Fury នឹងប្រឈមមុខជាមួយ Makhmudov ជាលើកដំបូងនាខែមេសា ក្រោយចាកចេញពីការចូលនិវត្តន៍

29-01-2026 10:21

(បរទេស)៖ អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក កីឡាករប្រដាល់សកល Tyson Fury នឹងពើបប្រទះជាមួយ Aslanbek Makhmudov ជាលើកដំបូងក្នុងអាជីពប្រដាល់ជិត ២០ឆ្នាំ បន្ទាប់ពីការសម្រេចចិត្តចាកចេញពីការចូលនិវត្តន៍រួចមក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ជំនួបធំនេះដែរនឹងធ្វើឡើងនៅចក្រភពអង់គ្លេស នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ក៏មានការផ្សាយផ្ទាល់នៅលើ Netflix ទៀតផង និងជាការឡើងសង្វៀនលើកដំបូងរបស់ Fury គិតចាប់តាំងពីបានចូលនិវត្តន៍ ក្រោយចាញ់ជើងខ្លាំង Oleksandr Usyk ជាលើកទី២ កាលអំឡុងខែធ្នូ ឆ្នាំ២០២៤ មកដែរ។

កីឡាករមកពីតំបន់ Briton ប្រទេសអង់គ្លេស វ័យ ៣៧ឆ្នាំរូបនេះ បានផ្តើមអាជីពប្រដាល់ឈឺសាច់នេះកាលឆ្នាំ២០០៨ មិនដែលឡើងវ៉ៃនៅអង់គ្លេសទៀតឡើយ គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២២ នៅពេលផ្តួល Derek Chisora នៅឯសង្វៀនដែលស្ថិតក្នុងកីឡដ្ឋាន Tottenham Hotspur របស់ក្លឹបបាល់ទាត់ Spurs ដើម្បីបន្តកាន់កាប់ខ្សែក្រវាត់ WBC ដដែល។

មុនជំនួបទល់នឹងកីឡាកររុស្ស៊ី វ័យ ៣៦ឆ្នាំមកដល់ Fury បានថ្លែងឱ្យដឹងថា «ខ្ញុំពិតជារំភើបក្នុងការត្រឡប់មកវិញ។ ទាំងចិត្ត និងបេះដូង តែងតែនឹកឃើញប្រដាល់ជានិច្ច ប្រៀបដូចជាមាននរណាម្នាក់ទៅប្រាប់ស្តេច ដើម្បីឱ្យត្រឡប់មកវិញអីចឹង»។

Fury ធ្លាប់ទទួលបានជ័យជម្នះ ៣៤លើក ក្នុងចំណោម ៣៧ប្រកួតសរុប និងផ្តួលដៃគូឱ្យសន្លប់បាន ២៤លើក និងធ្លាប់ចាញ់ ២លើក និងស្មើ ១លើក ស្របពេលគូប្រជែងវិញធ្លាប់ឈ្នះ ២១ដង ក្នុងចំណោម ២៣ប្រកួតសរុប និងទើបតែផ្តួល Dave Allen កាលពីខែតុលា ឆ្នាំ២០២៥ ដែលជា ១ប្រកួតចុងក្រោយរបស់គេថែមទៀតផង៕