ក្រុមហ៊ុនយក្ស Nvidia, Amazon និង Microsoft ត្រៀមបោះទុន ៦០ពាន់លានដុល្លារ ចូលក្នុង OpenAI

29-01-2026 16:55

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកចំនួន ៣ រួមមាន Nvidia, Amazon និង Microsoft កំពុងស្ថិតក្នុងកិច្ចពិភាក្សាដ៏ក្ដៅគគុកដើម្បីបោះទុនវិនិយោគរួមគ្នារហូតដល់ ៦០ ពាន់លានដុល្លារ ទៅក្នុងក្រុមហ៊ុន OpenAI។ យោងតាមរបាយការណ៍ពីស្ថាប័នព័ត៌មាន The Information បានឱ្យដឹងថា ក្នុងចំណោមទឹកប្រាក់ដ៏មហិមានេះ ក្រុមហ៊ុន Nvidia គ្រោងនឹងវិនិយោគរហូតដល់ ៣០ ពាន់លានដុល្លារ ខណៈដែល Amazon អាចនឹងបោះទុនលើសពី ២០ ពាន់លានដុល្លារ ហើយ Microsoft ដែលជាដៃគូចាស់ ក៏ត្រៀមចាក់បញ្ចូលជិត ១០ ពាន់លានដុល្លារបន្ថែមទៀតផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។

ចំពោះការចូលខ្លួនមកធ្វើជាអ្នកវិនិយោគថ្មីរបស់ Amazon មិនមែនជារឿងចៃដន្យឡើយ។ ប្រភពដដែលបានបញ្ជាក់ថា ការវិនិយោគនេះអាចមកជាមួយលក្ខខណ្ឌពិសេស ដែលជាការដោះដូរ រួមមានការជួលប្រព័ន្ធ Cloud របស់ Amazon និងការនាំយកសេវាកម្ម ChatGPT កម្រិតសហគ្រាសទៅលក់ឱ្យអតិថិជនរបស់ Amazon ផ្ទាល់តែម្ដង។ នេះបង្ហាញពីមហិច្ឆតារបស់ Amazon ក្នុងការបង្កើនឥទ្ធិពល AI របស់ខ្លួនឱ្យកាន់តែខ្លាំងក្លាក្នុងទីផ្សារពិភពលោក។

ការសម្រុកបោះទុនពីសំណាក់ក្រុមហ៊ុនយក្ស និងសូម្បីតែក្រុមហ៊ុន SoftBank Group ដែលលេចឮថាចង់វិនិយោគ ៣០ ពាន់លានដុល្លារដែរនោះ កើតឡើងចំពេលដែល OpenAI កំពុង «ប្រឈមមុខនឹងការកើនឡើងនៃចំណាយក្នុងការបណ្តុះបណ្តាល និងដំណើរការម៉ូដែល AI»។ កំណើនចំណាយនេះគឺជាសម្ពាធដ៏ធំ ខណៈពេលដែលការប្រកួតប្រជែងជាមួយក្រុមហ៊ុន Google របស់ Alphabet កំពុងមានភាពស្រួចស្រាល់ខ្លាំង និងមិនអាចមើលរំលងបាន។

គូសបញ្ជាក់ថា ប្រសិនបើកិច្ចព្រមព្រៀងនេះក្លាយជាការពិត វានឹងក្លាយជាការវិនិយោគដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្របច្ចេកវិទ្យា ដែលនឹងជួយរុញច្រានឱ្យ OpenAI មានលទ្ធភាពកាន់តែខ្លាំងក្នុងការអភិវឌ្ឍបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់ និងរក្សាតំណែងជាអ្នកដឹកនាំក្នុងពិភព AI បន្តទៀត៕