បុរី មេគង្គ លែន ចូលរួមឧបត្ថម្ភធំ សម្រាប់មហាសន្និបាតបូកសរុបលទ្ធផលការងារ សភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
29-01-2026 19:40
(ភ្នំពេញ)៖ បុរី មេគង្គ លែន បានចូលរួមឧបត្ថម្ភថវិកាចំនួន ១៥,០០០ដុល្លារសម្រាប់គាំទ្រដល់ពិធី «មហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦»។
ពិធីអបអរមហាសន្និបាតនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួល ក្រុមការងារផ្នែកឯកជនសម្រាប់យន្ដការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ កន្លងទៅនេះ ហើយមានការចូលរួមពីលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតី។
ក្នុងឱកាសនោះ អ្នកឧកញ៉ា ជាម ឃុនណាត អគ្គនាយក បុរី មេគង្គ លែនបានទទួល លិខិតថ្លែងអំណរគុណ ពី អ្នកឧកញ៉ា គិត ម៉េង ជាការទទួលស្គាល់ចំពោះការចូលរួមឧបត្ថម្ភ និងការគាំទ្រយ៉ាងសកម្មចំពោះសកម្មភាព និងបេសកកម្មរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍវិស័យឯកជន និងសេដ្ឋកិច្ចជាតិ។
ការចូលរួមឧបត្ថម្ភនេះ ជាការចូលរួមចំណែកជាមួយសភាពាណិជ្ជកម្មកម្ពុជា និងជាការបង្ហាញនូវឆន្ទៈដ៏មុតមាំរបស់ បុរី មេគង្គ លែន ក្នុងការដើរតួជាដៃគូសហការជាមួយរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។
បុរី មេគង្គ លែន បានចូលរួមអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់នៃមហាសន្និបាតនេះ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពឈ្លាសវៃរបស់ អ្នកឧកញ៉ា គិត ម៉េង ដែលជានិច្ចកាលតែងតែជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនរុងរឿង។
សូមជម្រាបថា បុរី មេគង្គ លែន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានដែលពោរពេញដោយបទពិសោធន៍ និងជាក្រុមហ៊ុនដែលឈានមុខគេមួយ ក្នុងប្រទេសកម្ពុជាក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាស៊ីកបែបអឺរ៉ុប និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន ៣ គម្រោងដូចជា៖ ១. «ឌឹ មេគង្គ រ៉ូយ៉ាល់» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A, ២. «ហ្គោលឌិន អាវិននូ» ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ ២០១១ និង ៣. «មេគង្គ ស៊ីធី» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A។
គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងពីក្រុមវិស្វករជំនាញរបស់បុរីដោយផ្ដោតលើគុណភាព និងប្រណិតភាពជាចំបង។ ការផ្ចិតផ្ចង់នៃស្ថាបត្យកម្ម សំណង់ និងទឹកដៃល្អ សម្រិតសម្រាំងបាននូវគេហដ្ឋានប្រណិតទាន់សម័យ ផ្ដល់នូវផាសុកភាព សុវត្ថិភាព ភាពស៊ីវិល័យ និងការរស់នៅទាន់សម័យ ជូនដល់គ្រប់អតិថិជន៕
















