Tesla នឹងវិនិយោគ ២ពាន់លានដុល្លារក្នុងក្រុមហ៊ុន xAI ហើយបញ្ជាក់ថារថយន្ត Cybercab នឹងផលិតឆ្នាំនេះ
29-01-2026 09:50
(បរទេស)៖ ក្រុមហ៊ុន Tesla បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួននឹងវិនិយោគ ២ពាន់លានដុល្លារទៅក្នុងក្រុមហ៊ុនបញ្ញាសិប្បនិម្មិត xAI របស់នាយកប្រតិបត្តិ Elon Musk ខណៈផែនការផលិតរថយន្ត Cybercab robotaxi ក៏នៅតែដំណើរការតាមគោលដៅចាប់ផ្តើមនៅឆ្នាំនេះផងដែរ។
ព័ត៌មាននេះ គាំទ្រផែនការរបស់ Elon Musk ក្នុងការប្រែក្លាយ Tesla ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីទៅជាក្រុមហ៊ុនផ្តោតលើ AI ដែលជាគន្លឹះសម្រាប់តម្លៃទីផ្សាររបស់ក្រុមហ៊ុនប្រមាណ ១.៥ទ្រីលានដុល្លារ។ ការធានាថារថយន្ត Cybercab មិនយឺតយ៉ាវ គឺពិតជាសំខាន់សម្រាប់ទំនុកចិត្តវិនិយោគិន ព្រោះកន្លងមក Tesla ធ្លាប់ខកខានគោលដៅជាច្រើនដែល Musk បានសន្យា។ ទោះយ៉ាងណា ផែនការផលិត Cybercab, មនុស្សយន្តរាងមនុស្ស (humanoid robots), រថយន្តដឹកទំនិញ Semi, និងរថយន្តកីឡា Roadster នឹងតម្រូវឱ្យមានការវិនិយោគរោងចក្រជាបន្តបន្ទាប់។ ប្រធានហិរញ្ញវត្ថុ Vaibhav Taneja បាននិយាយថា ការចំណាយលើទុន (capex) ឆ្នាំនេះនឹងលើស ២០ពាន់លានដុល្លារ ដែលជាងពីរដងបើប្រៀបធៀបនឹង ៨.៥ពាន់លាន ក្នុងឆ្នាំ២០២៥។
ក្រោយមានព័ត៌មានានេះ ភាគហ៊ុន Tesla បានកើនឡើងប្រហែល ៣.៥% បន្ទាប់ពីម៉ោងជួញដូរ ប៉ុន្តែបន្ថយការកើនឡើងមកនៅ ១.៨% បន្ទាប់ពីមានព័ត៌មានលម្អិតអំពីការចំណាយធំៗ។ អ្នកវិភាគ Thomas Monteiro ពី Investing.com បាននិយាយថា Tesla កំពុង «ចូលដំណាក់កាលផ្លាស់ប្តូរ» ដែលស្នើឱ្យវិនិយោគិនទុកចិត្តលើប្រាក់ចំណូលអនាគតពី software បើកបរដោយខ្លួនឯង និងអាជីវកម្ម robotaxi មុនពេលការលក់រថយន្តស្ដារឡើងវិញ។ លោក Elon Musk ក៏បានប្រាប់អ្នកវិភាគថា Tesla នឹង បញ្ឈប់លក់ Model S និង Model X ហើយប្រើទីតាំងរោងចក្រ ដើម្បីផលិតមនុស្សយន្តជំនួស។
គួរជម្រាបថា សម្រាប់ប្រាក់ចំណូលសរុបឆ្នាំ២០២៥ ធ្លាក់ចុះប្រហែល ៣% មកនៅ ៩៤.៨៣ពាន់លានដុល្លារ ដែលជាការធ្លាក់ចុះប្រចាំឆ្នាំលើកដំបូង។ ដើម្បីរក្សាការលក់ Tesla បានពឹងផ្អែកលើការបញ្ចុះតម្លៃ និងបញ្ចេញជម្រើសតម្លៃទាប។ Wall Street រំពឹងថា Tesla នឹងដឹកជញ្ជូនរថយន្តបាន ១.៧៧លានគ្រឿង ក្នុងឆ្នាំ២០២៦៕









