ប្រធាន NOCC ស្នើភាគីឥណ្ឌា ជួយគាំទ្រការអភិវឌ្ឍកីឡាគ្រិកឃីតកម្ពុជា ត្រៀមប្រកួតជម្រុះអូឡាំពិក ឆ្នាំ២០២៨
29-01-2026 14:48
(ភ្នំពេញ)៖ លោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ស្នើភាគីឥណ្ឌា ជួយគាំទ្រការអភិវឌ្ឍវិស័យកីឡាគ្រិកឃីតកម្ពុជា (Cricket) ដើម្បីជំរុញលទ្ធភាពឆ្ពោះទៅចូលរួមការប្រកួតជម្រុះកីឡាអូឡាំពិក ឆ្នាំ២០២៨ នាទីក្រុង Los Angeles រដ្ឋ California នៅសហរដ្ឋអាមេរិក ដែលនៅសល់ពេល ២ឆ្នាំទៀត។
សំណើររបស់ប្រមុខចលនាអូឡាំពិកកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីលោកទេសរដ្ឋមន្ដ្រី បានអនុញ្ញាតឲ្យលោកបណ្ឌិត Sirajudeen ធុរជនជនជាតិឥណ្ឌា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារសំខាន់ៗមួយចំនួន នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ក្នុងជំនួបសវនការនេះ ក្រៅពីការពិភាក្សាលើការអភិវឌ្ឍវិស័យទេសចរណ៍ និងការវិនិយោគ លោកបណ្ឌិត ថោង ខុន បានស្នើឲ្យលោកបណ្ឌិត Sirajudeen ជួយគាំទ្រលើការអភិវឌ្ឍវិស័យកីឡា ជាពិសេសផ្ដោតលើកីឡាគ្រិកឃីត ដែលជាប្រភេទកីឡាសក្ដានុពលដ៏ល្បីល្បាញ និងឈានមុខគេនៅប្រទេសឥណ្ឌា ហើយមានធនធានច្រើនក្នុងការអភិវឌ្ឍកីឡានេះ។
តាមរយៈនេះ លោកបានស្នើឲ្យភាគីឥណ្ឌា ពិនិត្យទៅលើការជួយគាំទ្រ អភិវឌ្ឍន៍ និងបណ្ដុះបណ្ដាលក្រុមជម្រើសជាតិ ក៏ដូចជាសហព័ន្ធកីឡាគ្រិកឃីតកម្ពុជា ដើម្បីអភិវឌ្ឍធនធានកីឡាករ ក៏ដូចជាក្រុមត្រៀមចូលរួមការប្រកួតអន្ដរជាតិនានា ជាពិសេសអាចមានឱកាសចូលរួមការប្រកួតជម្រុះទាំងកម្រិតតំបន់ និងពិភពលោក សម្រាប់ការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក។
ជាការឆ្លើយតប លោកបណ្ឌិត Sirajudeen បានបង្ហាញការប្ដេជ្ញាចិត្ត ក្នុងការជួយជ្រោមជ្រែង និងខិតខំទំនាក់ទំនងជាមួយភាគីឥណ្ឌា លើការបញ្ជូនអ្នកជំនាញ ក៏ដូចជាការគាំទ្រសហព័ន្ធ ក្នុងការអភិវឌ្ឍធនធានកីឡាករ និងបច្ចេកទេសកីឡាគ្រិកឃីតដល់កម្ពុជា។ ជាមួយគ្នានោះ លោកក៏បានបង្ហើបផងដែរថា នៅសប្ដាហ៍ក្រោយ លោកនឹងអញ្ជើញអ្នកជំនាញកីឡាគ្រិកឃីតមកទស្សនកិច្ចនៅកម្ពុជា និងពិនិត្យលើកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរទៀតផង៕










