សមាជិកសភាអាមេរិក៖ Nvidia បានជួយ DeepSeek បង្កើនសមត្ថភាព AI ដែលក្រោយមកត្រូវបានប្រើដោយយោធាចិន
29-01-2026 14:29
(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Nvidia បានជួយក្រុមហ៊ុនចិន DeepSeek ក្នុងការកែលម្អម៉ូឌែលបញ្ញាសិប្បនិម្មិត (AI) ដែលបន្ទាប់មកត្រូវបានយោធាចិនយកទៅប្រើប្រាស់។ នេះបើយោងតាមប្រធានគណៈកម្មាធិការមួយនៃសភាតំណាងរាស្ត្រអាមេរិក តាមរយៈលិខិតមួយដែល Reuters ទទួលបាននៅថ្ងៃពុធសប្តាហ៍នេះ។
DeepSeek បានធ្វើឲ្យទីផ្សារហិរញ្ញវត្ថុភ្ញាក់ផ្អើលកាលពីដើមឆ្នាំមុន ដោយបង្ហាញម៉ូឌែល AI មួយចំនួនដែលមានសមត្ថភាពប្រកួតប្រជែងជាមួយក្រុមហ៊ុនកំពូលៗរបស់អាមេរិក ប៉ុន្តែប្រើកម្លាំងគណនាទាបជាង។ វាបង្កឲ្យទីក្រុងវ៉ាស៊ីនតោនព្រួយបារម្ភថា ចិនអាចដេញតាមទាន់សហរដ្ឋអាមេរិកក្នុងវិស័យ AI ទោះបីមានការរឹតបន្តឹងលើការលក់បន្ទះឈីបកុំព្យូទ័រថាមពលខ្ពស់ទៅចិនក៏ដោយ។
ក្នុងលិខិតផ្ញើទៅរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក Howard Lutnick, លោក John Moolenaar សមាជិកសភារដ្ឋ Michigan ពីគណបក្សសាធារណរដ្ឋ និងជាប្រធានគណៈកម្មាធិការជ្រើសរើសពិសេសស្តីពីចិន បាននិយាយថា ឯកសារដែលគណៈកម្មាធិការទទួលបានពី Nvidia បង្ហាញថា ការរីកចម្រើននេះកើតឡើងបន្ទាប់ពីមានជំនួយបច្ចេកទេសយ៉ាងទូលំទូលាយពី Nvidia។ លោកសរសេរថា៖ «យោងតាមកំណត់ត្រារបស់ NVIDIA បុគ្គលិកអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន បានជួយ DeepSeek បង្កើនប្រសិទ្ធភាពក្នុងការបណ្តុះបណ្តាលម៉ូឌែល ដោយការរចនាសមស្របរវាង algorithms ក្របខណ្ឌកម្មវិធី និង Hardware។ របាយការណ៍ផ្ទៃក្នុងក៏បញ្ជាក់ថា «DeepSeek-V3 ត្រូវការតែ 2.788 លានម៉ោងប្រើ GPU H800 សម្រាប់ការបណ្តុះបណ្តាលពេញលេញ» ដែលតិចជាងក្រុមហ៊ុនអាមេរិក ដោយធម្មតាត្រូវការសម្រាប់ម៉ូឌែលកម្រិតកំពូល។
«GPU hours» មានន័យថា ចំនួនម៉ោងដែលបន្ទះឈីប AI ត្រូវដំណើរការដើម្បីបណ្តុះបណ្តាលម៉ូឌែល AI។ ចំណែក «frontier-scale models» គឺសំដៅលើម៉ូឌែលកម្រិតខ្ពស់ដែលផលិតដោយក្រុមហ៊ុនដូចជា OpenAI, Anthropic ឬ Google របស់ Alphabet។ ឯកសារទាំងនេះពាក់ព័ន្ធនឹងសកម្មភាពរបស់ Nvidia ក្នុងឆ្នាំ២០២៤។ នៅពេល Nvidia ផ្តល់ជំនួយដល់ DeepSeek លោក Moolenaar និយាយថា មិនទាន់មានសញ្ញាសាធារណៈណាមួយបង្ហាញថា បច្ចេកវិទ្យារបស់ DeepSeek ត្រូវបានប្រើដោយយោធាចិនទេ។ លោកបានបន្ថែម «ដូច្នេះ Nvidia បានចាត់ទុក DeepSeek ជាដៃគូពាណិជ្ជកម្មស្របច្បាប់ ដែលគួរទទួលបានជំនួយបច្ចេកទេសស្តង់ដារ»។
ឈីប H800 របស់ Nvidia ត្រូវបានរចនាឡើងពិសេសសម្រាប់ទីផ្សារចិន និងបានលក់នៅទីនោះ មុនពេលវាត្រូវបានដាក់ក្រោមការគ្រប់គ្រងនាំចេញរបស់អាមេរិកក្នុងឆ្នាំ២០២៣។ Reuters បានរាយការណ៍កាលពីឆ្នាំមុនថា មន្ត្រីអាមេរិកជឿថា DeepSeek កំពុងជួយយោធាចិន។ Nvidia បានឆ្លើយតបថា៖ «ចិនមានឈីបក្នុងស្រុកគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់យោធាទាំងអស់ ហើយនៅសល់រាប់លានទៀត។ ដូច្នេះវាមិនសមហេតុផល ដែលឲ្យយោធា អាមេរិកប្រើបច្ចេកវិទ្យាចិន ដូចគ្នាថាវាក៏មិនសមហេតុផល ដែលឲ្យយោធាចិនពឹងផ្អែកលើបច្ចេកវិទ្យាអាមេរិក»។
លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិនប្រចាំអាមេរិក បាននិយាយថា ចិនតែងតែប្រឆាំងនឹងការពង្រីកនិយមន័យ «សន្តិសុខជាតិ» លើសកម្រិត និងការធ្វើឲ្យមានបញ្ហាពាណិជ្ជកម្ម និងបច្ចេកវិទ្យា ពាក់ព័ន្ធនយោបាយ។ លោកសង្ឃឹមថា អាមេរិកនឹងចាត់វិធានការដើម្បីរក្សាស្ថិរភាពខ្សែសង្វាក់ឧស្សាហកម្ម និងផ្គត់ផ្គង់សកល។ ក្រសួងពាណិជ្ជកម្មអាមេរិក និង DeepSeek មិនទាន់ឆ្លើយតបជុំវិញព័ត៌មាននេះនៅឡើយទេ។
គួរជម្រាបថា នៅដើមខែនេះ រដ្ឋបាលប្រធានាធិបតី Donald Trump បានអនុម័តឲ្យលក់ឈីប H200 របស់ Nvidia ទៅចិន តែបានដាក់កំហិតថា មិនអាចលក់ទៅអង្គភាពដែលជួយយោធាចិនបានទេ។ ឈីប H200 មានថាមពលខ្លាំងជាង H800 ដែល DeepSeek ប្រើ។ ការសម្រេចចិត្តនេះ បានទទួលការរិះគន់ពីអ្នកនយោបាយអាមេរិកដែលមានទស្សនៈរឹងមាំចំពោះចិន ដោយព្រួយបារម្ភថា វាអាចជួយពង្រឹងសមត្ថភាពយោធាទីក្រុងប៉េកាំង និងបន្ថយអត្ថប្រយោជន៍ AI របស់អាមេរិក៕










