ធនាគារ «ABA» ក្លាយជាអ្នកវិនិយោគចម្បង លើសញ្ញាបណ្ណកសិកម្មដំបូងគេបង្អស់របស់កម្ពុជា

29-01-2026 15:17

(ភ្នំពេញ)៖ ធនាគារ ABA បានក្លាយជាអ្នកវិនិយោគធំជាងគេ នៃសញ្ញាបណ្ណកសិកម្មដំបូងគេបង្អស់របស់កម្ពុជា ដែលបោះផ្សាយដោយក្រុមហ៊ុនដូនពេញ អាហ្គ្រីកូ (Daun Penh Agrico)។ ការវិនិយោគនេះ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ធនាគារ ក្នុងការគាំទ្រវិស័យយុទ្ធសាស្ដ្រសំខាន់ៗ ដែលចាំបាច់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា។ ការវិនិយោគនេះ នឹងផ្តល់ហិរញ្ញប្បទានដល់ការពង្រីកផ្ទៃដីដាំដុះ និងហេដ្ឋារចនាសម្ព័ន្ធកែច្នៃ សម្រាប់ដំណាំហូបផ្លែរួមមាន ផ្លែចេក ម្នាស់ និងស្វាយ ក្នុងខេត្តរតនគីរី ដែលជាតំបន់សក្ដានុពលផ្នែកកសិកម្មដ៏សំខាន់មួយ របស់កម្ពុជានៅភាគឦសាន។ គម្រោងនេះត្រូវបានគេរំពឹងថា នឹងពង្រឹងសមត្ថភាពនាំចេញ ពង្រឹងខ្សែសង្វាក់កសិកម្មជាតិ និងបង្កើតឱកាសការងារជូនប្រជាសហគមក្នុងមូលដ្ឋាន។

ការរួមចំណែករបស់ធនាគារ ABA គូសបញ្ជាក់ពីគោលបំណងរបស់ខ្លួន ដើម្បីក្លាយជាតួអង្គដ៏សកម្មមួយ ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញប្បទានមានរចនាសម្ព័ន្ធច្បាស់លាស់ និងដំណោះស្រាយទីផ្សារមូលធន ដោយផ្តល់មូលនិធិរយៈពេលវែង ដល់គម្រោងដែលបង្កើតផលចំណេញប្រកបដោយចីរភាព ស្របជាមួយ នឹងវិស័យអាទិភាពសម្រាប់វឌ្ឍនភាពជាតិ។ ដូនពេញ អាហ្គ្រីកូ គឺជាបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុង ដោយក្រុមហ៊ុន Truong Hai Agriculture Joint Stock Company (THACO AGRI) ដែលជាក្រុមហ៊ុនកសិកម្មរបស់ Truong Hai Group Corporation (THACO) ជាក្រុមហ៊ុនចម្រុះឈានមុខគេមួយនៅក្នុងតំបន់។ ការបោះផ្សាយសញ្ញាបណ្ណដោយជោគជ័យនេះ ឆ្លុះបញ្ចាំងពីដំណើរវឌ្ឍនភាពជាបន្ដបន្ទាប់នៃវិស័យកសិកម្មកម្ពុជា ឆ្ពោះទៅកាន់ឧស្សាហកម្មដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ទំនើបកម្ម អាចពង្រីកវិសាលភាព និងត្រៀមរួចរាល់សម្រាប់ការវិនិយោគ ដែលអាចទាក់ទាញមូលធនពីស្ថាប័ននានា។

លោក Zhiger Atchabarov នាយកប្រតិបត្តិការ និងជានាយករងប្រតិបត្តិនៃធនាគារ ABA មានប្រសាសន៍ថា «ការវិនិយោគនេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យយុទ្ធសាស្រ្ត និងការប្តេជ្ញាចិត្តយូអង្វែងរបស់ ធនាគារ ABA ក្នុងការគាំទ្រវិស័យនានាដែលបង្កើតផលចំណេញ និងគុណតម្លៃដល់សង្គម-សេដ្ឋកិច្ច។ តាមរយៈការពង្រីកវិសាលភាពចូលទៅក្នុងហិរញ្ញប្បទានគម្រោង មានរចនាសម្ព័ន្ធច្បាស់លាស់ យើងខ្ញុំមានគោលបំណង ជំរុញសក្តានុពលនាំចេញរបស់កម្ពុជា ជួយបង្កើតការងារ និងរួមចំណែកដល់ការអភិវឌ្ឍទីផ្សារមូលធន»

ឈរលើសមិទ្ធផលដ៏សំខាន់នេះ ធនាគារ ABA នឹងនៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំជានិច្ច ក្នុងការគាំទ្រដល់គម្រោងបោះផ្សាយសញ្ញាបណ្ណផ្សេងៗទៀតនាពេលខាងមុខ និងគំនិតផ្ដួចផ្ដើមហិរញ្ញប្បទាន មានរចនាសម្ព័ន្ធរាប់លានដុល្លារ ទៅកាន់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា។ ធនាគារ ABA ត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់ដៃគូសហការ ជាមួយអាជីវកម្មដែលកំពុងស្វែងរកការពង្រីក ស្ថិរភាព និងវិនិយោគរយៈពេលវែង ដោយពង្រឹងតួនាទីរបស់ខ្លួនជាស្ថាប័នហិរញ្ញវត្ថុជាទីទុកចិត្ត ដែលគាំទ្រវិស័យសេដ្ឋកិច្ចពិត និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា។

ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ ២០២១-២០២៤។ ធនាគារ ABA មាន ១០៥សាខា, ទីតាំងស្វ័យសេវា ABA ២៤/៧ ចំនួន ៤៦កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង ១,៩០០នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប អនុញ្ញាតឲ្យអតិថិជនជាង ៦លាននាក់ ប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ។

ដូនពេញ អាហ្រ្គីកូ គឺជាសមាជិកសំខាន់មួយនៃ THACO AGRI នៅកម្ពុជា បច្ចុប្បន្នកំពុងដំណើរការគម្រោងកសិកម្មគំរូមួយនៅខេត្តរតនគិរី ដែលមានផ្ទៃដីសរុបចំនួន ៧,៣៧៦ ហិកតា។ បច្ចុប្បន្ន ដូនពេញ អាហ្រ្គីកូ កំពុងអភិវឌ្ឍប្រព័ន្ធអេកូស៊ីស្ទឹមកសិកម្មទំហំធំ ដែលមានលក្ខណៈបញ្ចូលគ្នា និងជារង្វង់ ដោយផ្អែកលើគោលការណ៍កសិកម្មសរីរាង្គ និងមានការអនុវត្តយ៉ាងទូលំទូលាយនៃយន្តកម្ម និងឌីជីថលភាវូបនីយកម្ម ដើម្បីផ្គត់ផ្គង់ផលិតផលផ្លែឈើស្រស់ និងផលិតផលកែច្នៃ ទាំងសម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ៕