Mark Zuckerberg រងការចោទថា បដិសេធមិនដាក់ប្រព័ន្ធការពារកុមារ ដើម្បីទុកឱ្យ AI និយាយរឿងផ្លូវភេទសេរី
28-01-2026 16:59
(បរទេស)៖ ក្រុមហ៊ុន Meta កំពុងប្រឈមមុខនឹងព្យុះរិះគន់ជាថ្មី បន្ទាប់ពីឯកសារតុលាការនៅរដ្ឋ New Mexico បានទម្លាយថា លោក Mark Zuckerberg បានច្រានចោលការព្រមានពីបុគ្គលិកផ្នែកសុវត្ថិភាព ហើយបើកដៃឱ្យក្មេងជំទង់ប្រើប្រាស់ Chatbot AI ដែលអាចនិយាយរឿងផ្លូវភេទបាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។
តាមរយៈឯកសារផ្ទៃក្នុង បុគ្គលិកផ្នែកសុវត្ថិភាពរបស់ Meta បានបង្ហាញការបារម្ភយ៉ាងខ្លាំងចំពោះគម្រោងបង្កើត AI កំដរអារម្មណ៍នេះ។ លោក Ravi Sinha ប្រធានគោលនយោបាយសុវត្ថិភាពកុមារ បានសរសេរព្រមានចំៗថា៖ «ខ្ញុំមិនជឿថាការបង្កើតផលិតផល AI បែបមនោសញ្ចេតនាសម្រាប់ក្មេងអាយុក្រោម ១៨ឆ្នាំ... គឺជាជម្រើសដែលគួរធ្វើ ឬអាចការពារបាននោះទេ»។ សូម្បីតែលោក Nick Clegg អតីតប្រធានគោលនយោបាយ ក៏បានចោទសួរដោយបារម្ភថា៖ «តើយើងពិតជាចង់ឱ្យគេស្គាល់ផលិតផលយើងក្នុងរូបភាពបែបនេះមែនទេ?»។
ទោះមានការជំទាស់ និងការស្នើសុំឱ្យមាន «ប្រព័ន្ធគ្រប់គ្រងពីមាតាបិតា» ក៏ដោយ ក៏ថ្នាក់ដឹកនាំផ្នែក AI របស់ Meta បានបដិសេធ ដោយអះអាងថាវាជា «ការសម្រេចចិត្តរបស់ Mark»។ លោក Zuckerberg ត្រូវបានគេរាយការណ៍ថា ចង់ឱ្យ AI នេះមានភាពសេរី និងមិនចង់ឱ្យមានការរឹតត្បិតច្រើន ដើម្បីទុកឱកាសឱ្យអ្នកប្រើប្រាស់អាចជជែកគ្នាបានកាន់តែ «ស៊ីជម្រៅ» លើប្រធានបទផ្លូវភេទ។
គួរជម្រាបថា រឿងអាស្រូវនេះបានផ្ទុះឡើងកាន់តែខ្លាំង បន្ទាប់ពីកាសែត Wall Street Journal រកឃើញថា Chatbot របស់ Meta បានដើរតួជាតួអង្គកុមារ និងប្រើប្រាស់ពាក្យពេចន៍អាសអាភាសច្បាស់ៗជាមួយអ្នកប្រើប្រាស់។ ជាការឆ្លើយតប Meta ច្រានចោលការចោទប្រកាន់ខ្លះ និងអះអាងថាខ្លួនកំពុងកែសម្រួលគោលនយោបាយដែល «មានកំហុស» ព្រមទាំងបានសម្រេចបិទការចូលប្រើប្រាស់ AI សម្រាប់ក្មេងជំទង់ជាបណ្តោះអាសន្នផងដែរ៕












