានពីអ្នកអប់រំមកពីចក្រភពអង់គ្លេស មជ្ឈិមបូព៌ា និងពាសពេញតំបន់អាស៊ី។
ក្នុងពិធីនេះក៏មានការទទួលស្គាល់នូវការរួមចំណែករបស់ម្ចាស់គម្រោងអភិវឌ្ឍន៍ លោក ហេង ឡេង, ក្រុមស្ថាបត្យករ, ក្រុមហ៊ុនម៉ៅការ និងក្រុមការងារជំនាញ ក៏ដូចជាភាពជាដៃគូជិតស្និទ្ធជាមួយសាលា Shrewsbury នៃចក្រភពអង់គ្លេស។ សាលាក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតាសិស្សចំពោះទំនុកចិត្ត និងការគាំទ្រជាបន្តបន្ទាប់។ នៅពេលដែលគ្រោងបង្គុំចុងក្រោយត្រូវបានដាក់បញ្ចប់ ពិធីនេះត្រូវបានបញ្ចប់ទៅក្រោមបរិយាកាសពោរពេញដោយក្តីសង្ឃឹម និងការទន្ទឹងរង់ចាំការបើកសម្ពោធបរិវេណសាលាដែលនឹងបម្រើដល់ការសិក្សារបស់សិស្សានុសិស្សជាច្រើនជំនាន់។ បរិវេណសាលាសែនសុខ គឺជាសក្ខីភាពនៃទំនុកចិត្តលើវិស័យអប់រំ ដែលជាការវិនិយោគរយៈពេលវែងដ៏មានអត្ថន័យបំផុតមួយសម្រាប់សង្គមជាតិ។
បច្ចុប្បន្នការចុះឈ្មោះចូលរៀនកំពុងបើកទទួល សាលាអន្តរជាតិ Shrewsbury ភ្នំពេញ សូមអញ្ជើញមាតាបិតា និងអាណាព្យាបាលសិស្ស ទាក់ទងទៅកាន់ក្រុមការងារផ្នែកចុះឈ្មោះ ដើម្បីរៀបចំការទស្សនាស្វែងយល់បន្ថែមអំពីបរិវេណសាលាថ្មី និងស្វែងយល់ពីរបៀបដែលការអប់រំបែប Shrewsbury អាចជួយឱ្យបុត្រធីតារបស់លោកអ្នកទទួលបានជោគជ័យទាំងនៅក្នុងប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិ។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការចុះឈ្មោះចូលរៀន សូមទាក់ទងសាលាអន្តរជាតិ Shrewsbury ភ្នំពេញ ដោយផ្ទាល់៖ ព័ត៌មានបន្ថែម/ការចុះឈ្មោះ៖ ទូរស័ព្ទ៖ +855 86 606 555 / +855 98 362 666 / +855 86 826 555 (មានតេឡេក្រាម/WhatsApp) អ៊ីមែល៖ [email protected] គេហទំព័រ៖ www.shrewsbury.edu.kh ទីតាំងបរិវេណសាលា៖ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕










