Apple ប្រកាសបន្ថែមប្រាក់រង្វាន់ដល់ ២លានដុល្លារដល់អ្នកដែលអាច Hack ចូលប្រព័ន្ធ Servers របស់ខ្លួនបាន

29-01-2026 07:33

(បរទេស)៖ ក្រុមហ៊ុន Apple បានបង្កើនប្រាក់រង្វាន់សុវត្ថិភាពរបស់ខ្លួនទ្វេដង ដល់ចំនួនអតិបរមា ២លានដុល្លារអាមេរិក សម្រាប់អ្នកស្រាវជ្រាវផ្នែកសន្តិសុខ (ethical hackers) ដែលរកឃើញបញ្ហាសុវត្ថិភាពធ្ងន់ធ្ងរ ប្រភេទ zero-click exploit (ការវាយប្រហារដែលមិនចាំបាច់ឲ្យអ្នកប្រើចុចអ្វីសោះក៏អាច Hack បាន)។ គោលបំណង គឺលើកទឹកចិត្តឲ្យអ្នកជំនាញរាយការណ៍បញ្ហាទៅ Apple ដោយសុចរិត ជំនួសការលក់ចន្លោះខ្សោយទាំងនេះទៅទីផ្សារស៊ើបការណ៍ឯកជន (spyware)។

បន្ថែមពីនេះ Apple ក៏ផ្តល់រង្វាន់ដល់ ១លានដុល្លារ សម្រាប់នរណាដែលអាចជ្រៀតចូលប្រព័ន្ធ Private Cloud Compute របស់ខ្លួនបាន។ ប្រព័ន្ធនេះត្រូវបានបង្កើតឡើងសម្រាប់ដំណើរការការងារ AI ធំៗ ខណៈដែលនៅតែរក្សាឯកជនភាពអ្នកប្រើ។ កម្មវិធីថ្មីនេះមានប្រព័ន្ធមួយហៅថា «Target Flags» ដែលអាចឲ្យអ្នកស្រាវជ្រាវទទួលបានប្រាក់មួយផ្នែកភ្លាមៗ ពេលរកឃើញបញ្ហា ហើយមានប្រាក់រង្វាន់បន្ថែមផ្សេងៗទៀត ដែលអាចធ្វើឲ្យអ្នកស្រាវជ្រាវម្នាក់ ទទួលបានសរុបលើស ៥លានដុល្លារ។

គួរជម្រាបថា ការចំណាយប្រាក់ដ៏ធំបែបនេះបង្ហាញថា ការប្រកួតប្រជែងផ្នែកសុវត្ថិភាពរវាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងក្រុមអ្នកបង្កើត spyware កំពុងកើនឡើងខ្លាំង។ ជំហាននេះធ្វើឲ្យ Apple ក្លាយជាក្រុមហ៊ុនឈនមុខគេក្នុងការពារសុវត្ថិភាព ដោយផ្តោតលើការពារម៉ាស៊ីនមេ AI និងឧបករណ៍ចល័តរបស់អ្នកប្រើ តាមរយៈការវិនិយោគខ្លាំងលើការស្រាវជ្រាវឯករាជ្យ៕