ក្រុមរបស់អង់គ្លេសទាំង ៥ក្រុមឈ្នះទាំងអស់ នៅថ្ងៃបិទបញ្ចប់វគ្គ League Phase នៅ Champions

29-01-2026 09:52

(បរទេស)៖ ជាការកត់សម្គាល់ទាំង ៥ក្រុមរបស់អង់គ្លេសសុទ្ធតែទទួលបាន ៣ពិន្ទុរៀងៗខ្លួននៅថ្ងៃបិទបញ្ចប់ League Phase នៃពានរង្វាន់លីគអឺរ៉ុប UEFA Champions League 2025-26។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ទន្ទឹមគ្នានោះ កាំភ្លើងធំ Arsenal បញ្ចប់ទីកំពូលតារាងដាច់តែម្តង តាមរយៈលេង ៨ប្រកួត មិនដែលចាញ់ និងស្មើឡើយ ដោយបានយកឈ្នះ Kairat Almaty ៣-២ នាយប់មិញនេះ ស្របពេល Liverpool ក៏បានបំបាក់ Qarabag FK ៦-០ នៅកីឡដ្ឋាន Anfield ទៀតផង។

Manchester City អតីតជើងឯក UCL កាលឆ្នាំ២០២៣ បានយកឈ្នះ Galatasaray របស់តួកគី ២-០ ហើយតោខៀវ Chelsea យកឈ្នះក្រុមជើងឯកលីគអ៉ីតាលី Napoli ៣-២ និងមាន់ខ្នាយមាស Tottenham Hotspur ក៏បានបំបាក់ម្ចាស់ផ្ទះ Eintracht Frankfurt របស់អាល្លឺម៉ង់ ២-០ ផងដែរ។

Arsenal, Spurs, Chelsea, Liverpool និង Man City សុទ្ធតែបានបញ្ចប់ក្នុងតំណែង Top-8 ដើម្បីធានាកៅអីឡើងទៅវគ្គ ១៦ក្រុមដូចគ្នាផងដែរ ជាមួយនឹង ៣ក្រុមផ្សេងទៀតរួមមាន Bayern Munich, FC Barcelona និង Sporting CP នៅពេលដែល Paris Saint Germain ម្ចាស់ការពារតំណែងជើងឯក និងជើងឯករង Inter Milan ធ្លាក់ទៅលេងវគ្គជម្រុះបន្តទៀត៕