កីឡាផិក្កូលប៊ល ប្រកាសបង្កើតសហព័ន្ធផ្លូវការ ក្រោយនាំចូលកម្ពុជា ១ឆ្នាំ មានអ្នកលេងជាង ៣ពាន់នាក់

30-01-2026 08:45

(ភ្នំពេញ)៖ កីឡាផិក្កូលប៊ល (Pickleball) ត្រូវបានប្រកាសបង្កើតជាសហព័ន្ធជាតិផ្លូវការនៅកម្ពុជា ក្រោយកីឡាមានដើមកំណើតពីសហរដ្ឋអាមេរិកនេះ ត្រូវបាននាំចូលមកកាន់កម្ពុជារយៈពេល ១ឆ្នាំ ហើយបានទាក់ទាញប្រជាពលរដ្ឋ និងយុវជនបានប្រមាណជាង ៣ពាន់នាក់ កំពុងលេងកីឡាដ៏ពេញនិយមមួយនេះ។

ពិធីប្រកាសដំណើរការសហព័ន្ធកីឡាផិក្កូលប៊លកម្ពុជា ធ្វើឡើងនាល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ក្រោមវត្តមានលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ព្រមទាំងសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ អាណត្តិទី១ ឆ្នាំ២០២៦-២០៣០ ចំនួន ២៣រូប ដោយមានលោក លឹម ហ៊ួរនីតា ជាប្រធានសហព័ន្ធ។

ផិក្កូលប៊ល ជាប្រភេទកីឡាកូនកាត់ទៅនឹងប្រភេទកីឡា ៣ រួមបញ្ចូលគ្នា ដូចជាកីឡាវាយកូនបាល់, វាយសី និងវាយកូនឃ្លីលើតុ។ កីឡានេះមានភាពសាមញ្ញ និងងាយស្រួលលេង ដែលមនុស្សគ្រប់វ័យអាចលេងបាន ដែលត្រូវបានចាត់ទុកជាកីឡាសម្រាប់គ្រួសារ មិត្តភាព និងដើម្បីកម្សាន្ដ ក៏ដូចជាការលត់ដំសុខភាព។ មិនតែប៉ុណ្ណោះ ក៏ជាការរួមចំណែកក្នុងវិស័យទេសចរណ៍ និងការវិនិយោគទៀតផង។

ឆ្លៀតឱកាសនោះ លោក វ៉ាត់ ចំរើន បានសម្ដែងការអបអរសាទរ ចំពោះវត្តមានកីឡាកូនពៅថ្មីមួយទៀតលើទឹកដីកម្ពុជា ក្រោមម្លប់នៃសន្ដិភាព ដើម្បីបង្កឱកាសកាន់តែសម្បូរបែបសម្រាប់ប្រជាពលរដ្ឋក្នុងការលេងកីឡា។ យ៉ាងណាក្ដី ក្នុងនាមសហព័ន្ធថ្មី លោកបានចែករំលែកនូវបេសកកម្មសំខាន់ៗពីរ ដែលសហព័ន្ធត្រូវប្រកាន់ភ្ជាប់ ទី១-ការជំរុញកីឡាផិក្កូលប៊ល ឲ្យក្លាយជាកីឡាមានប្រជាប្រិយភាពក្នុងសង្គម និង ទី២-ការពង្រឹង និងអភិវឌ្ឍន៍ជំនាញបច្ចេកទេសកីឡាផិក្កូលប៊លកម្ពុជាឲ្យឈានទៅរកសក្ដានុពលនៃគុណផលកីឡា ទាំងក្នុង និងក្រៅប្រទេស។

ទន្ទឹមជាមួយការណែនាំរបស់មន្ដ្រីកីឡាជាន់ខ្ពស់ខាងលើ លោក លឹម ហ៊ួរនីតា បានបង្ហាញការប្ដេជ្ញាចិត្ត ក៏ដូចជាការត្រៀមខ្លួនរួចជាស្រេច ដើម្បីដឹកនាំ និងជំរុញការអភិវឌ្ឍកីឡាផិក្កូលប៊លកម្ពុជា ឆ្ពោះទៅរកការប្រកួតប្រជែងលើឆាកអន្ដរជាតិ ដ្បិតបច្ចុប្បន្នសហព័ន្ធមានធនធានកីឡាករ-កីឡាការិនីកំពុងហ្វឹកហាត់កីឡានេះជាង ៣ពាន់នាក់ និងមានខេត្តចំនួន ៦ ដែលមានក្លិបកីឡាផិក្កូលប៊ល រួមជាមួយបណ្ដាក្លិបជាច្រើន នៅរាជធានីភ្នំពេញ ក្រោយមានវត្តមានកីឡានេះនៅកម្ពុជា ១ឆ្នាំកន្លងមក ហើយសហព័ន្ធនឹងបន្ដរៀបចំរចនាសម្ព័ន្ធ និងពង្រីកក្លិបឲ្យកាន់តែច្រើនបន្ថែមទៀត។

ប្រធានសហព័ន្ធដដែលបន្ដថា «ពាក់ព័ន្ធនឹងផែនការចូលរួមការប្រកួតជាតិ និងអន្ដរជាតិនានា ពួកយើងបានរៀបចំពីមុនមកហើយ តាមរយៈការប្រកួតជុំគ្នាម្ដងៗ យើងបានសង្កេតកីឡាករ អ្នកណាចូលចិត្តលេងបែបសុខភាព អ្នកណាចូលចិត្តប្រកួតប្រជែងកម្រិតខ្ពស់ ដែលយើងឃើញមានច្រើន។ អ៊ីចឹងគោលដៅរបស់យើង សម្រាប់ឆ្នាំនេះ និងឆ្នាំបន្ដបន្ទាប់ យើងនឹងព្យាយាមបណ្ដុះបណ្ដាលគាត់បន្ថែម ហើយនឹងរៀបចំការប្រកួតឲ្យបានច្រើន ដើម្បីផ្ដល់ឱកាសឲ្យពួកគាត់បង្ហាញសមត្ថភាព មុនការជ្រើសរើសពួកគាត់ក្លាយជាអត្តពលិកជម្រើសជាតិ ដែលសហព័ន្ធនឹងឧបត្ថម្ភគាំទ្រពួកគាត់ បានហ្វឹកហាត់កម្រិតអាជីពព និងចូលរួមការប្រកួតធំៗលើឆាកអន្ដរជាតិ»

គួរដឹងថា សម្រាប់សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាផិក្កូលប៊លកម្ពុជា អាណត្តិទី១ នេះ មាន ២៣រូប ដែលដឹកនាំដោយលោក លឹម ហ៊ួរនីតា ជាប្រធាន និងលោក ប៊ុន សុខ ជាអនុប្រធានទី១ ព្រមទាំងអនុប្រធាន, អគ្គលេខាធិការ និងអគ្គលេខាធិការរង, អគ្គហេរញ្ញិក និងអគ្គហេរញ្ញិករង ព្រមទាំងសមាជិកសរុប ២១រូបផ្សេងទៀត។ លើសពីនេះ សហព័ន្ធក៏មានលោកឧបនាយករដ្ឋមន្ដ្រី សុខ ចិន្ដាសោភា ជាប្រធានកិត្តិយសផងដែរ៕