Google ព្រមបង់ ១៣៥ លានដុល្លារ បញ្ចប់រឿងអាស្រូវ «លួចផ្ទេរទិន្នន័យ» លើទូរស័ព្ទ Android
29-01-2026 10:55
(បរទេស)៖ ក្រុមហ៊ុន Google បានយល់ព្រមបង់ប្រាក់ចំនួន ១៣៥ លានដុល្លារ ដើម្បីបញ្ចប់បណ្តឹងរួមគ្នាដែលចោទប្រកាន់ថា ប្រព័ន្ធប្រតិបត្តិការ Android បានលួចប្រមូលទិន្នន័យទូរស័ព្ទ (Cellular Data) របស់អ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាត។ អ្នកប្រើប្រាស់បានលើកឡើងថា ទោះបីជាពួកគេបិទកម្មវិធី បិទការចែករំលែកទីតាំង ឬចាក់សោអេក្រង់ក៏ដោយ ក៏ទិន្នន័យរបស់ពួកគេ នៅតែត្រូវបាន Google លួចយកទៅប្រើប្រាស់ដើម្បីអភិវឌ្ឍផលិតផល និងបម្រើដល់ការផ្សព្វផ្សាយពាណិជ្ជកម្មយ៉ាងអយុត្តិធម៌។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។
ក្រៅពីការបង់សំណងដែលកំណត់ត្រឹម ១០០ ដុល្លារក្នុងម្នាក់សម្រាប់អ្នករងគ្រោះ Google ក៏បានសន្យានឹងកែប្រែប្រព័ន្ធរបស់ខ្លួនផងដែរ។ ចាប់ពីពេលនេះទៅ Google នឹងមិនផ្ទេរទិន្នន័យដោយគ្មានការយល់ព្រមពីអ្នកប្រើប្រាស់នៅពេលដំឡើងទូរស័ព្ទឡើយ ព្រមទាំងបង្កើតប៊ូតុងបិទ-បើក (Toggle) ឱ្យកាន់តែងាយស្រួល ដើម្បីឱ្យអ្នកប្រើប្រាស់មានសិទ្ធិពេញលេញក្នុងការបញ្ឈប់ការផ្ទេរទិន្នន័យរបស់ពួកគេតាមចិត្តចង់។
ទោះជាយ៉ាងណា Google នៅតែការពារជំហររបស់ខ្លួនថា មិនបានធ្វើអ្វីខុសច្បាប់នោះទេ។ លោក Jose Castaneda អ្នកនាំពាក្យរបស់ Google បានបញ្ជាក់តាមរយៈអ៊ីមែលថា៖ «យើងរីករាយក្នុងការដោះស្រាយករណីនេះ ដែលបានបកស្រាយខុសអំពីការអនុវត្តស្តង់ដារក្នុងវិស័យឧស្សាហកម្មដើម្បីរក្សាប្រព័ន្ធ Android ឱ្យមានសុវត្ថិភាព។ យើងកំពុងផ្តល់ការបង្ហាញព័ត៌មានបន្ថែម ដើម្បីឱ្យមនុស្សទទួលបានព័ត៌មានកាន់តែច្រើនអំពីរបៀបដែលសេវាកម្មរបស់យើងដំណើរការ»។
គូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះត្រូវបានគេចាត់ទុកថាជាជោគជ័យដ៏ធំមួយសម្រាប់សិទ្ធិឯកជនរបស់អ្នកប្រើប្រាស់។ លោក Glen Summers មេធាវីខាងដើមបណ្តឹង បានលើកឡើងក្នុងឯកសារតុលាការថា លោកជឿជាក់ថាការបង់ប្រាក់ ១៣៥ លានដុល្លារនេះ «គឺជាការបង់ប្រាក់ដ៏ធំបំផុតមិនធ្លាប់មានក្នុងករណីរំលោភយកកម្មសិទ្ធិ (Conversion Case)» ដែលបង្ហាញពីឥទ្ធិពលនៃច្បាប់ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សក្នុងរឿងទិន្នន័យឯកជន៕










